ឡានបុកម៉ូតូ ២គ្រឿង បន្តកន្ទុយគ្នា របួសធ្ងន់ ២នាក់ និងស្លាប់ ២នាក់គួរឲ្យសង្វេគ
ខេត្តបាត់ដំបង ៖ រថយន្តកាមរីមួយគ្រឿង បានបើកបុកម៉ូតូ ២គ្រឿង បន្តកន្ទុយគ្នា ពេលកំពុងបើកបរ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយម៉ូតូបើកខាងមុខគ្មានភ្លើង បណ្តាលអោយរបួសធ្ងន់ ២នាក់ និងស្លាប់ ២នាក់ នៅនឹងកន្លែងកើតហេតុ ហើយចំណែករថយន្តបង្ក បានបើកទៅមុខគេចខ្លួនបាត់ កាលពីម៉ោង ១៩យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹក បានអោយដឹងថា បុរសរងគ្រោះដែលស្លាប់ មានឈ្មោះ លេង សុនី អាយុ ២២ឆ្នាំ ជាអ្នកឌុប បើកសង់កូរ៉េក្រហម អត់ភ្លើង មានទីលំនៅភូមិអូរដា ឃុំបួរស្រុកភ្នំព្រឹក និងជនរងគ្រោះ ដែលស្លាប់ម្នាក់ទៀត មានឈ្មោះ រី អាយុជិត ៣០ឆ្នាំ ជាអ្នកឌុបបើកម៉ូតូអាសង់ មានទីលំនៅភូមិថ្មី ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អ្នករបួសធ្ងន់ឈ្មោះ គឹម រស្មី អាយុ ២៥ឆ្នាំ របួសមុខនិងជើងស្តាំ អ្នកជិះពីក្រោយឈ្មោះ លេង សុនី ជិះម៉ូតូសង់កូរ៉េក្រហម អត់ភ្លើង មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អ្នករបួសធ្ងន់ម្នាក់ទៀតឈ្មោះ ឈន វាសនា អាយុ ១៤ឆ្នាំ រងរបួសក្បាល ជិះពីក្រោយឈ្មោះ រី បើកម៉ូតូអាសង់ ពណ៌ខ្មៅ មានទីលំនៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តបង្ក ម៉ាកកាមរីពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បើកគេចខ្លួនបាត់។ មុនពេលកើតហេតុ ម៉ូតូ ២គ្រឿង បានបើកពីលិចទៅខាងកើត ហើយម៉ូតូអាសង់កូរ៉េ ពណ៌ក្រហម បើកមុខគេ គ្មានភ្លើងបំភ្លឺផ្លូវ។
ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត កាមរីពណ៌ខ្មៅ ១គ្រឿង មិនស្គាល់ស្លាកលេខ បើកពីកើតទៅលិច បានជ្រុលទៅបុក ម៉ូតូអាសង់កូរ៉េក្រហម អូសរុលមកមុខ ហើយបុកម៉ូតូ អាសង់ពណ៌ខ្មៅ ១គ្រឿងទៀត បណ្តាលអោយ មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ២នាក់តែម្តង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានជួយសម្រួល ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងវាស់វែង ប្រមូលមធ្យោបាយម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋានស្រុក រងចាំធ្វើការដោះស្រាយជាក្រោយ៕
ប្រភពពី វត្តភ្នំ