និស្សិតច្បាប់ក្លាយជាតារាល្បី ក្រោយភៀសខ្លួនដ៏ជូរចត់
និស្សិតច្បាប់ឆ្នាំទី៣ ឈ្មោះ Park Yeon-mi ដែលបានភៀសខ្លួនពីកូរ៉េខាងជើងទៅកូរ៉េខាងត្បូង បានក្លាយជាតារាល្បីមួយរូបលើឆាកអន្តរជាតិ។
នាង Park Yeon-mi
នាង Park Yeon-mi និងគ្រួសារបានធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីពីកូរ៉េខាងជើងទៅកូរ៉េខាងត្បូង។ រយៈពេល៥ឆ្នាំ តាំងពីពេលនោះមក នាងបានរស់នៅទីក្រុងសេអ៊ូល ហើយបច្ចុប្បន្ន នាងជានិស្សិតច្បាប់សាកលវិទ្យាល័យ Dongguk។
នាងបានក្លាយជាតារាល្បីវ័យក្មេង ដែលតែងទទួលបានការសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ និងមានឈ្មោះបោះសំឡេងតាម បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក Twitter, Skype, WeChat ជាដើម។ ភាពល្បីល្បាញរបស់នាង បានធ្វើឱ្យមនុស្សលើពិភពលោកចាប់អារម្មណ៍ និងចង់ស្គាល់។
ជនភៀសខ្លួនរូបនេះ ក៏ឧស្សាហ៍បានទៅដើរកម្សាន្ត តាមបណ្ដាប្រទេសនានា លើពិភពលោកដែរ ហើយថែមទាំងបានចែករំលែករឿងជីវិតស្មុគស្មាញរបស់នាងដល់មនុស្សទាំងនោះទៀតផង។
ខែក្រោយនេះ Park Yeon-mi នឹងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ World Youth Leadership Summit ក្នុងទីក្រុង Dublin ប្រទេសអៀរឡង់។ ក្នុងកិច្ចប្រជុំនេះ នាងនឹងជួបអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ កូហ្វី អាណាន់, Irish rock, តារាចម្រៀងលោក Bob Geldof ,កំពូលអ្នកជិះទូកក្ដោងនាង Ellen MacArthur និងបុគ្គលល្បីៗជាច្រើនទៀត។
ពេលនឹកឃើញអតីតកាល នាងតែងមានអារម្មណ៍ថា ដូចជាបានទៅភពផ្សេង៖ “ឥលូវខ្ញុំជានិស្សិតច្បាប់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមនុស្សផ្សេងម្នាក់ទៀត។ ពេលខ្ញុំនៅកូរ៉េខាងជើង គ្មាននរណាម្នាក់សួរខ្ញុំ។ តើខ្ញុំគិតយ៉ាងម៉េច? តើខ្ញុំនឹងធ្វើអ្វីពេលអនាគត? តើក្ដីស្រមៃរបស់ខ្ញុំជាអ្វី? ពេលនេះខ្ញុំមានឆន្ទរបស់ខ្ញុំហើយ”។
ប្រវត្តិជូរចត់
ប្រវត្តិជូរចត់
នាង Park Yeon-mi កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៣ ក្នុងទីក្រុង Hyesan កូរ៉េខាងជើងជិតព្រំដែនចិន។ នាងមានប្អូនស្រីមួយ ហើយឪពុកជាមន្ទីររដ្ឋាភិបាល។ ក្នុងឆ្នាំ១៩៩០ ឪពុករបស់នាងរស់នៅពឹងលើការលក់លោហមានតម្លៃលួចលាក់ តែក្រោយមកត្រូវគេកាត់ទោសឱ្យជាប់គុក ពីបទប្រព្រឹត្តអំពើខុសច្បាប់។
ក្នុងឆ្នាំ២០០៥ ឪពុក Park Yeon-mi បានចេញពីគុក ព្រោះមានរោគមហារីក។ នាងនៅចាំបានថា ពេលនោះ ឪពុកមានសភាពធ្ងន់ធ្ងរណាស់។ ឆ្នាំ២០០៧ ប្អូនស្រីពៅរបស់នាង បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីកូរ៉េខាងជើង ហើយគ្រួសារក៏សម្រេចចិត្តតាមរក។
នាងនិងឪពុកបានធ្វើដំណើរឆ្លងកាត់ភ្នំបី ទន្លេមួយ និងកន្លែងជាច្រើនទៀត រហូតមកដល់ប្រទេសម៉ុងហ្គោលី និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០០៩ ។ ទោះបីជាយ៉ាងណា គ្មានដំណឹងពីប្អូនស្រីពៅរបស់នាងឡើយ។
មិនយូរប៉ុន្មាន ឪពុករបស់នាងបានស្លាប់នៅវ័យ៤៥ឆ្នាំ។ កាលនោះ Park Yeon-mi ដែលមានអាយុ១៩ឆ្នាំ និងម្ដាយ ក៏ចាប់ផ្ដើមជីវិតថ្មីនៅកូរ៉េខាងត្បូងនោះតែម្ដង។ ពួកគេបានធ្វើការជាអ្នកលក់ និងបុគ្គលិកបម្រើសេវាកម្ម ហើយប្រាក់ដែលរកបានអាចផ្គត់ផ្គង់ឱ្យ Park Yeon-mi ចូលរៀនវិញ។
ពិតជាសំណាងណាស់ ដែលនៅក្នុងខែមេសាឆ្នាំនេះ នាងបានជួបនឹងប្អូនស្រីពៅវិញ។ ខណៈនេះ Park Yeon-mi សង្ឃឹមថា នាងនឹងអាចបន្តការសិក្សា ផ្នែកទំនាក់ទំនងអន្តរជាតិនៅសហរដ្ឋអាមេរិក ក្រោយបញ្ចប់ការសិក្សាផ្នែកច្បាប់។ នាងមានក្ដីស្រមៃ ចង់ធ្វើការនៅអង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ហើយចែកចាយអ្វីដែលនាងមាន។
នាងបានប្រាប់អ្នកកាសែតថា បច្ចុប្បន្ននាង និងគ្រួសារមានជីវិត ដ៏មានសុភមង្គលមួយ៖ “ខ្ញុំសង្ឃឹមថា ខ្ញុំអាចត្រឡប់ទៅកូរ៉េខាងជើងនៅថ្ងៃណាមួយ ដើម្បីបញ្ចុះសពឪពុកលើទឹកដីកំណើត”៕
