Microsoft ត្រៀមប្តូរស្លាកសញ្ញាពី Nokia Lumia ទៅជា Microsoft Lumia
ភ្នំពេញ៖ ក្រុមហ៊ុនរបស់ Microsoft ទិញអាជីវកម្ម ផ្នែកសេវាកម្ម និងផលិតទូរស័ព្ទដៃពីក្រុមហ៊ុន Nokia បានដោយជោគជ័យ នៅឆ្នាំ២០១៤ ក្រោមកិច្ចសន្យា វិនិយោគរយៈ ពេលប្រមាណជា ១០ឆ្នាំ។ បន្ទាប់ពីការទិញអាជីវកម្ម ពីក្រុមហ៊ុន Nokia យីហោស្មាតហ្វូន Lumia ក៏បានក្លាយខ្លួន ទៅជាសមាជិកថ្មីមួយ នៃក្រុមគ្រួសាររបស់ Microsoft ផងដែរ។ ចាប់ពីពេលនោះតរៀងមក Microsoft បានផ្លាស់ប្តូរជាបណ្តើរៗ នៅលើគេហទំព័រពី Nokia ទៅជា Microsoft ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ទៀតថា នៅអំឡុងប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុននឹងចាប់ផ្តើមផ្លាស់ប្តូរជាបន្តបន្ទាប់ទៀត។ ក្នុងនោះ Microsoft ក៏នឹងបន្ត ប្រែក្លាយយីហោ Nokia Lumia ទៅជា Microsoft Lumia ផងដែរ ។ នេះបើយោងតាមលោកស្រី Tuula Rytila នាយករងជាន់ខ្ពស់ក្រុមហ៊ុន Microsoft ផ្នែកទូរស័ព្ទដៃ ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍រវាងក្រុមការងារប្លុក Conversations ជាមួយលោកស្រី Tuula Rytila បញ្ជាក់បន្ថែមជុំវិញ ដំណើរការ ផ្លាស់ប្តូរពី ផលិតផល របស់ក្រុមហ៊ុន Nokia ទៅជាក្រុមហ៊ុន Microsoft ដែលគេដឹងថា ជាកម្មសិទ្ធិរបស់ លោកមហាសេដ្ឋី ពិភពលោក Bill Gates ។
ឥឡូវនេះ យើងកំពុងចាប់ផ្តើមប្រតិបត្តិការផ្លាស់ប្តូរពី Nokia Lumia ទៅជា Microsoft Lumia ។ លោកស្រីអាចបញ្ជាក់បានទេ អំពីការផ្លាស់ប្តូរនេះ? តើនឹងមានការផ្លាស់ប្តូរអ្វីខ្លះ?
អ្នកស្រី Tuula នេះគឺជាពេលវេលាដ៏គួរឲ្យ រំភើបរីករាយសម្រាប់ ពួកយើង ក៏ដូចជាផលិតផល Lumia ដែរ ។ ដូចយើងបានឃើញរួចមកហើយ រយៈពេលពីរឬបីខែ កន្លងទៅនេះ យើងបានផ្លាស់ប្តូរឈ្មោះកម្មវិធី (Apps) មួយចំនួនរបស់យើង ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ថាកម្មវិធីទាំងនោះ ផ្តល់ជូនដោយ Microsoft ។
យ៉ាងណាមិញ គេហទំព័រពិភពលោក និងនៅតាមបណ្តា ប្រទេសនានាក៏ នឹងឆ្លងកាត់ការផ្លាស់ប្តូរឈ្មោះដែរ ក្នុងអំឡុងពេលប៉ុន្មាន ថ្ងៃខាងមុខនេះ។ ចំណែកឯឈ្មោះនៅ លើទំព័របណ្តាញសង្គម នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា Microsoft Lumia ។ យើងសូមអញ្ជើញប្រិយមិត្តគាំទ្រ Lumia ទាំងអស់បន្តតាមដានព័ត៌មាន អំពីពួកយើងទាក់ទងទៅនឹង ផលិតផលថ្មីៗ នៅលើទំព័រ Facebook, Twitter និង Instagram ។ ការផ្លាស់ប្តូរនេះក៏នឹងកើតមាន ចំពោះផលិតផល ការវេចខ្ចប់ ទីកន្លែងលក់ទូរស័ព្ទ ។ល។ ប្រតិបត្តិការ នេះស្របតាមគម្រោង របស់យើង ហើយយើងរីករាយឥត ឧបមាដោយបានពិនិត្យឃើញថា ការដាក់បញ្ចូលអាជីវកម្មទូរស័ព្ទដៃ ចូលទៅក្នុងក្រុមហ៊ុន Microsoft មានដំណើរការ យ៉ាងរលូន ។
តើពេលណាទើបយើងបានឃើញផលិតផលដំបូងគេដែលមានឈ្មោះ Microsoft Lumia?
អ្នកស្រី Tuula: ខ្ញុំសូមមិនអត្ថាធិប្បាយលើការប្រកាសផលិតផលអនាគត ប៉ុន្តែអ្វីដែលខ្ញុំអាចបញ្ជាក់ បានគឺយើងកំពុងរង់ចាំដល់ពេល ដាក់បង្ហាញ ផលិតផល Microsoft Lumia នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ វាគឺជារបត់ថ្មីមួយ ដែលកាលពីមុនទូរស័ព្ទ ទាំងអស់ធ្លាប់តែ ដាក់យីហោ Nokia ហើយបច្ចុប្បន្ន ត្រូវប្តូរទៅជា Microsoft ។ ដោយឡែក បទពិសោធន៍ប្រើប្រាស់នៃ Lumia ដែលអតិថិជនធ្លាប់ស្គាល់ ធ្លាប់ពោលសរសើរ ធ្លាប់ ស្រលាញ់ និងចូលចិត្តនោះ នឹងមិនមានការផ្លាស់ប្តូរទេ ។ លើសពីនេះ ផលិតផល Lumia នឹងផ្តល់នូវសេវាកម្មពី Microsoft កាន់តែប្រសើរឡើង ដូចជា Office, OneDrive, Skype និង Bing ជាដើម ដើម្បីជួយដល់ជីវិតការងារ និងជីវិតឯកជនរបស់អតិថិជន ។
តើអ្វីទៅជាទស្សនៈ វិស័យនៃ Lumia?
អ្នកស្រី Tuula: Microsoft ត្រូវបានបង្កើតឡើងដោយមានទស្សនៈវិស័យ «កុំព្យូទ័រមាននៅគ្រប់ផ្ទះ និងនៅគ្រប់តុ»។ យ៉ាងណាមិញ ស្មាតហ្វូន Lumia, Microsoft នឹងផ្តល់នូវ «សក្តានុភាព នៃបច្ចេកវិទ្យាទូរស័ព្ទចល័តដល់បណ្តាជនគ្រប់រូប» ។ យើងបានផ្តល់ជូនការបង្កើតថ្មីដូចជា មុខងារដ៏ជឿនលឿន នៃកាមេរ៉ា, ការសាកថ្មដោយពុំចាំបាច់ ដោតខ្សែក្នុងទូរស័ព្ទ, ការច្នៃម៉ូតទូរស័ព្ទនាំមុខគេ។ល។ ហើយយើងបានបញ្ចូលរបក គំហើយញថ្មីទាំងនេះ ទៅក្នុងស្រឡាយផលិតផលរបស់យើង។ ការបង្កើតថ្មីនឹងនៅតែបន្ត ។ Microsoft នៅតែបន្តខិតខំនាំយកបទពិសោធន៍ប្រើប្រាស់ Lumia កាន់តែប្រសើរឡើង ដើម្បីផ្តល់ដល់បណ្តាជនគ្រប់រូប។ ទន្ទឹមនឹងនេះ Lumia គឺជាសមាជិកមួយ នៃគ្រួសារផលិតផលរបស់ Microsoft ដូចជា Xbox, Windows និង Surface រួមជាមួយនឹងសេវាកម្ម ដ៏ច្រើនទៀតដូចជា Skype, Office និង Bing ។
តើនេះបានសេចក្តីថា ស្មាតហ្វូន Nokia Lumia ដែលកំពុងចរាចរ នៅលើទីផ្សារ នាពេល បច្ចុប្បន្ននឹងក្លាយទៅជា វត្ថុបុរាណ តើមែនទេ?
អ្នកស្រី Tuula: មិនមែនដូច្នោះទេ ! Microsoft បន្តលក់ និងផ្តល់ការគាំទ្រដល់ស្មាតហ្វូន Nokia Lumia ដែលកំពុងចរាចរនៅលើទីផ្សារ ។ ឧទាហរណ៍ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះ យើងបានប្រកាសចេញលក់ Lumia 830 និង Lumia 730/735 ។ ដូចខ្ញុំបានបញ្ជាក់ ពីខាងដើម បទពិសោធន៍ប្រើប្រាស់ Lumia ដែលច្រើនគ្នា និយមចូលចិត្តនោះ ពុំមានអ្វីផ្លាស់ប្តូរទេ។ យើងនៅតែបន្តអនុវត្តន៍ តាមប័ណ្ណធានា និងសេវាកម្ម Care ដូចសព្វដង ។
ទៅថ្ងៃអនាគត តើយើងនៅឃើញមានទូរស័ព្ទ Nokia បន្ថែមទៀតពី Microsoft ដែរឬទេ?
អ្នកស្រី Tuula: ប្រាកដណាស់! Microsoft នៅបន្តលក់ផលិតផលដែលមានយីហោ Nokia ទូរស័ព្ទតម្លៃទាបៗដូចជា Nokia 130 ជាសក្ខីភាពស្រាប់ ព្រោះយើងទទួលបានសិទ្ធិប្រើប្រាស់យីហោ Nokia ៕
