ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជម្រុញឱ្យអង្គភាពជំនាញពង្រីកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន
អង្គភាពប្រឆាំងអំពើពុករលួយ«ធ្វើការងារបានច្រើនណាស់ តែឧបសគ្គចំពោះមុខក៏មានច្រើនណាស់ដែរ»។ នេះជាអ្វីដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានសន្និដ្ឋាន ក្នុងកិច្ចប្រជុំលើកទី៤៦ កាលពីម្សិលមិញ។ ក្រុមប្រឹក្សានេះបានលើកទឹកចិត្តអង្គភាពក្រោមឱវាទរបស់ខ្លួន ឱ្យពង្រីករង្វង់សហការ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដើម្បី«រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត»។ លទ្ធផលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែតុលា ឆ្នាំ២០១៤ត្រូវបានពិនិត្យ និងផ្សព្វផ្សាយ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានជួបជាមួយផ្នែកឯកជនជាលើកទី២ ដើម្បីចែករំលែកបទពិសោធ និងរិះរកវិធីសាស្ត្រប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាព។
@ហេង ឧត្តម
លទ្ធផលការងារ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើក្នុងខែតុលា ឆ្នាំ២០១៤ ត្រូវបានផ្សព្វផ្សាយតាមវ៉េបសាយរបស់អង្គភាពនេះ កាលពីម្សិលមិញ។ លទ្ធផលសំខាន់ៗមានដូចតទៅ៖
ក្នុងផ្នែកការងារគតិយុត្ត អង្គភាពនេះបានទទួលបណ្ដឹង៦៧ករណី បានធ្វើកំណត់ឱ្យបង្ហាញខ្លួន១៦នាក់ ស្តាប់ចម្លើយ១១លើក និងចូលរួមសវនាការតុលាការ១៦លើក។ក្នុងផ្នែកការងារអប់រំ បង្ការ ទប់ស្កាត់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាល បានសង្កេតការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការ នៅតាមក្រសួងមួយចំនួន ការដេញថ្លៃនៅក្រសួងស្ថាប័នចំនួន៩ និងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២។
ក្នុងផ្នែកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល នាយកដ្ឋានជំនាញនៃអង្គភាពនេះ បានទទួលមន្ត្រី១៣៧រូប ដែលមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងចំណោមនោះ មាន៩២រូបជាមន្ត្រីទើបតែងតាំងថ្មី។
ក្រៅពីការងារខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរាយការណ៍ប្រាប់ក្រុមប្រឹក្សាជាតិអំពីសំណើរបស់ស្ថាប័នអំពើពុករលួយសឹង្ហបុរី ពាក់ព័ន្ធនឹងករណីអង្គការមូលនិធិសាកល ករណីប្រតិបត្តិការលុបបំបាត់មន្ត្រីខ្មោច និងករណី ដែលភ្នាក់ងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទារប្រាក់ពីអ្នកនេសាទផងដែរ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានទទួលស្គាល់ថា ភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បានប្រឹងប្រែងច្រើន ប៉ុន្តែប្រឈមនឹងឧបសគ្គធំៗជាច្រើន។ យ៉ាងណាមិញ បើតាមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរូបនេះ អំពើពុករលួយធំៗនៅកម្ពុជា មានលក្ខណៈ«ដូចសម្លរកំពិស» ពោលគឺ«ជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ ដែលអាចប្រើឥទ្ធិពលអន្តរាគមន៍»បន្ទុចបង្អាក់សកម្មភាពរបស់អង្គភាពនេះ ស្របពេលដែលប្រព័ន្ធតុលាការកម្ពុជាត្រូវបានលោកព្រាប កុល អះអាងថា «មានកម្រិតពុករលួយខ្ពស់»។
ក្នុងកិច្ចប្រជុំលើកទី៤៦កាលពីម្សិលមិញ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានលោក តុប សំ ជាប្រធាន បានវាយតម្លៃថា អង្គភាពក្រោមឱវាទរបស់ខ្លួន«ធ្វើការងារបានច្រើនណាស់ តែឧបសគ្គចំពោះមុខក៏មានច្រើនណាស់ដែរ»។ លើសពីនេះទៀត ក្រុមប្រឹក្សាជាតិនេះបានជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយបន្ត«ពង្រីករង្វង់សហការ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន» ព្រមទាំងបង្កើន«ការផ្សព្វផ្សាយករណីបទល្មើសពុករលួយជាសាធារណៈ» ដើម្បីពង្រឹង«ចលនាប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព»៕ ប្រភព ៖ rfi