ក្រុមក្មេងទំនើងឈ្លោះគ្នា ជាមួយជនស្លៀកស៊ីវិល ផ្ទុះហិង្សា ដកកាំភ្លើង បាញ់មួយគ្រាប់ និងយកដាវសាំម៉ូរៃ ដេញកាប់គ្នា ផ្អើលពេញ ខណ្ឌដូនពេញ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលកក្រើក ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណៈដែលជនស្លៀកស៊ីវិលម្នាក់ ប្រដាប់ ដោយកាំភ្លើងខ្លីមួយដើម ឈ្លោះប្រកែកគ្នា ជាមួយក្រុមក្មេងទំនើងមួយក្រុម ដែលមានដាវសាំម៉ូរៃនៅជាប់ខ្លួន រហូត ធ្វើឲ្យភាគីទាំងសងខាង ផ្ទុះកំហឹងដកកាំភ្លើងបាញ់គំរាម និងយកដាវដេញកាប់គ្នា កាលពីវេលាម៉ោង ២១ និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរកំពង់ផែស្វយ័ត ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមសម្តី របស់បងស្រីម្នាក់ឈ្មោះ ស្រី លាក់ ភេទស្រី អាយុ ៣២ឆ្នាំ ជាអ្នកនៅកន្លែងកើតហេតុ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុ ក្រុមក្មេងទំនើងមួយក្រុម មានគ្នា ៣ទៅ៤នាក់ បានអង្គុយផឹកស៊ី នៅតូបលក់ឥវ៉ាន់ លុះពេលផឹកស៊ីស្រវឹង ពួកគេ២នាក់ បានទាញម៉ូតូជិះទៅបាត់ មួយសន្ទុះក្រោយមក ទើបត្រឡប់មកវិញ ស្រាប់តែមានជនស្លៀកស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូដេញពួកគេមកឈប់មុខតូបរបស់នាង ។
បងស្រី លាក់ បានបន្តថា ភ្លាមៗនោះ ក្រុមក្មេងទំនើង បានឈ្លោះប្រកែកខ្លាំងៗជាមួយជនស្លៀកស៊ីវិល រហូតឈាន ដល់ការទាញដាវសាំម៉ូរៃ មកគំរាមកាប់ជនស៊ីវិលថែមទៀត ។ ចំពោះទង្វើរបស់ក្រុមក្មេងទំនើងបែបនេះ ធ្វើឲ្យជនស្លៀកស៊ីវិល ដែលអួតខ្លួនថា ជាសមត្ថកិច្ចទ្រាំមិនបាន ដកកាំភ្លើងពីចង្កេះបាញ់មួយគ្រាប់ បង្កការភ្ញាក់ផ្អើលនឹងធ្វើឲ្យក្រុមក្មេងទំនើងទាំងនោះ រត់ជាន់ជើងគ្នាគេចខ្លួនបាត់ស្រមោលអស់ ។ ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន៤ទៅ៥នាក់ ចុះមកអន្តរាគមន៍ ដល់ទីតាំងកើតហេតុ តែរកឃើញតែដាវសាំម៉ូរៃមួយដើម និងដុំថ្ម២ដុំ រួមជាមួយសំបកកន្ទុះមួយគ្រាប់តែប៉ុណ្តោះ ដោយក្រោយកើតហេតុ ទាំងក្រុមក្មេងទំនើង និងជនស្លៀកស៊ីវិលបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ ។
ជុំវិញករណីបង្កហិង្សា រហូតមានការផ្ទុះអាវុធខាងលើ មិនបណ្តាលឲ្យភាគីណាម្នាក់ ត្រូវរងរបួសឡើយ ហើយសមត្ថ កិច្ចក៏មិនបានឃាត់ខ្លួននរណាម្នាក់ មកសួរនាំឡើយ ដោយសមត្ថកិច្ចគិតថា អ្នកបាញ់ក៏រត់បាត់ និងអ្នកយកដាវសាំម៉ូរៃក៏គេចខ្លួន ដូច្នេះមិនដឹងថា ឃាត់នរណាមកសួរនាំទេ ។
នៅត្រង់ចំណុចកើតហេតុ ប្រជាពលរដ្ឋបានអះអាងថា ជនស្លៀកស៊ីវិលខាងលើនេះ ស្រវឹងស្រា ហើយទំនងជិះម៉ូតូឌឺគ្នា ជាមួយនឹងក្រុមក្មេងទំនើង ហើយទើបជិះម៉ូតូតាមមកឈ្លោះគ្នា រហូតបង្កហិង្សាផ្ទុះអាវុធ ៕
___________
ផ្តល់សិទ្ទិដោយ៖dap-news