ជនជាតិ​ភាគ​តិច​ទំពួន​នៅ​រតនគិរី​បដិសេធ​មិន​ឲ្យ​តម្កល់​ពុទ្ធ​បដិមា​ក្នុង​តំបន់​បឹង​យក្សឡោម

11/02/2014 0 Comments A+ a-

សហគមន៍​ជនជាតិ​ដើម​ទំពួន ចំនួន ៥​ភូមិ នៅ​ឃុំ​យក្សឡោម ក្រុង​បានលុង ខេត្ត​រតនគិរី សម្ដែង​មតិ​ជំទាស់​ទៅ​នឹង​គម្រោង​នាំ​យក​រូប​ព្រះពុទ្ធ​បដិមា​មក​ដាក់​តាំង​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ក្រោម​ការ​អភិរក្ស​របស់​ជនជាតិ​ដើម​ភាគ​តិច។
ក្រុម​សហគមន៍​អភិរក្ស​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម នៅ​ខេត្ត​រតនគិរី អះអាង​ថា គម្រោង​តាំង​ព្រះពុទ្ធ​បដិមា​នៅ​តំបន់​អភិរក្ស​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រពៃណី វប្បធម៌ និង​ធនធាន​ធម្មជាតិ ដីធ្លី ដែល​ជនជាតិ​ដើម​ភាគ​តិច​អភិរក្ស​ច្រើន​ជំនាន់​មក​ហើយ។
image
ទេសភាព​បឹង​យក្សឡោម នៅ​ខេត្ត​រតនគិរី។
ការ​ជំទាស់​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ពុទ្ធ​បរិស័ទ​ខ្មែរ​មួយ​ក្រុម រស់នៅ​ក្រុង​បានលុង កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ បាន​រៀបចំ​គម្រោង​នាំ​យក​ពុទ្ធបដិមា​ឆ្លាក់​ពី​ថ្ម​ភ្នំ គឺ​រូប​ព្រះពុទ្ធ​ចូល​ព្រះ​និព្វាន ដែល​ត្រូវ​ការ​ទីតាំង​ដី​ទំហំ ៣៥​ម៉ែត្រ​ក្រឡា និង​រូប​ព្រះពុទ្ធ​ផ្ចាញ់​មារ ត្រូវ​ការ​ទីតាំង​ដី​ទំហំ ២៥​ម៉ែត្រ​ក្រឡា មក​ដាក់​តម្កល់​ជា​និមិត្តរូប​នៃ​វិស័យ​វប្បធម៌ សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​គោរព​បូជា​តាម​ជំនឿ។
សមាជិក​គណៈកម្មការ​សហគមន៍​មួយ​រូប គឺ​លោក សុវណ្ណ ហ៊ាន ចាត់​ទុក​បំណង​ដាក់​តាំង​រូប​ពុទ្ធ​បដិមា ក្នុង​តំបន់​អភិរក្ស​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​នេះ ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​កើត​គ្រោះ​ភ័យ ឬ​ជំងឺ​រាតត្បាត ដោយសារ​តំបន់​នោះ​ជា​ទីតាំង​នៃ​អាទិទេព​មាន​បារមី​ស័ក្ដិសិទ្ធិ ជា​អារក្ស​អ្នក​តា​ដែល​ពួក​គាត់​គោរព​បូជា​តាម​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច។ អ្នក​ភូមិ​មាន​អារម្មណ៍​ថា ពួក​គេ​នឹង​ត្រូវ​រំលោភ​បំពាន​ដោយ​ក្រុម​អ្នក​មាន​ជំនឿ​សាសនា​ព្រះពុទ្ធ ហើយ​ទន្ទ្រាន​យក​តំបន់​នោះ​ចេញ​ពី​ការ​អភិរក្ស​របស់​សហគមន៍​ជនជាតិ​ដើម៖ «ទាំង ៥​ភូមិ គេ​ឥត​ព្រម​ឲ្យ​ដាក់​ទេ ព្រោះ​ជា​តំបន់​អបិយ​ជំនឿ​របស់​សហគមន៍។ យក្សឡោម យើង​តែង​បួង​សួង​ហៅ​ព្រៃ​អារក្ស​អ្នក​តា​នៅ​យក្សឡោម មិន​មែន​ហៅ​ព្រះពុទ្ធ​ទេ។ ថ្នាក់​ដឹក​នាំ​សហគមន៍ គេ​ថា​ប្រសិន​គេ​ដាក់ គេ​អត់​និយាយ​ច្រើន​គណៈកម្មការ​នៅ​ហ្នឹង​គេ​ដេញ​ចេញ​ទាំងអស់​ហើយ អ្វី​ដែល​គេ​កំពុង​ធ្វើ​គេ​រុះ​រើ​ចេញ គេ​យក​ពូថៅ​វាយ​កម្ទេច​ចោល»។
តាម​ធម្មតា តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម គ្រប់គ្រង​ដោយ​គណៈកម្មការ​រមណីយដ្ឋាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​សមាជិក​សហគមន៍​នៅ​ភូមិ​ទាំង​៥ ក្នុង​សង្កាត់​យក្សឡោម គណៈកម្មការ​រមណីយដ្ឋាន​បឹង​យក្សឡោម អភិរក្ស​តំបន់​នេះ​ជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​គ្មាន​ការ​កែច្នៃ។ ក្នុង​១​ឆ្នាំៗ សហគមន៍​នេះ​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​កម្សាន្ត រួម​ទាំង​ប្រាក់​ចំណូល​ពី​ការ​លក់​ដូរ​នំ​ចំណី គ្រឿង​ប្រើប្រាស់​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ បាន​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ។ ប្រាក់​ចំណូល​នេះ សម្រាប់​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​សហគមន៍ រៀបចំ​មណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច រៀបចំ​កង​សន្តិសុខ​ការពារ​តំបន់​ទេសចរណ៍ រួម​ទាំង​ថែទាំ​អនាម័យ មាន​ធុង​សំរាម​បង្គន់​អនាម័យ ជាដើម។
អ្នក​អភិរក្ស​តំបន់​យក្សឡោម​មួយ​រូប​ទៀត គឺ​លោក សិល កាត លោក​ជា​ប្រធាន​ភូមិ​ឡូម និង​ជា​ចាស់​ទុំ​ជនជាតិ​ដើម​ទំពួន នៅ​តំបន់​យក្សឡោម បង្ហាញ​ទស្សនៈ​ថា ប្រសិន​វប្បធម៌​ពុទ្ធសាសនា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​របស់​អ្នក​ភូមិ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​នឹង​ជ្រៀតជ្រែក​ទៅ​លើ​កិច្ច​ព្រមព្រៀង​អភិរក្ស​តំបន់​បឹង​យក្សឡោម នៅ​ថ្ងៃ​ខាង​មុខ​នេះ៖ «ខាង​សាសនា​ជនជាតិ​ដើម​ភាគ​តិច​គេ​អត់​ត្រូវ​ការ​អ៊ីចឹង​ទេ គេ​ទៅ​សែនព្រេន បើ​សិន​ណា​ដាក់​វត្ត​អារាម អ៊ីចឹង​គេ​ចូល​សុទ្ធតែ​ប្រើ​របស់​ខ្មែរ​ខាង​ជនជាតិ គេ​អត់​ដែល​ចូល​អ៊ីចឹង​ទេ។ គេ​អត់​ហ៊ាន​ឲ្យ​ទេ បើ​សិន​ធ្វើ​អ៊ីចឹង​ទៀត ចាស់ៗ​គេ​អត់​យល់​ព្រម​ទៅ​សែន​ស្អី​ទេ​កន្លែង​ហ្នឹង»។
ផ្ទុយ​ពី​ការ​អះអាង​នេះ ពុទ្ធបរិស័ទ​ខ្មែរ​អ្នក​ដឹក​នាំ​គម្រោង​នាំ​យក​ពុទ្ធបដិមា​ទៅ​តម្កល់​នៅ​រមណីយដ្ឋាន​បឹង​យក្សឡោម លោក ងួន ចាន់ទ្រី មាន​ប្រសាសន៍​បញ្ជាក់​ថា រូប​បដិមា​ដែល​គ្រោង​យក​ទៅ​តម្កល់​នៅ​តំបន់​នោះ នឹង​ត្រូវ​ទុក​ជា​សម្បត្តិ​វប្បធម៌​ជាតិ និង​ក្រោម​ការ​អភិរក្ស​របស់​គណៈកម្មការ​សហគមន៍​ដដែល។ លោក​អះអាង​ថា ការ​តាំង​រូប​ពុទ្ធបដិមា​បាន​មក​ពី​ប្រាក់​ចូលរួម​របស់​សប្បុរសជន និង​រូប​លោក​ផ្ទាល់ ដើម្បី​ទុក​ជា​និមិត្តរូប​នៃ​សេចក្តី​សុខ​ក្សេមក្សាន្ត សាមគ្គីភាព​នៃ​អំពើ​ល្អ​ជា​កុសល មិន​ប្រកាន់​ជាតិ​សាសន៍ និង​ជា​សម្បត្តិ​វប្បធម៌​មួយ​សម្រាប់​អ្នក​ទេសចរ​ទស្សនា​កម្សាន្ត និង​គោរព​បូជា​តាម​ជំនឿ។ ហេតុ​នេះ ក្រោយ​ពិធី​ធ្វើ​អភិសេក​រូប​ពុទ្ធបដិមា​រួច​រាល់ រូប​បដិមា​នេះ​នឹង​ត្រូវ​អភិរក្ស និង​ប្រើប្រាស់​ជា​ប្រយោជន៍​សហគមន៍៖ «យើង​អត់​មាន​ដណ្ដើម​ប្រាក់​ចំណូល​ពី​គាត់​ទេ ព្រោះ​យើង​ធ្វើ ហើយ​យើង​ដាក់​ជា​សម្បត្តិ​រដ្ឋ​ហើយ សម្រាប់​តម្កល់​ទៅ​ថ្ងៃ​ក្រោយ​ឲ្យ​គេ​ដឹង​ថា អា​នេះ​ជា​របស់​អភិរក្ស​បឹង គេ​ដឹក​នាំ​ធ្វើ។ ពុទ្ធរូប​ថ្ម​ដាប់​ពី​ព្រះវិហារ ធ្វើ​បុណ្យ​ឆ្លង ហើយ​ប្រគល់​ឲ្យ​អភិរក្ស​បឹង ហើយ​គេ​ធ្វើ​ស្អី​ធ្វើ​ទៅ»។
សហគមន៍​រមណីយដ្ឋាន​បឹង​យក្សឡោម បាន​ចុះ​កិច្ច​ព្រមព្រៀង​អភិរក្ស​តំបន់​ទេសចរណ៍​នេះ​តាម​លក្ខណៈ​ធម្មជាតិ​ជាមួយ​អាជ្ញាធរ​ខេត្ត​រតនគិរី រយៈពេល ២៥​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣ នៅ​លើ​ផ្ទៃដី​ជាង ៧០០​ហិកតារ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃ​ឈើ​នៅ​តំបន់​ជុំវិញ​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​នេះ ត្រូវ​បាន​សមាជិក​សហគមន៍​ខ្លួន​ឯង និង​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ ទន្ទ្រាន​កាប់​យក​ឈើ​ប្រណីត និង​ឈើ​មាន​តម្លៃ រួម​ទាំង​កាប់​រាន​ព្រៃ​ឈើ​នៃ​តំបន់​រមណីយដ្ឋាន​នេះ​អស់​រាប់​រយ​ហិកតារ។ បច្ចុប្បន្ន នៅ​សល់​ផ្ទៃ​ដី​ប្រមាណ ៣០០​ហិកតារ ជុំវិញ​មាត់​បឹង​ដែល​សហគមន៍​បន្ត​គ្រប់គ្រង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​សុទ្ធសាធ។
ទាក់ទិន​បញ្ហា​នេះ​ដែរ ចៅសង្កាត់​យក្សឡោម លោក ពិន លួង ថ្លែង​ថា ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​ក៏​មាន​ហេតុផល​សមរម្យ ដោយសារ​តំបន់​រមណីយដ្ឋាន​នេះ​ពិត​ជា​រង​ការ​បំផ្លាញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​ជំនឿ និង​ប្រពៃណី​ជនជាតិ​ដើម ជាពិសេស​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ជុំវិញ​បឹង​យក្សឡោម។ លោក​បន្ត​ថា គម្រោង​ដាក់​តាំង​រូប​ពុទ្ធបដិមា នឹង​ផ្តល់​សារប្រយោជន៍​បន្ថែម​ទៀត​សម្រាប់​តំបន់​ទេសចរណ៍ និង​សហគមន៍​ដែល​អភិរក្ស​តំបន់​នេះ ប្រសិន​សហគមន៍​បើក​ទូលាយ​ក្នុង​ការ​ទទួល​យក​វប្បធម៌​ចម្រុះ ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការ​សិក្សា​ទី​ដាក់​តាំង​រូប​បដិមា​កុំ​ឲ្យ​ប៉ះពាល់​ដើម​ឈើ និង​កន្លែង​គោរព​បូជា​របស់​ជនជាតិ​ដើម៖ «ខ្ញុំ​ថា​អត់​ស្អី​ទេ​ចម្រុះ​ទៅ អ្នក​ណា​ជំនឿ​ខាង​ណា​ជឿ​ទៅ​ខាង​ហ្នឹង​ទៅ ទស្សនៈ​ខ្ញុំ​អ៊ីចឹង រាល់​ឆ្នាំ​ពេល​មាន​លុយ ខ្ញុំ​ទៅ​វត្ត​អ៊ីចឹង​ទៅ ដូច​ឆ្នាំ​ហ្នឹង​ខ្ញុំ​អត់​បាន​ទៅ​អ៊ីចឹង​បាទ! មិន​អាច​ផ្តាច់​តែ​ឯង ដូច​ខាង​ជនជាតិ​នេះ​អ្នក​ខ្លះ​អនុវត្ត​អ៊ីចឹង​ទៅ​នៅ​ផ្ទះ​គេ​ខ្មោច​ដូនតា​ក៏​គេ​សែន​អ៊ីចឹង»។
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ អះអាង​ថា អាជ្ញាធរ​ជំនាញ​កំពុង​សិក្សា​បញ្ហា​នេះ​ហើយ ជាពិសេស​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហគមន៍ មុន​នឹង​អនុញ្ញាត​ឲ្យ​ដាក់​តាំង​ពុទ្ធបដិមា​ក្នុង​តំបន់​រមណីយដ្ឋាន​មួយ​នេះ។ លោក​បន្ត​ថា អតីត​គ្រឹះ​ព្រះរាជ​ដំណាក់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ខាង​លិច​ផ្លូវ​ចុះ​ទៅ​កាន់​មាត់​បឹង អំណោយ​ផល​សម្រាប់​ការ​ដាក់​តាំង​ពុទ្ធបដិមា ដែល​មិន​ប៉ះពាល់​ទី​សក្ការៈ​របស់​ក្រុម​សហគមន៍៖ «សាងសង់​បាន​ក៏​ជា​ការ​ល្អ​មួយ​ដែរ រមណីយដ្ឋាន​មួយ​វា​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌ វា​មិន​ប៉ះពាល់​ប៉ុន្មាន​ទេ ព្រោះ​ដើម​ឈើ​មាន​តែ​គម្រោង​ដាំ​ថែម គម្រោង​គេ​ធ្វើ​ហ្នឹង​ណា! យើង​មើល​សិក្សា​ដែរ​កន្លែង​ណា​ដែល​មាន​ដើម​ឈើ​ធំ គឺ​យើង​អត់​ផ្តល់​ព្រៃ​ឲ្យ​គាត់​ទេ។ មិន​ដឹង​យ៉ាង​ម៉េច អ៊ីចឹង​បាន​យើង​ឲ្យ​ខាង​ធម្មការ​ទៅ​សិក្សា​ឡើង​វិញ មូលហេតុ​អ្វី​បាន​ជា​គាត់​ថា​ប៉ះពាល់»។
រមណីយដ្ឋាន​បឹង​យក្សឡោម មាន​ទឹក​ថ្លា​ដូច​ទឹក​សមុទ្រ។ បឹង​នេះ​មាន​ជម្រៅ​ពី ៦០ ទៅ ៧០​ម៉ែត្រ និង​មាន​មុខ​កាត់​ជាង ៨០០​ម៉ែត្រ។ ក្នុង​មួយ​ឆ្នាំៗ​មាន​អ្នក​ទេសចរ​ជិត​ពីរ​ម៉ឺន​នាក់ មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​បឹង​យក្សឡោម​នេះ៕ ប្រភព ៖ RFA