Apple និង Foxconn សហការគ្នា ផលិតបន្ទះអេក្រង់ ត្បូងកណ្ដៀង
ក្រុមហ៊ុនApple ប្រហែលជាសហការជាមួយ នឹងក្រុមហ៊ុនផ្គត់ផ្គង់ធំ បំផុតរបស់ខ្លួន Foxconn ក្នុងការផលិតអេក្រង់ត្បូង កណ្ដៀងសម្រាប់ iPhone និង iPad។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider នៅថ្ងៃទី២៧ខែវិច្ឆិកា។
នៅមុនពេល iPhone 6 និង iPhone 6Plus បង្ហាញខ្លួន មានព័ត៌មានចចាមអារ៉ាមថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone បំពាក់អេក្រង់ត្បូងកណ្ដៀង ប៉ុន្តែព័ត៌មានមួយនោះត្រូវ បានរលាយតាមខ្យល់ ក្រោយពេល iPhone 6 បង្ហាញវត្តមាន។
ថ្មីៗនេះសារព័ត៌មានចិន China Economic Weekly បានចុះផ្សាយថា ក្រុមហ៊ុន Foxconn បានពង្រីក និងសាងសង់រោងចក្រថ្មីមួយ ដោយក្នុងនោះត្រូវបានគេដឹងថា ជារោងចក្រសម្រាប់ផលិតបន្ទះអេក្រង់ ហើយអ្នកដែលធ្វើឲ្យ Foxconn ពង្រីករោងចក្រនេះគឺមានតែ Apple មួយប៉ុណ្ណោះ។
ប្រភពជិតស្និទ្ធមួយនឹងក្រុមហ៊ុន Foxconn បានបង្ហើបឲ្យដឹងថា រោងចក្រនោះគឺផលិតបន្ទះ អេក្រង់ត្បូងកណ្ដៀង ហើយក្រុមហ៊ុនដែលជួលនោះគឺ Apple៕