ពលរដ្ឋនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនអេច្ឆ.អិល.អេច្ឆសងដីស្រែចម្ការ
សកម្មជនការពារដីធ្លីឃុំត្រពាំងជោរ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដាក់ញត្តិទៅក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH Agriculture Cambodia) សុំឲ្យក្រុមហ៊ុនផ្តល់ដីដែលបានព័ទ្ធយកលើសពីទំហំដីដែលរដ្ឋាភិបាលផ្តល់ឲ្យវិនិយោគ។ តំណាងពលរដ្ឋដាក់ញត្តិ ឲ្យដឹងថា ទំហំដីដែលក្រុមហ៊ុនព័ទ្ធយកលើសពីការអនុញ្ញាតឲ្យវិនិយោគ គឺជិត ៦.០០០ហិកតារ។
តំណាងសកម្មជនការពារដីធ្លីឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ព្រំ សុធី ថ្លែងថា ក្រោយពីប្រគល់ញត្តិទៅឲ្យក្រុមហ៊ុន សហគមន៍ទុកពេល ៣ថ្ងៃឲ្យក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ផ្តល់ចម្លើយសងដីមកពលរដ្ឋវិញ។ បើមិនដូច្នេះទេ ពួកគាត់នឹងលើកគ្នាទៅធ្វើបាតុកម្មនៅផ្ទះនាយករដ្ឋមន្ត្រី។
អ្នកភូមបឹងកក់ បុរីកីឡា និងអតីតអ្នកភូមិថ្មគោល ប្រមាណ ១០០នាក់តវ៉ានៅមុខក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) លើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំស្តុបផ្សារដីហុយ នៅព្រឹកថ្ងៃទី១៨ ខែសីហ ឆ្នាំ ២០១៤។
ការថ្លែងបែបនេះ បានធ្វើឡើងក្រោយពីអ្នករងគ្រោះដីធ្លីនៅសហគមន៍ឃុំត្រពាំងជោរ និងសហគមន៍ឃុំសង្កែសាទប ដាក់ញត្តិទាមទារដីពីក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ កាលពីថ្ងៃទី១០ វិច្ឆិកា ក្រោយពីមានការវាស់វែងដីផ្តល់ប្លង់កម្មសិទ្ធិ សហគមន៍បានរកឃើញថា ដីរបស់ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ មានទំហំដីដល់ទៅជាង ១ម៉ឺន ៥ពាន់ហិកតារ គឺលើសពីការស្នើសុំដីវិនិយោគ ដែលរដ្ឋាភិបាលផ្តល់ឲ្យតែជាង ៩ពាន់ហិកតារ។ លោក ព្រំ សុធី បន្តថា ពលរដ្ឋរងគ្រោះដីចេះតែធ្វើចំណាកស្រុក ដើម្បីរកចំណូលបំពេញការខ្វះខាតក្នុងគ្រួសារ ព្រោះគ្មានដីដាំដុះ៖ «ចូលយកញត្តិហ្នឹងទៅដាក់នៅក្រុមហ៊ុន ឲ្យក្រុមហ៊ុនកាត់ដីឲ្យប្រជាពលរដ្ឋវិញ ព្រោះរដ្ឋាភិបាលកុងត្រាឲ្យតែ ៩.៥០០ហិកតារទេ ហើយក្រុមហ៊ុនឈូសយកដល់ទៅ ១៥.០០០ហិកតារ។ អ៊ីចឹងវាឈូសឆាយមកប៉ះដីប្រជាពលរដ្ឋ យើងខ្ញុំនឹងរយៈពេល ៤ឆ្នាំហើយ។ អ៊ីចឹងទេ យើងត្រូវតវ៉ា និងយកស្រែយកចម្ការខ្ញុំមកវិញ»។
បំភ្លឺតបចំពោះការលើកឡើងនោះ តំណាងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ លោក សំណាង ថ្លែងថា ក្រុមហ៊ុនបានទទួលយកញត្តិពីអ្នកភូមិ ហើយប្រគល់ញត្តិនោះឲ្យអាជ្ញាធរស្រុកខេត្តដោះស្រាយ ព្រោះក្រុមហ៊ុនគ្មានសិទ្ធិដោះស្រាយវិវាទដីធ្លីទេ៖ «សំឡេង»។
ជំទប់ទី១ឃុំត្រពាំងជោរ លោក វ៉ន ឡាង ឲ្យដឹងថា អ្នកភូមិខ្វះដីដាំដុះ ដោយសារដីគាត់ជាប់ពាក់ព័ន្ធជាមួយដីក្រុមហ៊ុនវិនិយោគ។ ដីដែលផ្តល់ឲ្យក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ វិនិយោគ មាននៅភូមិពោធិ៍មាស ភូមិចំបក់ ភូមិត្រាង ភូមិច្រកទៀក ភូមិសំរោង ភូមិក្រវៀក និងភូមិមួយចំនួនទៀតក្នុងឃុំសង្កែសាទប។ លោកអះអាងថា ក្រោយការផ្តល់ដីវិនិយោគនេះ គឺជីវភាពអ្នកភូមិប្រែប្រួលច្រើន ដោយធ្វើចំណាកស្រុកទៅក្រៅភូមិរកការងារធ្វើ៖ «សំឡេង»។
ផ្ទុយពីនេះ មេប៉ុស្តិ៍ឃុំត្រពាំងជោរ លោក ហុង ធី អះអាងថា អ្នកភូមិឈប់ដើរទៅកន្លែងឆ្ងាយៗ ដើម្បីកាប់ព្រៃឈើធ្វើអាជីវកម្ម ប៉ុន្តែបានងាកមកចូលធ្វើកម្មករនៅក្នុងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ៖ «សំឡេង»។
សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ លោក អ៊ុង គឹមនី ថ្លែងថា សាលាស្រុកបានទទួលញត្តិពលរដ្ឋ ដែលប្ដឹងថា ក្រុមហ៊ុនបានព័ទ្ធយកដីលើសគម្រោងរដ្ឋាភិបាលអនុញ្ញាតឲ្យវិនិយោគ។ លោកថា អាជ្ញាធរឃុំ ស្រុក ខេត្ត នឹងប្រជុំពិភាក្សាអំពីបញ្ហានេះ។ លោកបន្ថែមថា បច្ចុប្បន្ន តាមការឲ្យដឹងពីអាជ្ញាធរភូមិឃុំប្រាប់មកថា ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ បានផ្ទេរដីពីដាំពោតទៅឲ្យក្រុមហ៊ុនថ្មីឈ្មោះ អេច្ឆ.អែស.អេច្ឆ (HSH) ដាំដំឡូងមីវិញនៅឆ្នាំ២០១៤ នេះ៖ «សំឡេង»។
តំណាងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ លោក សំណាង បដិសេធថាមិនពិតទេ គឺក្រុមហ៊ុននៅតែមានឈ្មោះ អេច្ឆ.អិល.អេច្ឆ ប៉ុន្តែគម្រោងមួយរបស់ក្រុមហ៊ុនមានឈ្មោះ អេច្ឆ.អែស.អេច្ឆ សម្រាប់ដាំដំឡូងមី។ លោកថា ក្រុមហ៊ុន អេច្ឆ.អិ.ល.អេច្ឆ ជាក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី (Singapore)។ ក្រុមហ៊ុននេះ ត្រូវរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិឲ្យវិនិយោគដំណាំពោតលើដី ១ម៉ឺនហិកតារ។ ក្រុមហ៊ុនបានដាំពោតពីឆ្នាំ២០០៨ មក ទទួលផល ៤ម៉ឺនតោនក្នុងមួយឆ្នាំ៕ ប្រភព ៖ RFA