កាកបាទក្រហមច្រានចោលលុយ ៤០០០$ ពីជំទាវប្ដឹងអ្នករត់តាក់ស៊ី
កាកបាទក្រហមកម្ពុជាបានចេញសេចក្ដីជូនដំណឹងច្រានចោលការផ្ដល់ ប្រាក់៤ពាន់ដុល្លារ ដែលជំទាវម្នាក់ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានពីការប្ដឹងទាមទារសំណងពីអ្នករត់តាក់ស៊ី ភ្នំពេញ-រតនគិរី ម្នាក់ដែលខូចឡានពេលកំពុងបើកធ្វើឲ្យគាត់ភ័យ។
ករណីជំទាវ សម មុន្នីកា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្ដឹងអ្នកបើកតាក់ស៊ីឈ្មោះ គឹម ពិសិដ្ឋ ទារសំណង៤០០០ដុល្លារនោះ កើតឡើងជាងមួយខែមកហើយ។
កាសែតក្នុងស្រុករាយការណ៍ថា កាលនោះលោកជំទាវ និងមិត្តភ័ក្ដិ៣នាក់ រួមជាមួយអ្នកដំណើរផ្សេងទៀតសរុប១៥នាក់ បានជិះរថយន្តដឹកអ្នកដំណើរម៉ាក សាំងយ៉ុង របស់លោក គឹម ពិសិដ្ឋ ពីភ្នំពេញឆ្ពោះទៅខេត្ត រតនគីរី។
ចេញពីភ្នំពេញជាច្រើនម៉ោងគឺដល់ស្រុក កូនក្រមុំ ខេត្តរតនគិរី រថយន្តស្រាប់តែខូចរ៉ូទីល រ៉េធ្លាក់ពីផ្លូវ៤ទៅ៥ម៉ែត្រ ប៉ុន្តែមិនមានអ្នករងរបួសទេ គ្រាន់តែតក់ស្លុត។ ក្រោយពីខូចឡាន អ្នកដំណើរទាំងអស់បានបន្តជិះរថយន្តផ្សេងបន្តទៅមុខទៀត លើកលែងតែជំទាវរូបនោះ និងមិត្តភ័ក្ដិ៣នាក់។ ជំទាវបានប្ដឹងសមត្ថកិច្ចឲ្យឃាត់ឡានទុក ហើយទាមទារអ្នកបើកឲ្យសងសំណង ម្នាក់១០០០ដុល្លារ សរុបទៅ៤ពាន់ដុល្លារ ដោយមិនខ្វល់នឹងការអង្វរករ ភ្ជាប់ទាំងលិខិតសុំទោស។
ដំណឹងជំទាវប្ដឹងជំរិតអ្នកបើកតាក់ស៊ីនេះបានលេចធ្លាយលើបណ្ដាញសង្គម និងរង់ការរិះគន់មិនសំចៃ ។ បន្ទាប់ពីនោះក្រុមអ្នកលេងហ្វេសប៊ុកមួយក្រុម ក៏បានបង្កើតមូលនិធិស្វែងរកថវិកាដើម្បីជួយដល់អ្នកបើកតាក់ស៊ី រហូតគ្រប់ ៤០០០ដុល្លារ ដែលក្នុងនោះរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្ដម ខៀវ កាញារីទ្ធ ក៏ជាសប្បុរសជនម្នាក់ដែរ។
ថវិកាទើបតែប្រគល់ជូនជំទាវ សម មុន្នីកា កាលថ្ងៃទី១២វិច្ឆិកាម្សិលមិញ ដើម្បីឲ្យអ្នកបាក់ស៊ីទទួលយករថយន្តទៅបន្តអាជីពចិញ្ចឹមគ្រួសារវិញ។ ភ្លាមៗមិនយូរប៉ុន្មាន ជំទាវប្រកាសតាមប៉ុស្តិ៍ទូរទស្សន៍មួយថានឹងបង្វែរលុយសំណងបានពីអ្នករត់តាក់ស៊ីនេះទៅ កាកបាទក្រហមកម្ពុជា។ ប៉ុន្តែជាទីបញ្ចប់ឥឡូវនេះ កាកបាទក្រហមកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាបើកចំហថាមិនទទួលប្រាក់នេះទេ៕
អត្ថបទ៖ ប៉ែន សុផាន់ណា