កម្មករ​រោងចក្រ​ជី​ម​លី​ប្រមាណ​២​ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជាង​៤​ម៉ោង

11/25/2014 0 Comments A+ a-


0b01585f-5226-443b-8b5c-d5d645bae63a
កម្មករ​រោងចក្រ ជីម លី ( Ghim Li) ប្រមាណ​២​ពាន់​នាក់ ក្នុងចំណោម​កម្មករ​ចំនួន ២​ពាន់ ៧​រយ​នាក់ សម្រេចចិត្ត​បិទ​ផ្លូវ​ជាតិ​លេខ ៤ ដែល​ជា​កំណាត់​ផ្លូវ​សម្រាប់​ឆ្លងកាត់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ជា​ថ្នូរ​បង្ខំ​ឲ្យ​ភាគី​រោងចក្រ ចេញមុខ​ដោះស្រាយ។
ការ​បិទ​ផ្លូវ​នេះ បាន​រំសាយ​ទៅវិញ នៅ​ចន្លោះ​ម៉ោង ១២ ថ្ងៃត្រង់ ក្រោយពី​បិទ​អស់​ពេល​ប្រហែល ៤​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា។
ឡាន តូច ធំ រ៉ឺម៉ក ម៉ូតូ រួម​និង​អ្នក​ធ្វើដំណើរ​ថ្មើរជើង​ផង បាន​កកស្ទះ​កកកុញ នៅ​លើ​ផ្លូវ ចម្ងាយ​ដី​ជាច្រើន​គីឡូម៉ែត្រ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ស្ថិត​នៅ​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាទី​ដែល​កម្មករ​បិទ​ផ្លូវ។ កម្មករ​ប្រឆាំង​ការ​មិន​ចេញ​មក​ដោះស្រាយ ជុំវិញ​ការ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ និង​ស្នើសុំ​ឲ្យ​ភាគី​រោងចក្រ ទទួលយក​ប្រធាន​ជាង​ម៉ាស៊ីន​ផ្នែក​ដេរ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។
លោក វ៉ា ប៊ុនធឿន ដែល​អះអាង​ថា ជា​តំណាង​កម្មករ​ប្រចាំ​រោងចក្រ ជីម លី (Ghim Li ) ថ្លែង​ថា មូល​ហេតុ​ដែល​កម្មករ​ប្រមាណ ២​ពាន់​នាក់ សម្រេចចិត្ត​បិទ​ផ្លូវ​ជាតិ​លេខ ៤ នេះ ដោយសារ​ពុំ​មាន​ជម្រើស។ម្យ៉ាងវិញទៀត ភាគី​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​តែង​ព្រងើយកន្តើយ ជុំវិញ​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ម្ដង​ជា​ពីរ​ដង។ ហេតុនេះ ក្រុម​កម្មករ​បង្ខំចិត្ត​ជ្រើសរើស យក​មធ្យោបាយ​បិទ​ផ្លូវ​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ។ សំឡេង
ផ្លូវជាតិ​លេខ ៤ បាន​បិទ​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ទើរ​ពេញ​មួយ​ព្រឹក ចាប់ពី​ម៉ោង​ប្រហែល ៩​ព្រឹក រហូតដល់ ម៉ោង ១២ ថ្ងៃត្រង់ បាន​បើក​ឲ្យ​ដំណើរការ​វិញ។ មូលហេតុ​នេះ​នៃ​ការ​បើក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នេះ ក្រុម​កម្មករ និយាយ​ថា ដោយសារ​មាន​កិច្ច​អន្តរាគមន៍ ពី​ក្រសួង​ការងារ និង​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ថា​នឹង​មាន​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ វិច្ឆិកា ដើម្បី​ដោះ​បញ្ហា​បញ្ចប់​វិវាទ។
រឿង​បិទ​ផ្លូវ​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ថ្មី​មួយ​ទៀតហើយ សម្រាប់​កម្ពុជា ក្នុងចំណោម​បញ្ហា​នានា ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ។ មាន​មនុស្ស​មួយ​ចំនួន ដែល​ជា​ក្រុម​អ្នក​តវ៉ា​ក្នុង​រឿង​ដីធ្លី ត្រូវ​ជាប់ពន្ធនាគារ​ព្រោះតែ​រឿង​បិទ​ផ្លូវ​នេះ។ ចង់​មិន​ចង់ អ្នក​ដែល​បិទ​ផ្លូវ​ក្រោយៗ​ទៀត អាច​នឹង​មាន​វាសនា​ដូច ស្ត្រី​ការពារ​ដីធ្លី​ដែរ។ ការសម្រេច​បែបនេះ របស់​តុលាការ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា គឺជា​វប្បធម៌​អាក្រក់។
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ យល់​ឃើញ​ថា នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​ក្រុម​អ្នក​តវ៉ា។ លោក​បន្ត​ថា ភាគី​ពាក់ព័ន្ធ​ហាក់​ដើរ​គេច​ពី​បញ្ហា ហើយ​ទុក​ឲ្យ​ក្រុម​អ្នក​តវ៉ា​បន្ត​ទាមទារ ទាំង​ប្រថុយប្រថាន។ ម្យ៉ាងទៀត ការ​ស្នើ​សុំ​របស់​កម្មករ​នេះ ក៏​មិន​ហួសហេតុ​នោះ​ដែរ ប៉ុន្តែ​ទាំង​ភាគី​រោងចក្រ និង អ្នក​ពាក់ព័ន្ធ ហាក់មិន​ទទួលខុសត្រូវ ក្នុង​ការ​បញ្ចប់​បញ្ហា​នេះ​សោះ។សំឡេង
នៅ​ពេល​កម្មករ ធ្វើ​កូដកម្ម ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍​មកនេះ ដោយ​ភាគី​រោងចក្រ ជីម លី មិន​អាច​ដឹក​ទំនិញ​ចេញពី​រោងចក្រ​បាន។ ហេតុនេះ ម្ចាស់​ក្រុមហ៊ុន​ដែល​ជា​ជនជាតិ​ចិន បាន​ជួល​កងកម្លាំង​ឆត្រយោង​ពិសេស ៩១១ ឲ្យ​កាង​ទំនិញ​ក្នុង​ឃ្លាំង ដើម្បី​ដឹក​ចេញ។ បន្ថែម​ពីលើ​នេះ កម្មករ​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​បាន​ប្រធាន​រដ្ឋបាល​រោងចក្រ គំរាម​ប្រមាថ​អាយុជីវិត ដោយ​បញ្ជា​ឲ្យ​ឡាន​បើក​កិន​សម្លាប់​កម្មករ ដែល​ប្រឆាំង​ការ​មិន​ឲ្យ​ទំនិញ​ចេញ​ថែមទៀត។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​រដ្ឋបាល​រោងចក្រ ជីម លី លោក សោម ពិសិដ្ឋ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ជាច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។ ពាក់ព័ន្ធ​រឿង​នេះ ការចរចា​ត្រីភាគី កាលពី​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា បាន​បរាជ័យ​ម្ដង​រួច​មក​ហើយ។ មូលហេតុ​នៃ​ការ​បន្ត​ខ្វែងគំនិត​គ្នា រហូត​មិន​អាច​រក​ចំណុចរួម​បាន​នោះ គឺ​ក្រៅពី​ប្រាក់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ហើយ ជាពិសេស​នោះ ខាង​ក្រុមហ៊ុន បដិសេធ​មិន​អាច​ទទួល​យក​ឈ្មោះ សេស ពិសី ជា​ប្រធាន​ផ្នែក​ជាង​ម៉ាស៊ីន ឲ្យ​ចូល​ធ្វើ​ការ​ឡើងវិញ​ទេ។
បើ​ទោះជា​បែប​ណា ក្រុម​កម្មករ​នៅតែ​ព្រមាន​ថា បើ​បញ្ហា​ដែល​បាន​អូស​បន្លាយ​មួយ​សប្ដាហ៍​មកនេះ នៅតែ​ត្រូវ​បាន​ពន្យារពេល កម្មករ​នឹង​បិទ​ផ្លូវ​នេះ​សាជាថ្មី​ម្ដងទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី