លោក សុន ឆ័យ ស្នើរដ្ឋសភាព្យួរការងារអគ្គលេខាធិការរងសភាសង្ស័យថាពុករលួយ
អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ សវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ បានផ្ញើលិខិតផ្លូវការមួយកាលពីថ្ងៃទី២២ ខែតុលា ទៅកាន់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដោយស្នើពិនិត្យបញ្ជីបុគ្គលិកសភាទាំងអស់ ព្រមទាំងពន្យល់ពីការគ្រប់គ្រងមិនត្រឹមត្រូវ។
លិខិតផ្លូវការរបស់ លោក សុន ឆ័យ ផ្ញើទៅកាន់ លោក ឡេង ប៉េងឡុង បានចុចឈ្មោះចំៗទៅលើអគ្គលេខាធិការរងរដ្ឋសភាឈ្មោះ មិត្ត ការ៉េន ដែលមានសាច់ញាតិជាច្រើននាក់បំពេញការងារនៅនាយកដ្ឋានខ្លាញ់ៗនៃរដ្ឋសភា។
លោក មិត្ត ការ៉េន ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ធ្លាប់កាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភាអស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ។ រយៈពេលដែលលោកកាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភា លោកបានតែងតាំងកូនប្រសាជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ តែងតាំងកូនស្រីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ តែងតាំងកូនប្រុសបង្កើតជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង តែងតាំងក្មួយស្រីបង្កើតជាប្រធានការិយាល័យសវនកម្ម មានប្អូនថ្លៃជាប្រធាននាយកដ្ឋានបុគ្គលិក និងមានកូនប្រសាជាអនុប្រធានការិយាល័យកាន់ប្រាក់បៀវត្សតំណាងរាស្ត្រ។
លោក សុន ឆ័យ មានប្រសាសន៍ថា គ្រួសារ លោក មិត្ត ការ៉េន បានក្តោបក្តាប់ការចាយវាយ និងត្រួតពិនិត្យចំណាយក្នុងរដ្ឋសភាទាំងមូល។ លោកថា នេះជាប្រព័ន្ធពុករលួយដែលធ្វើឲ្យរដ្ឋសភាកម្ពុជា រងនូវភាពអាម៉ាស់ធ្ងន់ធ្ងរ។ លោកបន្តថា លោកកំពុងរង់ចាំចម្លើយតបពីអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ហើយលោកនឹងលើកយកបញ្ហានេះទៅជជែកក្នុងសភាពេញអង្គពេលប្រជុំអនុម័តថវិកាជាតិនៅឆ្នាំនេះ៖ «ទី១ខ្ញុំស្នើឲ្យមានវិធានការ ហើយអគ្គលេខាធិការគាត់ធ្វើការ បន្ទាប់មកខ្ញុំស្នើទៅប្រធានគណៈកម្មការជំនាញទៅកាន់ប្រធានរដ្ឋសភាឲ្យចាត់ការ ឬមួយចាត់វិធានការខ្លួនគាត់ ខ្ញុំនឹងសុំឲ្យគណៈកម្មការអចិន្ត្រៃយ៍ចាត់ការ បើមិនចាត់ការ គាត់ត្រូវទទួលខុសត្រូវចំពោះរាស្ត្រដោយខ្លួនឯង»។
លោកបន្តថា ពន្លឺស៊ើបអង្កេតពីអំពើបក្ខពួកនិយមគ្រួសារនិយម ដែលសង្ស័យថាមានអំពើពុករលួយបានមកដោយសារមន្ត្រីក្នុងរដ្ឋសភា ស្នើឲ្យលោកត្រួតពិនិត្យពីបញ្ហានេះ។ លោកបន្តថា មន្ត្រីជាច្រើននាក់ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត បែរជាមិនបានទទួលគុណសម្បត្តិ ហើយរងនូវការគាបសង្កត់ថែមទៀត។
មន្ត្រីការិយាល័យអគ្គលេខាធិការរដ្ឋសភា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី២២ ខែតុលា ថា លោកមិនបានដឹងពីបញ្ហានេះទេ។ ហើយលោកប្រាប់ថា អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មិននៅក្នុងការិយាល័យឡើយ។ ចំណែកឯអគ្គលេខាធិការរងរដ្ឋសភា លោក មិត្ត ការ៉េន ដែលរងការចោទប្រកាន់វិញ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុក្នុងស្រុកថា ការចោទប្រកាន់នេះមិនពិតទេ ព្រោះថា ការតែងតាំងមន្ត្រីរាជការនៅទីនេះ គឺមានការវាយតម្លៃត្រឹមត្រូវ។ លោកបន្តថា អ្នកទាំងនោះ គឺត្រូវបានតែងតាំងពីសម័យសម្ដេចក្រុមព្រះជាប្រធានរដ្ឋសភាមកម្ល៉េះ។
ចំណែក លោកមេធាវី សុក សំអឿន វិញលើកឡើងថា បើសិនជាបញ្ហាពុករលួយកើតមានក្នុងរដ្ឋសភាមែននោះ អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិស៊ើបអង្កេតរឿងនេះ។
បច្ចុប្បន្ននេះ រដ្ឋសភាមានបុគ្គលិកក្របខ័ណ្ឌចំនួនជាង ៦០០នាក់ និងមានកម្មករអណ្ដែត ព្រមទាំងបុគ្គលិកជាប់កិច្ចសន្យាប្រមាណជាង ៥០០នាក់ទៀត។ មន្ត្រីរដ្ឋសភាមួយចំនួនឲ្យដឹងថា អ្នកដែលមកបំពេញការងារសព្វថ្ងៃនៅរដ្ឋសភា មានប្រមាណពី ២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ។ រឿងរ៉ាវពុករលួយក្នុងស្ថាប័នរដ្ឋសភានេះ ត្រូវបានទម្លាយដោយសារតែអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋសភា ដាក់សំណើទិញម៉ាស៊ីនថតចម្លង ១គ្រឿងថ្លៃ ៣ម៉ឺន ៥ពាន់ដុល្លារ។
លោក សុន ឆ័យ បញ្ជាក់ថា ទាល់តែបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស្រាវជ្រាវពីបញ្ហានេះ ទើបអាចបញ្ជាក់ការពិតបាន៕
_________________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី RFA
ប្រភពព័ត៌មានពី៖ អាស៊ីសេរី RFA
