ជីវិតស្ត្រីខ្លាំង Wu Shihong ប្រែក្លាយខ្លួនពីបុគ្គលិក អនាម័យទៅជានាយក IBM
ថ្ងៃនេះ Domneng7 ត្រឡប់មកបរិយាយឲ្យប្រិយមិត្តបានដឹងពីជីវិតកំពូលស្ត្រីរបស់ចិន
ម្នាក់គឺលោកស្រី Wu Shihong។
ស្ត្រីដែលមានឈ្មោះហៅក្រៅជាភាសាអង់គ្លេសថា Juliet
រូបនេះមានអត្តចរិតស្ងប់ស្ងាត់
តែភាពស្ងប់ស្ងាត់នេះមិនបានបិទបាំងការលះបង់ដ៏ធំធេងរបស់គាត់
បានឡើយ។
នៅដើមឆ្នាំ ២០០០ ពេលលោកស្រី
Wu ដើរចូលក្រុមហ៊ុន TCL Group
ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍ធំបំផុតរបស់ចិន
លោកស្រីតែងត្រូវសារព័ត៌មាននានាលើកសរសើរជារឿយៗ។
មុននឹងចូលរួមនឹង TCL Group
លោកស្រីក៏ធ្លាប់ធ្វើជានាយកគ្រប់គ្រងទូទៅសាខាក្រុមហ៊ុន Microsoft
ពីឆ្នាំ ១៩៨៥-១៩៩៨ និង IBM ពីឆ្នាំ ១៩៩៨-១៩៩៩ ដែរ។
លោកស្រីត្រូវបានគេមើលឃើញថា
ជាអ្នកដឹកនាំក្រុមហ៊ុនអន្តរជាតិកំពូលម្នាក់ដែលចិនផលិតបានពេល
កំពុងធ្វើកំណែទម្រង់ និងបើកចំហទូលាយដល់ពិភពលោក។
ចំណុចដែលគួរឲ្យកោត
ស្ញប់ស្ញែងគឺ ទម្រាំឈានជើងមកដល់តំណែងកំពូលបែបនេះ
លោកស្រីមិនបានទទួលការអប់រំជ្រៅជ្រះដូចនាយកក្រុមហ៊ុនធំៗភាគច្រើន
ឡើយ។ លោកស្រីត្រូវចាប់ផ្ដើមពីបុគ្គលិកអនាម័យ
មកជាគិលានុបដ្ឋាយិកា ពីគិលានុបដ្ឋាយិកាមកប្រធានប្រតិបត្តិទីផ្សារ
ពីប្រធានប្រតិបត្តិទីផ្សារមកជានាយកប្រតិបត្តិក្រុមហ៊ុនអន្តរជាតិ
ហើយសមិទ្ធផលទាំងនេះគឺកើតចេញពីការសិក្សាដោយខ្លួនឯង
និងបន្តចំណេះដឹងពីការធ្វើការងារទាំងនោះតែម្ដង។
ទោះជាយ៉ាងណា
ក្រោយដើរចេញពី TCL Group នៅឆ្នាំ ២០០២
លោកស្រីព្យាយាមរស់នៅដោយឯកជនមិនសូវបញ្ចេញមុខដូចមុនប៉ុន្មាន
ឡើយ។ រហូតដល់ឆ្នាំ ២០០៧
លោកស្រីបានលេចមុខជាថ្មីក្នុងនាមជាអ្នកប្រែសម្រួលសៀវភៅដែល
និយាយពីជីវិតធនាគារិកបង់ក្លាដេសលោក Yunus
ពីជំនួយលើភាពក្រីក្រ មីក្រូឥណទាន
ក៏ដូចជាការចូលរួមធ្វើការសង្គមជាមួយអង្គការមិនមែនរដ្ឋាភិបាល
និងអង្គការមិនរកប្រាក់ចំណេញនានា។
“សហគ្រិនសង្គម”
លោកស្រី Wu និយាយថា
មានមោទនភាពក្នុងនាមជា “សហគ្រិនសង្គម” ម្នាក់របស់ចិន។
“ពាក្យពីរម៉ាត់នេះបានចងភ្ជាប់ការងារពីមុនរបស់ខ្ញុំមកកាន់
ចំណាប់អារម្មណ៍ ការងារសង្គម និងមនុស្សធម៌បច្ចុប្បន្នរបស់ខ្ញុំ។
វាមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ”។
នេះជាការគូសបញ្ជាក់របស់អ្នកជំនួញស្ត្រីរូបនេះ។
តើអ្វីជាសហគ្រិនសង្គម? លោកស្រី Wu
ផ្តល់អត្ថន័យដល់ពាក្យពីរម៉ាត់នេះថា
ជាមនុស្សម្នាក់ដែលដោះស្រាយបញ្ហាសង្គមដូចគ្នាទៅនឹងការ
គ្រប់គ្រងសហគ្រាសមួយដែរ។
លោកស្រីបន្ថែមថា
ការផ្ដល់ជំនួយលើភាពក្រីក្រ ការអភិវឌ្ឍសង្គម
និងអំពើមនុស្សធម៌គួរធ្វើឡើងដោយស្វែងយល់
មុននឹងចំណាយធនធានប្រាក់កាស។ គាត់បានពន្យល់ដូច្នេះ៖
”រឿងទាំងនោះត្រូវការការដឹកនាំ និងគ្រប់គ្រងដោយឈ្លាសវៃ
ព្រោះវាមិនត្រឹមតែជាការចែកប្រាក់តែម៉្យាងទេ
តែគួរតែជាការអភិវឌ្ឍទៅវិញទេ។ ដើម្បីជោគជ័យ
និងរីកចម្រើនបានយូរអង្វែង
ពួកគេត្រូវការសហគ្រិនភាពច្រើនដូចដែលក្រុមហ៊ុនរកប្រាក់ចំណេញ
មួយត្រូវការដូច្នោះដែរ”។
មិនមានអ្នកជំនួញច្រើនដែល
សម្រេចចិត្តងាកចេញពីការរកប្រាក់មកជួយអ្នកដទៃទេ
ហើយមនុស្សមួយចំនួនមិនធ្លាប់សូម្បីតែគិត។
តើមូលហេតុអ្វីទើបអតីតបុគ្គលិកអនាម័យរូបនេះសុខចិត្តលះបង់
គ្រប់យ៉ាងមកធ្វើការងារសង្គម?
“មានទាំងរឿងសប្បាយ
និងជូរចត់រាប់មិនអស់ក្នុងជីវិតខ្ញុំ”។ លោកស្រីរំលឹក។
អ្នកស្រី Wu បន្ត៖ ”ជីវិតបង្រៀនខ្ញុំ
ពីសារៈសំខាន់ក្នុងការកំណត់ផ្លូវខ្លួនឯងត្រូវដើរ
សុភមង្គលដែលខ្លួនឯងចង់បាន តាមរយៈការធ្វើការជាមួយអ្នកដទៃ។
ជាអ្នកជំនួញម្នាក់ ខ្ញុំឃើញទាំងអស់រាល់កេរ្តិ៍ឈ្មោះ
និងទ្រព្យសម្បត្តិដែលមនុស្សម្នាក់ចង់ឃើញក្នុងជីវិត។
តែវាមិនមែនជារឿងដែលខ្ញុំចង់ឃើញចុងក្រោយបំផុតក្នុងជីវិតឡើយ”។
លោកស្រី Wu បានចំណាយរយៈពេល ៥
ឆ្នាំចុងក្រោយដែលលោកស្រីហៅថា ជាពេល “សម្រាក”
មកអានសៀវភៅល្អៗដើម្បីស្វែងយល់ពីអត្ថន័យនៃជីវិត។
“ការអានបាននាំខ្ញុំឲ្យផ្លាស់
ប្ដូរមកកាន់ទីនេះ”។ លោកស្រីលើកឡើង។ ក្នុងឆ្នាំ ២០០៣
នៅពេលដែលចិនប្រឈមនឹងជំងឺ SARS ខ្លាំង លោកស្រីដឹងច្បាស់ថា
លោកស្រីត្រូវធ្វើអ្វីម៉្យាង។
ក្រោយដាក់សំណើម្ដងជាពីរដងដល់រដ្ឋាភិបាល លោកស្រី Wu
មានឱកាសធ្វើការស្ម័គ្រចិត្តជាមួយក្រសួងសុខាភិបាលសាធារណៈ។
លោកស្រីបានធ្វើការជាមួយផ្នែកពាក់ព័ន្ធអន្តរជាតិនឹងក្រសួង
ដើម្បីបង្កើតសន្និសីទបន្ទាន់ឲ្យរដ្ឋមន្ត្រីសុខាភិបាលអន្តជាតិ
ជួបជុំគ្នាពិភាក្សារបស់ដំណោះស្រាយទប់ស្កាត់បញ្ហានេះ។
”វាពិតជាលំបាកខ្លាំងណាស់
ក្នុងការទាក់ទងជាមួយក្រុមហ៊ុន
និងរដ្ឋាភិបាលមកពីប្រទេសផ្សេងៗគ្នា”។ លោកស្រីរៀបរាប់។
ទោះជាយ៉ាងណា បទពិសោធន៍ទាំងនោះបានជួយដល់លោកស្រីសិក្សាពី
ការបង្កើនឥទ្ធិពលរដ្ឋាភិបាល ធនធានសហគមន៍ជំនួញ និងសាធារណៈ
ហើយប្រើវាមកដោះស្រាយបញ្ហាសង្គម។ លោកស្រី Wu និយាយថា
លោកស្រីរីករាយដែលយុទ្ធនាការដែលលោកស្រីចូលរួមខាងលើអាចជួយ
ទប់ស្កាត់ជំងឺ SARS ឲ្យស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
តាមរយៈបទពិសោធន៍នេះ លោកស្រីចាប់ផ្ដើមគិតថា
តើគួរប្រើជំនាញគ្រប់គ្រងរបស់លោកស្រីបែបណា
ដែលអាចជួយដល់សង្គមល្អបំផុត។
“ខ្ញុំបានអានសៀវភៅជាច្រើនក្បាល
ពាក់ព័ន្ធនឹងទំនួលខុសត្រូវសង្គមដើម្បីបញ្ចប់ថ្នាក់ MBA
របស់ខ្ញុំ។ តែមិនមែនដើម្បី MBA ទាំងស្រុងនោះទេ។
តាមពិតទៅអ្វីដែលជំរុញខ្ញុំឲ្យស្រេកឃ្លានការអាន
និងទទួលព័ត៌មានទាំងនេះគឺការងារជួយមនុស្សជាតិ
និងការគ្រប់គ្រងកម្មវិធីមិនរកប្រាក់ចំណេញ”។ លោកស្រីបញ្ជាក់។
នៅពេលនោះ
មិត្តភក្ដិរបស់លោកស្រីបានណែនាំសៀវភៅដំបូងឲ្យលោកស្រីបកប្រែដែល
មានចំណងជើងថា ”How to Change the World: Social Entrepreneurs and
the Power of New Ideas” ដែលនិពន្ធដោយលោក David Bornstein
ដែលជាអ្នកនិពន្ធសៀវភៅ “The Price of a Dream: The Story of the
Grameen Bank” អំពីលោក Muhammad Yunus ដែរនោះ។
សម្រាប់សៀវភៅខាងលើ
អ្វីដែលបង្កើតជាចម្ងល់ខ្លាំងសម្រាប់លោកស្រីគឺថា
ហេតុអ្វីបានជាមីក្រូឥណទានអាចដំណើរការលើប្រទេសជាច្រើនជុំវិញ
ពិភពលោក តែមិនមែននៅចិន។
ដូច្នេះលោកស្រីបានបន្តបកប្រែសៀវភៅទី ២ ដែលមានចំណងជើងថា
”Yunus’ Banker to the Poor”
ដែលបានបោះពុម្ពផ្សាយក្នុងខែមិថុនាឆ្នាំ ២០០៦។
”ខ្ញុំរំភើប
និងមានកម្លាំងចិត្តជាខ្លាំងនឹងអ្វីដែលលោក Yunus បានធ្វើ
ក្នុងដំណើរការជំនួញមីក្រូឥណទានដ៏មានស្ថិរភាពក្នុងធនាគារ Grameen
ដើម្បីជួយមនុស្សឲ្យចាកឆ្ងាយពីភាពក្រីក្រ។
វាមិនមែនជាមុខជំនួញសម្រាប់ឲ្យខ្ចីប្រាក់តែម៉្យាងទេ
តែវាថែមទាំងជំរុញឲ្យមានភាពច្នៃប្រឌិតថែមទៀត។
វាស្ដែងចេញពីភាពជាអ្នកដឹកនាំ។ ខ្ញុំគិតថា
ខ្ញុំត្រូវតែនាំយកសៀវភៅនេះឲ្យប្រជាជនចិនបានអាន”។
នេះជាសម្ដីរបស់លោកស្រីពាក់ព័ន្ធនឹងការជំរុញចិត្តឲ្យក្លាយជា
អ្នកប្រែសម្រួលសៀវភៅខាងលើ។
ក្រោយចេញលក់ភ្លាមៗនៅចិន
សៀវភៅលោកស្រីមិនសូវទទួលបានជោគជ័យជាដុំកំភួនប៉ុន្មានទេ។
តែក្រោយពេលលោក Yunus ឈ្នះពានរង្វាន់ណូបែលសន្តិភាពសៀវភៅ “Banker
to the Poor” ជាភាសាអង់គ្លេស
និងសៀវភៅជាភាសាចិនដែលប្រែសម្រួលដោយលោកស្រី Wu
បានជាប់ក្នុងបញ្ជីសៀវភៅលក់ដាច់បំផុតរបស់ចិន។
អំឡុងពេលនោះ
លោកស្រីក៏បានបំពេញទស្សនកិច្ចទៅកាន់តំបន់ដាច់ស្រយាល
និងតំបន់ព្រំដែនរបស់ចិនធ្វើការជាមួយអង្គការ
និងភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌ជាច្រើន។ លោកស្រី Wu
បង្ហើបឲ្យដឹងថា
ទៅថ្ងៃមុខលោកស្រីនៅបន្តសិក្សាដើម្បីស្វែងយល់បន្ថែមទៀតពី
ការងារជួយមនុស្សជាតិ
និងវិធីសាស្ត្រធ្វើពាណិជ្ជកម្មតាមវិធីដ៏មាននិរន្តរភាពសម្រាប់
ធ្វើឲ្យប្រសើរនៃជីវិតរស់នៅរបស់ប្រជាជនក្រីក្រ៕
ប្រែសម្រួល៖ សីហា
ប្រភព៖ womenofchina
ប្រភព៖ womenofchina