អង្គ​ជំនុំជម្រះ​សម្រេច​រក​មេធាវី​ថ្មី​ដើម្បី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន

11/25/2014 0 Comments A+ a-


image (1)
ភាព​ចម្រូង​ចម្រាស​រវាង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម និង​ភាគី​ជន​ជាប់​ចោទ ខៀវ សំផន ដែល​មិន​ឱ្យ​មេធាវី​លោក​ចូលរួម​សវនាការ​នោះ បាន​បង្ខំ​ឱ្យ​សាលាក្ដី​នេះ​លុប​ចោល​គម្រោង​សវនាការ​សម្រាប់​ឆ្នាំ ២០១៤ ទាំង​ស្រុង។
ការ​សម្រេច​លុប​ចោល​គម្រោង​សវនាការ​សម្រាប់ចុង​ឆ្នាំ ២០១៤ ទាំង​ស្រុង ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ក្នុង​សវនាការ​ដែល​ចាប់​ផ្ដើម​បើក​បាន​ជិត ១០ នាទី ហើយ​បិទ​ទៅ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ វិច្ឆិកា៖ «នៅ​ពេល​នេះ កាល​បរិច្ឆេទ​សវនាការ ដែល អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​ធ្វើ​សម្រាប់​ឆ្នាំ ២០១៤ ត្រូវ​លុបចោល​ទាំង​ស្រុង។ កិច្ច​ដំណើរ​ការ​នីតិវិធី​នឹង​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០១៥»
បញ្ហា​ធំ​ដែល​នាំ​ឱ្យ​ពន្យារ​ពេល​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ២ រហូត​នាំ​ឱ្យ​លុបចោល​សវនាការ​នៅ​ចុង​ឆ្នាំ ២០១៤ នេះ គឺ​ព្រោះ​តែ​មិន​មាន​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន នៅ​ក្នុង​សវនាការ។
មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែង​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ថា ភាគី​លោក​ឆ្លើយតប​ទៅ​អង្គ​ជំនុំជម្រះ​អំពី​ការ​បន្ត​មិន​ចូលរួម​សវនាការ​នេះ ហើយ​នឹង​បញ្ហា​វិជ្ជាជីវៈ​មេធាវី ដែល​​មិន​អាច​ទទួល​យក​ការ​ចាត់តាំង​របស់​តុលាការ​បាន៖ «ពី​ព្រោះ​ថា យើង​ជា​មេធាវី​កំពុង​តែ​ការពារ​លោក ខៀវ សំផន ដែល​លោក ខៀវ សំផន បាន​សហការ ធ្វើ​ការ​ណែនាំ​ផ្សេងៗ ទាំង​ការ​ប្រាប់​ពី​អង្គហេតុ ឬ​ក៏​ឯកសារ​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង ឥឡូវ​ហ្នឹង​ទៅ​ធ្វើ​ជា​មេធាវី​ដែល​ជា​មិត្ត​តុលាការ ហើយ​ដែល​គ្មាន​ការ​សហការ​ពី​លោក ខៀវ សំផន វិញ​នោះ តើ​អា​ហ្នឹង​វា​មាន​ផល​ប្រយោជន៍​សម្រាប់​វិជ្ជាជីវៈ​ប៉ុណ្ណានេះ​ដោយ​យើង​មើល​ឃើញ​ថា​មាន​បញ្ហា​ប៉ះពាល់​ដល់​ក្រម​សីលធម៌​ផង ពី​ព្រោះ​ថា​យើង​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​មួយ ក្នុង​នាម​ជា​មេធាវី​ដែល​មាន​ឋានៈ​ទាប​ជាង​បច្ចុប្បន្ន​ទេ ពី​ព្រោះ​ឥឡូវ​យើង​មាន​ការ​សហការ មាន​ការ​ទទួល​ស្គាល់​ពី​លោក ខៀវ សំផន ហើយ​បែរ​ជា​យើង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កូន​ក្ដី ហើយ​ទៅ​ចូល​រួម​សវនាការ​តាម​ការ​ណែនាំ​របស់​អង្គ​ជំនុំជម្រះ បែរ​ជា​មិន​ការពារ​ផល​ប្រយោជន៍​របស់​កូន​ក្ដី។ ដូច្នេះ​យើង​មិន​អាច​ធ្វើ​បាន​ទេ ចំពោះ​ការ​ចាត់តាំង​របស់​អង្គ​ជំនុំជម្រះ​នេះ»
បញ្ហា​ផ្អាក​សវនាការ​បែប​នេះ អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី ១៧ ខែ​តុលា​មក ដោយ​មិន​មាន​ដំណោះស្រាយ ទោះ​បី​ជា​អង្គ​ជំនុំជម្រះ​ព្រមាន​ចាត់​វិធានការ​ចាត់តាំង​មេធាវី​ជន​ជាប់​ចោទ ខៀវ សំផន ជា​ថ្មី​ឱ្យ​ទៅ​ជា​របស់​អង្គ​ជំនុំជម្រះ និង​វិធាន​រក​មេធាវី​ផ្សេង​ក៏​ដោយ។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន បង្ហាញ​ការ​លំបាក​របស់​ខ្លួន​ថា រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំជម្រះ​មិន​ទាន់​អាច​រក​មេធាវី​ណា​ជំនួស​បាន​ទេ ហើយ​ក៏​គ្មាន​ជម្រើស​សម​ស្រប​ណា​ផ្សេង​ក្រៅ​ពី​ការ​ផ្អាក​សវនាការ​ដែរ៖ «អង្គ​ជំនុំជម្រះ​ទទួល​ស្គាល់​ផង​ដែរ​ថា រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំនួស​មេធាវី​ការពារ​ក្ដី ខៀវ សំផន នៅ​ពេល​នេះ នឹង​បណ្ដាល​ឱ្យ​មាន​ការ​ពន្យារ​ពេល​សវនាការ​យ៉ាង​ច្រើន។ ហេតុផល​គឺ​ថា នៅ​ពេល​នេះ ពុំ​មាន​មេធាវី​មួយ​ណា ដែល​អាច​រក​បាន​ស្គាល់​ច្បាស់​នូវ​សំណុំរឿង​ដ៏​ធំធេង​នេះ​ទេ ហើយ​ក៏​មិន​អាច​ចូល​មក​ជំនួស​ក្នុង​រយៈ​ពេល​ជូន​ដំណឹង​ដ៏​ខ្លី​បែប​នេះ​បាន​ដែរ»
ទោះ​ជា​ដូច្នេះ​ក្ដី លោក​ចៅក្រម និល ណុន ប្រកាស​ថា អង្គ​ជំនុំជម្រះ​នឹង​នៅ​តែ​បន្ត​ស្វែង​រក​ជម្រើស​ផ្សេងៗ ទៀត ដែល​​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា ដូច​ជា​ការ​ចាត់​មេធាវី​ថ្មី​បន្ថែម។ លើស​ពី​នេះ​ទៀត អង្គ​ជំនុំជម្រះ​នឹង​ពិចារណា​បញ្ជូន​មេធាវី ដែល​លោក​ថា ជា​កំហុស​វិជ្ជាជីវៈ​មេធាវី​ការពារ​ក្ដី​នេះ ទៅ​អង្គភាព​មាន​សមត្ថកិច្ច អនុលោម​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្ដី៕
ប្រភពពី វិទ្យុអាស៊ីសេរី