ការប្រណាំងគោយន្តកាត់វាលភក់ដ៏ធំប្រចាំឆ្នាំនៅខេត្តត្បូងឃ្មុំ
លោក អូផាត ថាន់វ៉ារះឆន ដែលជាអគ្គនាយករងក្រុមហ៊ុនស្យាម គូបូតា ខបភើររេសិន បានមានសាសន៍ថា ការប្រណាំងគោយន្តដើរតាមលើទីលានដីភក់ជាប្រភេទកីឡាកម្សាន្តដ៏រីករាយមួយដែលមានប្រភពមកពីប្រទេសថៃ និងទទួលបានការពេញនិយមពីប្រជាកសិករថៃ ជាពិសេសបណ្តាកសិករ ដែលរស់នៅតាមតំបន់ភាគខាងជើង។ លោកបន្តថា រៀងរាល់ឆ្នាំមានការប្រណាំងគោយន្តដើរតាមប្រមាណ១០-១៥ ទីលាន និងមានអ្នកចូលរួមលើកទឹកចិត្តប្រមាណ ២ ០០០-៥ ០០០ នាក់។
ប្រជាកសិករនាំគ្នាត្រៀមនៅក្នុងការប្រណាំងគោយន្តដ៏សប្បាយរីករាយ។ រូបថត សហការី
ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ទាប់ពីហត់នឿយក្នុងរបរកសិកម្មនេះ លោក អូផាត បន្តទៀតថា ក្រុមហ៊ុនស្យាម គូបូតា ខបភើររេសិនចំកាត់ បានសហការជាមួយក្រុមហ៊ុន គូបូតា (ខេមបូឌា) មានផែនការក្នុងការពង្រីកកម្មវិធីប្រណាំងគោយន្តដើរតាមលើទីលានភក់នេះ ទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនិយមប្រើប្រាស់គោយន្តដើរតាមសម្រាប់ធ្វើស្រែចម្ការដោយចាប់ផ្តើមរៀបចំការប្រណាំងនៅក្នុងប្រទេសកម្ពុជាជាប្រទេសដំបូងគេ។
សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំការប្រណាំងនេះចំនួន៨លើកមកហើយដោយគិតចាប់តាំងពីឆ្នាំ២០១២ ក្នុងនោះមានដូចជាខេត្តតាកែវ បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាកសិករ ហើយនៅក្នុងបរិវេណនៃកម្មវិធីប្រណាំងយកជើងឯកលើកនេះ បានជ្រើសរើសយកកីឡាករ ដែលបានឈ្នះពីការប្រណាំងគោយន្តដើរតាមលើទីលានដីភក់ពីខេត្តទាំង៨ ខាងលើ មកចូលរួមប្រណាំងយកជើងឯកដំបូងគេ ប្រចាំប្រទេសកម្ពុជាផងដែរ។
ការប្រណាំងនោះត្រូវបែងចែកជា២ស៊េរី គឺម៉ាស៊ីនដែលមានកម្លាំង១២សេះ និង ម៉ាស៊ីនដែលមានកម្លាំង១៤សេះ។ ជុំចុងក្រោយបន្ទាប់ពីឆ្លងកាត់ការប្រណាំងយ៉ាងស្វិតស្វាញមក ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះ ដោយរង្វាន់ជើងឯកលេខ១ ទទួលបានពានមួយនិងទឹកប្រាក់១០០០ដុល្លារ។ លេខ២ ទទួលបានពានមួយនិងទឹកប្រាក់៧០០ដុល្លារ លេខ៣ ទទួលបានពានមួយ និងទឹកប្រាក់៥០០ដុល្លារ ហើយ លេខ៤ទទួលបានពានមួយ និងទឹកប្រាក់៣០០ដុល្លារ។
លើសពីនេះ ក្រុមដែលទទួលបានរង្វាន់ជើងឯកទាំងពីរប្រភេទនៅក្នុងឆ្នាំនេះនឹងទទួលបានការអញ្ជើញចូលរួមកម្មវិធីជើងឯកប្រណាំងគោយន្តប្រចាំប្រទេសថៃលើកទី៤ ប្រចាំឆ្នាំ ២០១៥ផងដែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
