ស្ថាប័នពីររបស់ក្រុមអ្នកមានអំណាចប្រទូសរ៉ាយដាក់គ្នាករណីប្រឡងបាក់ឌុបលើកទី២
ស្ថាប័នទាំងពីរនោះ គឺអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនិងប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការចោទប្រកាន់គ្នារវាងស្ថាប័នទាំងពីរនេះ មិនទាន់រកចំណុចដោះស្រាយបញ្ចប់បញ្ហាបាននៅឡើយ។
អង្គការក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើសន្និសីទកាសែតប្រកាសបដិសេធចំពោះការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយថា លោក នូ សុវណ្ណរ៉ា បាននាំមនុស្សចូលមណ្ឌលប្រឡងខុសច្បាប់។
លោក នូ សុវណ្ណរ៉ា ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអនុសារណៈយោគយល់គ្នា (MOU) សម្រាប់កិច្ចសហប្រតិបត្តិការចុះសង្កេតការណ៍វាយតម្លៃ និងត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបឆ្នាំ២០១៤។ លោក នូ សុវណ្ណរ៉ា បញ្ជាក់ក្នុងសន្និសីទកាសែតនៅស្នាក់ការកណ្ដាលរបស់លោកនៅភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ តុលា ថា ការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៣ តុលា ក្នុងសម័យប្រឡងបាក់ឌុបលើកទីពីរ មកលើរូបលោកនោះ គឺខុសការពិត ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោក ព្រមទាំងស្ថាប័នរបស់លោកផងដែរ។
លោកបន្តថា លោកបានពន្យល់ពីការភាន់ច្រឡំមកលើរូបលោកទៅអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក ឃាង សេង ហើយសុំឲ្យបញ្ចប់មន្ទិលសង្ស័យទាំងឡាយមកលើរូបលោកទៀត ប៉ុន្តែទីបំផុត លោក ឃាង សេង ពុំបានអនុវត្តតាមការព្រមគ្នាពេលនោះឡើយ៖ «យើងខ្ញុំក៏បានឆ្លើយតបថា ចំណុចទី១ អត់មានអ៊ីចឹងទេ។ ចំណុចទីពីរ អត់អ៊ីចឹងទេ។ ចំណុចទី៣ អត់អ៊ីចឹងទេ ដោយអោយគាត់បង្ហាញភស្តុតាងសាក្សីមកបំភ្លឺគ្រប់គ្នាមក ហើយគាត់ប្រាប់ថា រឿងហ្នឹងត្រូវបង្ហោះតាមហ្វេសប៊ុក (facebook) ហើយខ្ញុំបាននិយាយគ្នាថាកុំបង្ហោះអី យើងខ្ញុំអត់ខ្លាចអាម៉ាស់ទេ តែវាអាចប៉ះពារដល់អង្គភាព និងអង្គភាព ជាពិសេសទឹកចិត្តរបស់អ្នកស្ម័គ្រចិត្តយុវជនយើង ដែលទៅបម្រើលក្ខន្តិកៈនោះ»។
នៅក្នុងឱកាសប្រឡងបាក់ឌុបលើកទី២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយនៅថ្ងៃទី១៣ តុលា ដោយបញ្ជាក់ថា អង្គភាពនេះសម្រេចដកប័ណ្ណអ្នកសង្កេតការណ៍មួយរូបឈ្មោះ នូ សុវណ្ណារ៉ា ជាប្រធានអង្គការក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកាលពីសម័យប្រឡងបាក់ឌុបលើកទីមួយ បានប្រើឋានៈជាមន្ត្រីបម្រើការនៅអង្គការច្បាប់កម្ពុជា។
ក្នុងលិខិតដដែលរបស់អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា លោក នូ សុវណ្ណារ៉ា បានបំពានលើសេចក្តីណែនាំស្ដីពីការងារសង្កេតការណ៍ការប្រឡងបាក់ឌុបឆ្នាំ២០១៣-២០១៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ និងបានឆ្លៀតយកតួនាទីជាអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយទៅប្រើប្រាស់ជាអំណាចផ្ទាល់ខ្លួន បំពានលើដំណើរការប្រឡង និងបាននាំអង្គរក្សដើរឆ្វាត់ឆ្វែងចូលក្នុងមណ្ឌលប្រឡង និងបានទាមទារឲ្យខាងមណ្ឌលប្រឡង ត្រូវរៀបចំឲ្យខ្លួននូវលក្ខណៈពិសេសផ្តាច់មុខជាច្រើន ដែលខ្លួនមិនមានសិទ្ធិ។
អង្គភាពប្រឆាំងអំពើពុករលួយ គិតថា ទង្វើរបស់ឈ្មោះ នូ សុវណ្ណារ៉ា មានចេតនាបំផ្លាញដំណើរការល្អនៃការប្រឡងបាក់ឌុប។
យ៉ាងណា ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ មិនបានបញ្ជាក់ថានឹងចាត់វិធានការផ្លូវច្បាប់យ៉ាងណានោះទេចំពោះឈ្មោះ នូ សុវណ្ណារ៉ា ក្រៅតែពីការព្រមាន និងដកប័ណ្ណបញ្ឈប់ពីតួនាទីជាអ្នកអង្កេតការណ៍តទៅទៀត។
នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១៧ តុលា លោក នូ សុវណ្ណរ៉ា ទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបង្ហាញភស្តុតាងបញ្ជាក់ឲ្យច្បាស់លាស់ចំពោះចំណុចទាំងឡាយដែលបានចោទប្រកាន់រូបលោក។ លោកបន្តថា បើគ្មានភស្តុតាងមកបញ្ជាក់ទេ លោកចាត់ទុកថា ករណីនេះជាការបរិហារកេរ្តិ៍រូបលោក និងធ្វើឲ្យខូចឈ្មោះស្ថាប័នដែលលោកកំពុងដឹកនាំសព្វថ្ងៃនេះ។
ស្របពេលគ្នានេះ លោកបានផ្តល់លក្ខខណ្ឌថា ដើម្បីជួសជុលបញ្ហាខូចឈ្មោះនេះ លោកក៏មិនមានបំណងចង់ប្ដឹងតប ដែលនាំឲ្យមានបញ្ហាប្រឈមវែងឆ្ងាយនោះទេ ក៏ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែសុំទោស ឬចេញសេចក្តីប្រកាសព័ត៌មានកែតម្រូវថ្មី ដើម្បីលុបចោលសេចក្តីប្រកាសព័ត៌មានចាស់ដែលចោទប្រកាន់លើរូបលោកនោះ៖«និយាយសរុបមកវិញ ក្រោយពីដឹងថាខុសហើយ ខ្ញុំមិនបាច់ប្ដឹងទេ គ្រាន់ថា ឯកឧត្តម សាស្ត្រាចារ្យអីទេ ត្រឹមថាបងប្អូនសុំទោសទៅ ព័ត៌មានដែលខ្ញុំបានមកនេះវាខុស វាអត់ច្បាស់ វាគួរឲ្យសោកស្ដាយ ឬក៏មិនប៉ាច់ថាលោកស្ដាយក៏បានដែរ គ្រាន់តែថាមួយម៉ាត់ប៉ុណ្ណឹងមក ខ្ញុំអស់ចិត្តដែរ»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង ថ្លែងបញ្ជាក់នៅល្ងាចថ្ងៃទី១៧ តុលា ថា អង្គភាពប្រឆាំងអំពើពុករលួយ នៅតែរក្សាជំហរទទួលខុសត្រូវចំពោះសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី១៣ តុលា ពាក់ព័ន្ធនឹង លោក នូ សុវណ្ណរ៉ា នោះដដែល៖ «ចង់បដិសេធ គឺជារឿងរបស់គាត់ ប៉ុន្តែ ACU មានសាក្សីមានអីទាំងអស់ តើគាត់ចង់តទល់របៀបម៉េច ឲ្យគាត់មកតទល់ជាមួយអង្គភាពទៅរឿងហ្នឹងអ៊ីចឹង»។
លោកបញ្ជាក់ទៀតថា ការចេញសេចក្តីសម្រេចលើ លោក នូ សុវណ្ណរ៉ា គឺជារឿងបុគ្គលមិនជាប់ពាក់ព័ន្ធស្ថាប័នក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា នោះទេ។
ទោះយ៉ាងណា កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានចេញលិខិតថ្លែងអំណរគុណចំពោះ លោក នូ សុវណ្ណរ៉ា ក្នុងនាមជាតំណាងអង្គការច្បាប់កម្ពុជា ដែលបានរៀបចំក្រុមការងារចូលរួមសង្កេតការណ៍ក្នុងការប្រឡងបាក់ឌុប កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ឲ្យដំណើរការបានល្អ និងមានតម្លាភាព ហើយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ អង្គភាពដដែលនេះក៏បានប្រគល់លិខិតសរសើរជូនដល់ លោក នូ សុវណ្ណរ៉ា ដែរ៕
ប្រភពពី វិទ្យុអាស៊ីសេរី