កម្មការិនីរោងចក្រ២នាក់ត្រូវអគ្គិភ័យឆាបឆេះបន្ទប់ជួលស្លាប់នៅសល់តែគ្រោងឆ្អឹង
ភ្នំពេញៈ នារីរោងចក្រកាត់ដេរចំនួន២នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុតនៅសល់តែគ្រោងឆ្អឹង នៅក្នុងភ្នក់ភ្លើង រីឯនារីរោងចក្រម្នាក់ទៀត និងបុរសម្នាក់ បានរងរបួសធ្ងន់ និងស្រាលផងដែរ ខណៈដែលគ្រោះអគ្គិភ័យដ៏ធំនោះ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ដែលសាងសង់ពីឈើលើ ថ្មក្រោមមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោកាលពីរំលងអ្រធាត្រ ថ្ងៃទី ៦ ខែវិចិ្ឆកា វេលាម៉ោងប្រមាណ ១២ និង ២០នាទីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។
លោក ដួង សុខា សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះឈ្មោះពេជ្រ ធារី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរជាកម្មការិនីបម្រើការនៅរោងចក្រ តាក់ សាំង មានស្រុកកំណើតនៅខេត្តកំពត និងម្នាក់ទៀតមានឈ្មោះស្រី ពៅ ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដូចគ្នា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ជនរងគ្រោះទាំងពីរនាក់នេះ គឺជាមិត្តភក្តិនឹងគ្នានិង បានស្នាក់នៅផ្ទះជួលខាងលើជាមួយគ្នា។
ចំណែកឯជនរងគ្រោះ២នាក់ទៀត នារីកម្មការិនីម្នាក់មិនស្គាល់ឈ្មោះ បានរងរបួសស្រាល(ត្រូវបានជួយសង្គ្រោះ)និងបុរសរងគ្រោះម្នាក់ទៀតឈ្មោះហង្ស បញ្ញា អាយុ ៣២ ឆ្នាំ ជាកូនប្រុសម្ចាស់ផ្ទះ ត្រូវរងរបួសមួយចំហៀងខ្លួន បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ម្ចាស់ផ្ទះខាងលើនេះ មានឈ្មោះ ហង្សសុខុម ភេទប្រុសអាយុ៦១ឆ្នាំ មានមុខរបរជាយោធា និងប្រពន្ធឈ្មោះ ឆេង សេរីបុត្រ អាយុ៥២ឆ្នាំ ជាមេផ្ទះ។
លោក ស្រី ឆេង សេរីបុត្រ ជាមេផ្ទះ និង ជាសាក្សីដែលបានឃើញហេតុការណ៍នេះ ដោយផ្ទាល់បាននិយាយថា នៅមុនពេលមានហេតុការណ៍ខាងលើ នារីរងគ្រោះទាំងពីរនាក់បាននាំគ្នាទៅដើរលេង ព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ និងបានត្រឡប់មកផ្ទះវិញនៅម៉ោង ប្រមាណជាង៩យប់ នៅថ្ងៃទី៦ ខែឆ្នាំដដែល ហើយក៏បាននំាគ្នាចូលដេកដោយពុំបានហេតុការណ៍កើតឡើងនោះឡើយ។
លោកស្រីបានបន្តថា៖ «នៅវេលាម៉ោងប្រមាណជាង១២ រំលងអ្រធាត្រយប់ថ្ងៃដដែលនោះ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់របស់ជនរងគ្រោះ ដោយមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីនោះឡើយ។ ឃើញដូច្នោះ ខ្ញុំ និង កូនប្រុសម្នាក់ទៀត បានស្ទុះចេញពីបន្ទប់ស្រែកឆោឡោឲ្យអ្នកជិតខាងជួយ ហើយបន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព «ង៧០» ចុះអន្តរាគមន៍បាញ់ទឹកផងដែរ។ ក៏ប៉ុន្តែ មិនអាចជួយសង្គ្រោះជនរងគ្រោះទាំង២នាក់នោះបានឡើយ»។
លោកស្រីបាននិយាយទាំងទឹកភ្នែកថា ដើម្បីជួយសង្គ្រោះជនរងគ្រោះនោះ កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះ បញ្ញា បានស្ទុះ ចូលទៅខាងក្នុងបន្ទប់របស់ជនរងគ្រោះ ដើម្បីជួយសង្គ្រោះទាំងអណ្តាតភ្លើងកំពុងតែឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ តែមិនអាចជួយពួកគេបានឡើយ ហើយ បញ្ញា ក៏ត្រូវភ្លើងឆេះ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរមួយចំហៀងខ្លួនផងដែរ ។
លោក ម៉ៅ សុផុន ចៅសង្កាត់ក្រាំងពង្រ បានមានប្រសាសន៍ថា៖ ចំពោះគ្រោះ អគ្គិភ័យខាងលើនេះ រហូតមកទល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់បានរកឃើញពីមូលហេតុពិតប្រាកដនៅឡើយ ។ ក៏ប៉ុន្តែ បើយោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ឧប្បត្តិហេតុនេះ អាចបណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស ព្រោះក្រោយកើតហេតុភ្លាមៗនោះ គេឃើញមានបំណែកកំប៉ុងហ្គាស ជាច្រើនបន្សល់ទុកនៅទីនោះ។
លោកបានបន្ថែមថា ដើម្បីជួយសម្រាលដល់ការខូចខាតរបស់ម្ចាស់ផ្ទះ និងជនរងគ្រោះ កាលពីព្រឹកថ្ងៃសុ្រកម្សិលមិញ កាកបាទក្រហមកម្ពុជា និង ក្រុមប្រឹក្សាខណ្ឌដង្កោ បាននាំយកអំណោយមនុស្សធម៌មួយចំនួនទៅចែកជូន ម្ចាស់ផ្ទះរងគ្រោះ ដែលឥឡូវនេះ ពួកគាត់ នៅសេសសល់តែខោអាវម្នាក់ៗមួយចង្កេះនោះ ព្រមទាំងបានផ្តល់ថវិកាចំនួន ៥០ ម៉ឺនរៀលសម្រាប់សាកសពម្នាក់ៗ ទៅក្រុមគ្រួសារសព ផងដែរ។
លោក ម៉ៅ សុផុន បានថ្លែងឲ្យដឹងបន្ថែមទៀតថា៖ «បច្ចុប្បន្ននេះ សាកសព (គ្រោងឆ្អឹង) របស់ជនរងគ្រោះទាំង២នាក់ខាងលើ អាជ្ញាធរបានប្រគល់ទៅឲ្យក្រុមគ្រួសារ និងបានដឹកយកទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ រួចរាល់អស់ហើយ»៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍