មន្ត្រីរ៉ែខេត្តកំពត ទម្លាយរឿង ឃុបឃិតគ្នា បំបាត់លុយ សួយសារអាករ អាជីវកម្មវាយថ្ម របស់អ្នកស្រី ទេព សុខា រាប់សែនដុល្លារ
ប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ការដ្ឋានវាយយកថ្មសំណង់ របស់អ្នកស្រី ទេព សុខា យោងតាម អាជ្ញាប័ណ្ណ ដែលចេញដោយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លេខ ៩២៥ ឧរថ.រស.អប ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០០៩ គឺមានទីតាំងនៅតំបន់ភ្នំឃ្លៃ ភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ប៉ុន្តែ ពេលអ្នកស្រីធ្វើអាជីវកម្ម បែរជាទៅជីក និងវាយយកថ្មទៅលក់ ធ្វើអាជីវកម្មខុសពីច្បាប់បានអនុញ្ញាត ទៅវិញ ងាយស្រួលក្នុងការឃុបឃិត លួចបំបាត់ចំណូលសួយសារជូនរដ្ឋ ។ មិនតែប៉ុណ្ណោះ បើយោងតាមការទៅពិនិត្យមើលជាក់ស្ដែង ដល់រណ្តៅដែលអ្នកស្រីទេព សុខា ធ្វើអាជីកម្មគឺមានទំហំធំ ដែលតាមការពិនិត្យទៅតាមបច្ចេកទេស គឺអ្នកស្រីទេព សុខា វាយយកថ្ម លក់ មិនក្រោមពី ៥០ទៅ៦០ម៉ឺនម៉ែត្រគូបនោះឡើយ ។
យោងតាមច្បាប់រាល់ការធ្វើអាជីកម្មរ៉ែថ្មសំណង់ ម្ចាស់ត្រូវតែបង់សួយសារអាករ ជាចំណូលពន្ធចំនួន ០.៤ ដុល្លារជូនរដ្ឋក្នុង១ម៉ែត្រគូប ដូចនេះបើគិតទៅតាមទំហំរណ្ដៅយកថ្មរបស់អ្នកស្រីទេព សុខា គឺត្រូវ បង់សួយសារ អាករជូនរដ្ឋខ្ទង់រាប់សែនដុល្លារឯណោះ តែបើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីររ៉ែ និងថាម ពល ដែលទម្លាយ ចេញឲ្យដឹងវិញ គឺមានទឹកប្រាក់តិចតួចប៉ុណ្ណោះ ដែលអ្នកស្រី ទេព សុខា បង់សួយ សារជូនរដ្ឋ ។ ចំណែកទឹកប្រាក់នៅសល់ គឺគេចែកគ្នាពុករលួយស៊ីទៅតាមឋានានុក្រម រវាងមេៗថ្នាក់ មន្ទីរ និងថ្នាក់ខេត្ត ដោយមានមន្ត្រីក្រសួងមួយចំនួន ជាអ្នកឃុបឃិតបិទបាំងឲ្យផងដែរ ក្រោមលេសថា ទីតាំងវាយ យកថ្មមិនស្ថិតនៅក្នុងអាជ្ញាប័ណ្ណ ។
មន្ត្រីដែលដឹងរឿង បានអះអាងថា បើគេចង់រកបទល្មើស ឃុបឃិតគ្នាពុករលួយខាងលើនេះ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរតែបង្កើតគណ:កម្មការ ចុះទៅពិនិត្យមើលដល់ទីតាំងតែម្ដងទៅ ដើម្បីបានដឹង ច្បាស់ថា ការដ្ឋានវាយយកថ្មរបស់អ្នកស្រី ទេព សុខា មានទំហំប៉ុណ្ណា? ជីកត្រូវទីតាំងដែលច្បាប់បាន អនុញ្ញាតដែរឬអត់ ? ហើយគាត់បង់សួយសារជូនរដ្ឋត្រឹមត្រូវតាមច្បាប់ឬអត់? ដើម្បីកុំឲ្យថា គេចេះតែ ចោទផ្ដេសផ្ដាស ហើយបើរកឃើញថា ពិតជាជីកខុសទីតាំង និងបង់សួយសារជូនរដ្ឋមិនគ្រប់មែន ថ្នាក់ លើគួរតែមានវិធានការតាមផ្លូវច្បាប់ កុំឲ្យឈ្មួញ និងមន្ត្រីផ្សេងៗទៀតយកគំរូតាម ។
ប្រភពដោយឡែកមួយទៀត បានបង្ហើបឲ្យដឹងថា កន្លងមកទីតាំងជីកខុសល្មើសនឹងច្បាប់រ៉ែនោះ ធ្លាប់ត្រូវបានក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ពិនិត្យរកឃើញថា ខុសច្បាប់មែន ហើយចេញលិខិតឲ្យ បញ្ឈប់ការធ្វើអាជីកម្មម្ដងរួចមកហើយ តែដោយសារអំពើពុករលួយ រវាងថ្នាក់ខេត្ត និងឈ្មួញ គេក៏ចេះតែបិទភ្នែកឲ្យធ្វើអាជីវកម្មរហូតមក ។
ទោះបីមានបំរាម ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងបានទូរស័ព្ទព្រមានជាច្រើនលើកច្រើនសារ មកហើយ តែអ្នកស្រី ទេព សុខា មិនបានរៀងចាលឡើយ នៅតែជីកកាយយកថ្មយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ព្រោះអ្នកស្រី ទេព សុខា មានមន្រ្តីថ្នាក់ខេត្តមួយចំនួន ជួយការពារពីក្រោយខ្នង ។
ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ ដើមអម្ពិល មិន អាចធ្វើការទាក់ទង សុំការបំភ្លឺពីអ្នកស្រី ទេព សុខា បានឡើយ ព្រោះគ្មានលេខទូរស័ព្ទ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news
