ឪពុកអស់សង្ឃឹម សម្រេចចិត្តដុតរុក្ខជាតិថ្នាំបូរាណបង្ហុយផ្សែង “ឆ្អើរ” កូនស្រី ព្រោះមិនអាចលៃលកប្រាក់សម្រាប់ថ្លៃប្តូរខួរឆ្អឹងឲ្យនាង
បើក្រឡេក១ភ្លែតនោះៗ យើងនឹងគិតស្មានដល់ការដុតសាកសពតាមបែបប្រពៃណីកុលសម្ព័ន្ធមួយអីចឹង ។ ប៉ុន្តែ នេះមិនមែនជារឿងបែបនោះទេ គឺវាជារឿងដ៏គួរឲ្យសោកសង្រេងមួយ គ្រាដែលឪពុកអស់សង្ឃឹមម្នាក់ នៅក្នុងប្រទេសចិន បានសម្រេចចិត្តព្យាបាលជំងឺកូនស្រីដោយខ្លួនឯង ជាចុងក្រោយ ជាមួយផ្សែងហុយចេញពីការដុតរុក្ខជាតិថ្នាំបូរាណស្រស់ៗ បន្ទាប់ពីពុំអាចលៃលកប្រាក់កាក់គ្រប់គ្រាន់ សម្រាប់វិក័យប័ត្រពេទ្យដ៏ធំធេងនោះបាន ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Wei Shufu ជាកសិករក្រីក្រម្នាក់ រស់នៅក្នុងភូមិដាច់ស្រយាល់មួយ នៃខេត្ត Yunnan ភាគនិរតីចិន បានអស់សង្ឃឹមជាខ្លាំង នៅពេលកូនស្រីអាយុ ៦ ឆ្នាំ របស់លោក ឈ្មោះ Wei Jinqiu ត្រូវបានវិនិច្ឆ័យជំងឺស្លេកស្លាំង (ខ្វះឈាមក្រហម) នៅក្នុងខែ តុលា ឆ្នាំមុន ។ បន្ទាប់ពីចំណាយប្រាក់ខំសន្សំទាំងអស់របស់គាត់ សម្រាប់ការព្យាបាលកូនស្រីលើកដំបូង នៅមន្ទីរពេទ្យក្នុងតំបន់មួយ ដោយពុំឃើញមានភាពល្អប្រសើរណាមួយនោះ, គាត់ក៏បាននាំកូនស្រីទៅកាន់មន្ទីរពេទ្យធំជាងនេះ១ទៀត នៅទីក្រុង Guangzhou ដើម្បីពិនិត្យបន្ថែម, ហើយវេជ្ជបណ្ឌិតនៅទីនោះ បានប្រាប់ថា ជំងឺកូនស្រីរបស់គាត់ត្រូវតែទទួលយកការប្តូរខួរឆ្អឹង ទើបបាន ។
ប៉ុន្តែ សម្រាប់ការព្យាបាលប្តូរខួរឆ្អឹងនេះ គឺអស់ថ្លៃ ៣០០,០០០ យ៉ន់ (ស្មើនឹង ៤៨,៩០០ ដុល្លារអាមេរិក) ឯណោះ, ដែលចំនួននេះ វាហាក់ដូចជាធំធេងពេកហើយ ចំពោះគ្រូសារក្រីក្រនៅតាមជនបទដូចជារូបគាត់ ដែលប្រាក់ចំណូលប្រចាំឆ្នាំ គឺមិនដល់ ៤,០០០ យ៉ន់ (ប្រហែលជាង ៦០០ ដុល្លារអាមេរិក) ផងនោះ ។
ដោយសារតែមិនអាចលៃលកប្រាក់គ្រប់គ្រាន់សម្រាប់ថ្លៃសេវាពេទ្យដ៏មហិមានេះបាន, ឪពុករូបនេះ ក៏បានសម្រេចចិត្តដោះស្រាយជំងឺកូនស្រី ដោយដៃរបស់គាត់ផ្ទាល់ គឺបន្ទាប់ទទួលបានណែនាំពីវិធីព្យាបាលរោគ ពីអ្នកជំងឺម្នាក់ដែលគាត់បានជួបនៅក្នុងមន្ទីរពេទ្យ ឲ្យបង្ហុយផ្សែង “ឆ្អើរ” កូនស្រី -តាមរយៈការដុតរុក្ខជាតិថ្នាំបូរាណចិន ៕