បុរសម្នាក់មកប្តឹងសមត្ថកិច្ចរឿងបាត់ម៉ូតូបែរជាត្រូវជាប់ខ្នោះខ្លួនឯងព្រោះមានដីកាចាប់ខ្លួន
នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ លោក តុន ម៉ូនី បានប្រាប់ឲ្យដឹងថា បុរសរូបនេះមានឈ្មោះ ស៊ុន ឆ័យ៉ា ហៅយ៉ា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយគាត់បានមកដាក់ពាក្យបណ្តឹងរឿងបាត់ម៉ូតូរបស់គាត់កាលពីវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅផ្ទះរបស់គាត់ ហើយម៉ូតូដែលចោរលួចយកទៅនោះមានម៉ាក SCOOPY ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AS-9247 ។ លោកបន្តថា នៅពេលគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ គាត់បានប្រាប់ឈ្មោះរបស់គាត់ ខណៈនោះលោកដឹងថាឈ្មោះនេះមានដីកាចាប់ខ្លួន លោកក៏ឃាត់ខ្លួនប្រគល់ឲ្យទៅខាងព្រហ្មទណ្ឌខណ្ឌដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ។
ដោយឡែក អធិការរងនគរបាលខណ្ឌដង្កោ លោក ឈឹម ប៊ុនរ័ត្ន ក៏បានបញ្ជាក់ឲ្យដឹងដែរថា បុរសរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ៥២៨ត/ព ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កែវ មុនី ។ លោកអធិការរងបន្តថា បុរសរូបនេះមានឈ្មោះ ស៊ុន ឆ័យ៉ា ហៅយ៉ា អាយុ២៣ឆ្នាំ ជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅក្រុម១ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ។
លោក ឈឹម ប៊ុនរ័ត្ន ក៏បានបង្ហើបឲ្យដឹងទៀតថា ក្នុងនោះក៏មានគូកន២នាក់ផ្សេងទៀតត្រូវបានជាប់ចោទដូចគ្នា ។ លោកថា មុនពេលឈានដល់ការឃាត់ខ្លួនជនជាប់ចោទរូបនេះ គឺឪពុករបស់គេបានឲ្យមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រឿងបាត់ម៉ូតូកាលពីព្រឹកថ្ងៃទី២៤តុលា ដល់ជនជាប់ចោទរូបនេះគាត់មកប្តឹងក៏មានឈ្មោះក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដង្កោក៏ចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌតែម្តង ។
លោក ឈឹម ប៊ុនរ័ត្ន ឲ្យដឹងទៀតថា ជនជាប់ចោទរូបនេះ តុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ តាមបទល្មើសប្បញ្ញតិ្តមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនតុលាការដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

ប្រភពពី នគរវត្ត
