ជនសង្ស័យ ៥ នាក់ ប្រើដាវសុំាម៉ូរ៉ៃ ធ្វើសកម្មភាព ភ្ជង់ប្លន់ យកម៉ូតូម៉ាក អាយខុន ពីបុរសម្នាក់ បានសម្រេចដោយ សុវត្ថិភាព

11/26/2014 0 Comments A+ a-

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ប្រដាប់ដោយដាវសុំាម៉ូរ៉ៃ ជាច្រើនដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូម៉ាក អាយខុន ស៊េរីឆ្នាំ ២០១០ ពីបុរសម្នាក់បានសម្រេច ដោយសុវត្ថិភាព នៅចំណុចទល់មុខរោងចក្រ បារីសេក ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ជនរងគ្រោះ ក្នុងអំពើប្លន់ខាងលើនេះ មានឈ្មោះ គឹម វិបុល អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរជាមន្ត្រីរាជការ ។
យោងតាម ការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍នេះកើតឡើង គឺដំបូងឡើយ បុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1Q-0023 ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះជិះមកជិតដល់កន្លែងកើតហេតុ ម៉ូតូរបស់ខ្លួនក៏អស់សាំង ទើបបណ្តើររហូតមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ៥នាក់ ប្រដាប់ដោយដាវសុំាម៉ូរ៉ៃជាច្រើនដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ គំរាមឲ្យយុវជនរងគ្រោះ ចុះពីលើម៉ូតូ ហើយជនរងគ្រោះក៏បានចុះពីលើម៉ូតូ តាមសម្រួល ប៉ុន្តែដោយសារតែម៉ូតូអស់សាំង ជនសង្ស័យទាំង ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ បានជិះម៉ូតូយកទៅចាក់សាំង ដោយទុកបក្ខពួក ២នាក់ទៀត ឲ្យនៅគំរាមជនរងគ្រោះ កុំឲ្យស្រែកឆោឡោ ថែមទាំងយកដាវកាប់ជនរងគ្រោះចំនួន ១ដាវ បណ្តាលឲ្យរងរបួសផងដែរ។ ក្រោយបក្ខពួកចាក់សាំងម៉ូតូរួចរាល់ហើយនោះ បានជិះមកត្រឡប់យកបក្ខពួក ២នាក់ ដែលនៅគំរាមជនរងគ្រោះ ហើយដឹកគ្នា ចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅធ្វើការ ដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ចាក់អង្រែលើ រួចទំនាក់ទំនងទៅសាច់ញាតិឲ្យមកទទួលយកទៅគេហដ្ឋានវិញ ៕

_____________
ផ្តល់សិទ្ទិដោយ៖dap-news