លោក ស៊ុន ឆ័យ ស្នើសុំបញ្ជីបុគ្គលិក រដ្ឋសភា ដើម្បីត្រួតពិនិត្យ លើបុគ្គល ដែលយកសមាជិក គ្រួសារ ធ្វើការ
ការស្នើសុំ របស់លោកនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានទទួល ព័ត៌មាន ថា លោក មិត្ត ការ៉េន ដែលសព្វថ្ងៃ មានតួនាទីជាអគ្គលេខាធិការរងរដ្ឋសភា ដែលធ្លាប់មាន តួនាទីជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុបានយកឥទ្ធិពលរបស់ខ្លួន តែងតាំងក្រុមគ្រួសារខ្លួនជាច្រើននាក់ឲ្យ បម្រើការងារក្នុងរដ្ឋសភា និងមានតួនាទសំខាន់ៗ ។
លោក ស៊ុន ឆ័យ បានស្នើសុំឯកសារពាក់ព័ន្ធមន្រ្តី និងបុគ្គលិក ទាំងពេញសិទ្ធិ និងជាប់កិច្ចសន្យា ដើម្បី យកមកធ្វើជាមួលដ្ឋាន ក្នុងការពិនិត្យតាមដានការចោទប្រកាន់ ហើយស្នើសុំឲ្យផ្អាក ឬព្យួរតួនាទី ក្នុង គ្រួសារមិត្តការ៉េនជាបន្ទាន់ ដើម្បីឲ្យមានការស៊ើបអង្កេតរកការពិត ក្នុងការយកជន ដែលបានប្រព្រឹត្តបទ ល្មើសមកផ្តន្ទាទោសតាមច្បាប់ ។
ប្រភពខាងលើបន្តថា លោក មិត្ត ការ៉េន បានតែងតាំងកូន និងក្មួយជាច្រើនទៀត ជាមន្រ្តី និងបុគ្គលិក ក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលធ្វើឲ្យខាតបង់ថវិការដ្ឋសភាជាច្រើន ដែលទង្វើបនេះ ប្រសិនបើ ជាការពិតមែន គឺមានលក្ខណៈ ជាអំពើពុករលួយ ជាប្រព័ន្ធទ្រង់ទ្រាយធំ ដែលត្រូវមានវិធានការបញ្ឈប់ ជាបន្ទាន់ តាមរយៈការបញ្ឈប់ និងឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news
