រថយន្ត​ដឹកទំនិញ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ឈប់​នៅ​ចំណត​ជាយក្រុង ពេល​ថ្ងៃ​បុណ្យអុំទូក​

11/02/2014 0 Comments A+ a-

ភ្នំពេញ:សាលា​រា​ធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ ស្តីពី​ការ​ពង្វាង​ការធ្វើ​ចរាចរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ង​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​សេចក្តីជូនដំណឹង​រប​ស់​សាលា​រា​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ង​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៥​រហូតដល់​ថ្ងៃទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖
១-​រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ មិន​អនុញ្ញាត​ឲ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង ១០​ព្រឹក រហូតដល់​ម៉ោង​១០​យប់​។ រថយន្ត​ទាំងអស់​ខាងលើ​អាច​ចរាចរ​បាន​ចាប់ពី​ម៉ោង ១០​យប់ រហូតដល់​ម៉ោង ១០ ព្រឹក​។​
២-​យានយន្ត ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៦៖ សម្រាប់​រថយន្ត​ធុន​ធំ ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ តាមផ្លូវ​ទំនប់​កប់​ស្រូវ ឬ​ចូល​ចត​នៅ​ចំណតរថយន្ត​ព្រែកលៀប​។ ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ចូល​ចត​នៅ​ចំណត​ជ្រោយចង្វា ទីធ្លា​វត្ត​គៀន​ឃ្លាំង និង​សា​លាម​ឋ​មសិ​ក្សា​ព្រែកលៀប​។​
៣-​យានយន្ត​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥៖ សម្រាប់​រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​តាមផ្លូវ​ទំនប់​កប់​ស្រូវ ឬ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩​។ ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ចូល​ចត​នៅ​សាលា​ដែក ដោយ​មិន​ចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។​
៤-​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៣៖ សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ​។ ចំពោះ​រថយន្ត និង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​ឈប់​ចត​មិន​ឲ្យ​ហួស​ស្តុ​ប​ពត​ប្រ៊ី​ត​ឡើយ​។​
៥-​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៤៖
​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើចរាចរ​ឆ្លងកាត់​រាជ​ធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ និង​ឦ​សាន្ត ត្រូវ​ធ្វើចរាចរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ទៅតាម​ផ្លូវជាតិ​លេខ​៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​។ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ចូល​រាជធានី​ភ្នំពេញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ​។ ដោយឡែក​រថយន្ត និង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​ឈប់​ចត​មិន​ឲ្យ​ហួស​ស្តុ​បណត​ប្រ៊ី​ត​។​
៦-​យានយន្ត ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​២៖
​សម្រាប់​រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​ចូល​ចត​នៅ​ចំណត​ចាក់អង្រែ​ក្រោម និង​អនុវិទ្យាល័យ​ចាក់អង្រែ​ក្រោម​។​
៧-​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​១៖
​សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណត​ឧកញ៉ា ស៊ុយ សុផាន​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ចូល​ចត​នៅ​វត្ត​និរោធ​រង្សី និង​វិទ្យាល័យ​ច្បារអំពៅ​។​
៨-​យានយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល​ធ្វើចរាចរ​តាមផ្លូវ​លេខ​៣៧១ និង​ផ្លូវ​លេខ​២៧១ ចូល​តាមផ្លូវ​លេខ​២១៧ (​ផ្លូវ​ចំការ​ដូង​) ត្រូវ​ឈប់​ចត​នៅ​ខាងត្បូង​ស្ពាន​ម័ល​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​ឈប់​នៅ​ផ្លូវ​លេខ​២៧១ ត្រឡប់ក្រោយ​នៅពេល​ដាក់​មនុស្ស​ចុះ​ពី​រថយន្ត​រួច​។​
៩-​យានយន្ត​ដែល​ធ្វើចរាចរ​តាមផ្លូវ​ចោមចៅ​(​ផ្លូវ​វ៉េងស្រេង​)៖ សម្រាប់​រថយន្ត​ធុន​ធំ​ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ​។ ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​រ៉ឺម៉ក​ម៉ូតូ ត្រូវ​ចូល​ចត​នៅ​សាលា​ម​ឋ​ម​សិក្សា​ស្ទឹងមានជ័យ​។​
១០-​ចំពោះ​រថយន្ត និង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក តាមផ្លូវ​លេខ​៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ មិន​ឲ្យ​ចូល​ហួស​មហាវិថី​គីម​អ៊ី​ល​ស៊ុ​ង​ឡើយ​។​
​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៅកាន់​គ្រប់​សាលាខណ្ឌ មន្ទីរ​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ ឲ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕ ប្រភព ៖ CEN
als visit 097