សង្គមស៊ីវិល ប្រកាសជ្រើសរើសយុវជន ១៤៣នាក់ធ្វើសភាត្រាប់ ដូចតំណាងរាស្ត្រ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្តុំនៃអង្គការ និងសមាគមប្រមាណ ២០ ប្រកាសជ្រើសរើសយុវជនចំនួន ១៤៣នាក់ ក្នុងនោះ១២៣នាក់ តំណាងរាស្ត្រឲ្យសមាជិកសភា និងក្រៅពីនោះជាអ្នកសង្កេតការ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត។
សន្និសីទសារព័ត៌មានស្តីពី តម្រូវការនៃតម្លាភាព និងការទទួលបាននៃព័ត៌មាន ការអនុវត្តន៍ដំណើរការកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សនយោបាយទាំងពីរនាពេលកន្លងមក (រូបដោយ៖ សាមាន)
លិខិតរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលVOD ទទួលបាននៅថ្ងៃទី ២០ ខែតុលានេះ ឲ្យដឹងថា ការជ្រើសរើសយុវជនធ្វើសភាត្រាប់នេះ ដើម្បីផ្តល់ជូនគណៈកម្មការចម្រុះនៃគណបក្សទាំងពីរឲ្យពិចារណា ទទួលយកសេចក្តីស្នើច្បាប់នេះ។ លិខិតបញ្ជាក់ថាការបង្កើត «រដ្ឋសភាយុវជនត្រាប់» ដើម្បីបង្កើតឲ្យមានការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តី គ.ជ.ប ដោយតំណាងរដ្ឋសភាយុវជន ខណៈដែលពួកគេអាចអនុម័ត ឬកែលម្អសេចក្តីស្នើច្បាប់នេះ។ លិខិតដដែលឲ្យដឹងទៀតថា យុវជនទាំងនោះនឹងសិក្សាអំពីដំណើរការពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា និងដើរតួនាទីជាអ្នកតំណាងរាស្ត្រ និងដើម្បីចូលរួមក្នុងរដ្ឋសភា។
មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ និងព័ត៌មាន នៃអង្គការខុមហ្វ្រែល លោក សួន យុធ្យា ធ្លាប់ឲ្យដឹងថា ការធ្វើសភាត្រាប់នេះ ដើម្បីបង្ហាញពីវប្បធម៌បើកចំហរ និងទទួលបានព័ត៌មានទូលំទូលាយ ដើម្បីបានមតិច្រើនមុននឹងអនុម័តច្បាប់ទាំងឡាយឲ្យស្របតាមឆន្ទៈ ម្ចាស់ឆ្នោត។
លិខិតបញ្ជាក់ថាបេក្ខជនអាចដាក់ពាក្យតាមរយៈអ៊ីម៉ែល kimeng.yong@yahoo.com ឲ្យបានមុនថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ ដោយបញ្ជាក់ថាចង់ធ្វើជាតំណាងរាស្ត្រ ឬអ្នកសង្កេតការ។ បេក្ខជនដែលត្រូវជ្រើសរើសត្រូវ ជានិស្សិត មានអាយុ ១៧ឆ្នាំ ដល់៣០ឆ្នាំ មានការតាំងចិត្តខ្ពស់ក្នុងការចូលរួម៕ ប្រភព ៖VOD
