ហ្វេ​ស​ប៊ុ​កផ្សព្វ​ផ្សាយ​​ពី​​រូប​ភាព​​ឃាត​ក​​បាញ់​សម្លាប់​​ឧកញ៉ា នៅ​មុខ​​ហាង​​ផ្លែឈើ

11/24/2014 0 Comments A+ a-

ភ្នំពេញ: ចាប់តាំងពី​ថ្ងៃកើតហេតុ កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ត​រហូតដល់​រសៀល​ថ្ងៃ​ចន្ទ ទី​២៤​វិច្ឆិកា​នេះ បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​នូវ​រូបថត និង​វិ​ដេ​អូ ចេញពី​កាំ​ម៉ា​រ៉ា​សុវត្ថិភាព ព្រមទាំង​វិ​ដេ​អូ ថត​តាម​ទូរស័ព្ទ នៅ​កន្លែងកើតហេតុ ជុំវិញ​ឃាតកម្ម បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ម៉ោងជាង ៧ យប់ ថ្ងៃ​សៅរ៍ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅខាងមុខ​ហាង​លក់​ផ្លែឈើ​ស្រស់ ជិត​អាងទឹក​ស្តា​ត​អូឡាំពិក​។ បុរស​ឃាតក ត្រូវបាន​គេ​គូសបញ្ជាក់​យ៉ាងច្បាស់ ពោលគឺ​បន្ទាប់ពី​បាញ់​សម្លាញ់​ឧកញ៉ា​នោះ​ហើយ ឃាតក បានមក​ពិនិត្យមើល​សាកសព ថែមទៀត​។
​ខ្សែ​វិ​ដេ​អូ​ខ្លី ដែល​គេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់ថា ឃាតក បាញ់សម្លាប់​ឧកញ៉ា និង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល មាន​សៀត​អាយកូម មាន​ភិនភាគ និង​សម្លៀកបំពាក់​ដូចគ្នា​។ ខុស​ត្រង់​ថា ពេល​បាញ់សម្លាប់​ឧកញ៉ា បុរស​នោះ មូល​ដៃ​អាវ ពាក់មួក​ប៉ា​រ៉េ និង​ពាក់​ម៉ាស់​។ តែ​ពេល​មក​ពិនិត្យមើល​សាកសព បុរស​នោះ មិន​ពាក់មួក មិន​ពាក់​ម៉ាស់ និង​បាន​ទម្លាក់​ដៃ​អាវ​ចុះ ពេល​គេ​ថត​បាន ហើយ​មាន​សភា​ពរាង​តក់ស្លុត​។​
​មិនទាន់មាន​ការបកស្រាយ​បែបណា​ពី​លោក ជួន ណារិន ស្នងការរង នគរបាល​រាជធានី​ភ្នំពេញ នៅឡើយ​ទេ ជុំវិញ​ខ្លិប​វិ​ដេ​អូ ខាងលើ​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ រហូតដល់​រសៀល ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ជួន សុវណ្ណ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា សមត្ថកិច្ច នគរបាល​ជំនាញ កំពុង​ព​ន្លឿ​ន​នីតិវិធី ស៊ើបអង្កេត លើ​ករណី​ឃាតកម្ម បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា នៅ​ព្រឹក​មិញ​នេះ ក៏មាន​កិច្ចប្រជុំ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ព​ន្លឿ​ន​នីតិវិធី ស៊ើបអង្កេត​លើ​ករណីនេះ ឲ្យ​បាន​ឆាប់​។
​ប៉ុន្តែ​មហាជន ដាក់​ការសង្ស័យថា បើសិនជា​ខ្លិប​វិ​ដេ​អូ ដែល​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ជាការ​ពិតមែន គឺ​ប៉ូលិស នឹងមិន​ងាយ​រកឃើញ​ឃាតក​ទេ ត្បិត​អី ប៉ូលិស និង​ឃាតក ជា​មនុស្ស​តែមួយ​ដូច្នេះ​នោះ​។​
​សូមបញ្ជាក់ថា វត្ថុតាង​សំខាន់បំផុត ដែល​សមត្ថកិច្ច​ជំនាញ​កំពុងតែ​សិក្សា​នោះ គឺ​តាមរយៈ​វីដេអូ​ខ្លី ដែល​យក​ចេញពី​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​លក់​ផ្លែឈើ​ស្រស់ ឡោ​តិច​សេង នៅ​ជិត​អាងទឹក​ស្តា​ត ដែល​ថត​បាន​សកម្មភាព​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លើ​លោក​ឧកញ៉ា អ៊ឹង​ម៉េង​ជឺ កាលពី​ជាង​ម៉ោង ៧​យប់ ថ្ងៃ​សៅរ៍ ទី​២២ ខែវិច្ឆិកា ខណៈដែល​ជនរងគ្រោះ ដើរ​ចុះ​ពី​រថយន្ត ចូលទៅក្នុង​ហាង​លក់​ផ្លៃ​ឈើ​៕ ប្រភពៈ CEN