ដំណឹងល្អ! ថ្លៃសាំងស្រុកខ្មែរចុះថ្លៃហើយ នាថ្ងៃនេះ
ប្រេងឥន្ធនៈចំនួន ៥ ក្រុមហ៊ុននៅថ្ងៃនេះបានបញ្ចុះតម្លៃលក់រាយព្រមៗ គ្នាលើកលែងតែក្រុមហ៊ុន Total និង ក្រុមហ៊ុន Caltex ដែលកំពុងស្ថិតនៅក្នុងការពិចារណា។ នេះបើតាមទំព័រសង្គមលោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ។
ការបញ្ចុះតម្លៃប្រេងសាំងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួងមួយពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈកាលពីម្សិលមិញនេះ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នសំខាន់ៗ ក្នុងនោះ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងផែនការ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ទីស្តីការគណៈរដ្ឋមន្រ្តី, ធនាគារជាតិនៃកម្ពុជា, និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗចំនួន ០៧ ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនសូគីម៉ិច, កម្ពុជាតេលា, PTT Cambodia. Ltd, Caltex, Bright Victory Mekong, Total និង ក្រុមហ៊ុន Savimex ។
ជាលទ្ធផល នៃកិច្ចប្រជុំ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈចំនួន ០៥ ក្នុងចំណោមក្រុមហ៊ុនទាំងប្រាំពីរ បានស្ម័គ្រចិត្ត បញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយរបស់ខ្លួន នឹងចាប់អនុវត្តពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះទៅ ក្នុងនោះ៖ ក្រុមហ៊ុនសូគីម៉ិច, កម្ពុជាតេលា និង PTT Cambodia. Ltd ទម្លាក់តម្លៃប្រេងសាំងធម្មតាចុះពី ៤.៩០០ រៀល/លីត្រ ទៅ ៤.៧៥០ រៀល/លីត្រ និងតម្លៃប្រេងម៉ាស៊ូតចុះពី ៤.៦០០ រៀល/លីត្រ ទៅ ៤.៥០០ រៀល/លីត្រ។
ក្រុមហ៊ុន Savimex ទម្លាក់តម្លៃប្រេងសាំងធម្មតា ដល់ ៤,៤៥០ រៀល/លីត្រ និង ៤,៣៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ក្រុមហ៊ុន Bright Victory Mekong នឹងកំណត់ថ្លៃលក់ដុំរបស់ខ្លួន ចន្លោះពី ៣.២០០ -៣.៦០០ រៀល/លីត្រ ចំពោះប្រេងម៉ាស៊ូត និង៣.៧០០-៣.៩០០ រៀល/លីត្រ ចំពោះប្រេងសាំង។ ចំណែកក្រុមហ៊ុន Total និងក្រុមហ៊ុន Caltex នឹងពិចារណាបញ្ចុះតម្លៃលក់រាយប្រេង ឥន្ទនៈរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងនេះ។
តំណាងក្រុមហ៊ុនសូគីម៉ិច និងក្រុមហ៊ុនកម្ពុជាតេលា បានប្រាប់ Sabay មុននេះថា តម្លៃប្រេងសាំង និងប្រេងម៉ាសូតពិតជាបានបញ្ចុះមែន កាលពីព្រឹកនេះ៕
អត្ថបទ៖មៃ សុខលីម
