ឡាយអិន សម្រក់ទឹកភ្នែក ព្រោះត្រូវភរិយា ពង្រាត់កូន ចេញពីដើមទ្រូង

10/24/2014 0 Comments A+ a-

lionភ្នំពេញ៖ បន្ទាប់ពីចំណងស្នេហារបស់ពិធីករ សម្បូរវោហាស័ព្ទលោក ឡាយអិន បានដើរដល់ផ្លូវបំបែក ដោយភរិយារបស់លោក បានដាក់ពាក្យប្តឹងសុំលែងលះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ រួចមិនទាន់បានប៉ុន្មានផង លោកក៏បានរៀបរាប់ការឈឺចាប់ និងសម្រក់ទឹកភ្នែកប្រាប់ឲ្យដឹងថា ទុក្ខរបស់លោកពេលនេះ គឺធ្ងន់ខ្លាំងលើសពីភរិយាសុំលែងទៀត ព្រោះថាពេលនេះលោកត្រូវរស់នៅ បែកឃ្លាតឆ្ងាយពីកូនៗសំណព្វចិត្តទាំង៣ ដោយមិនដឹងឡើយថា ពួកគេរស់នៅឯណា ។
នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះ ពិធីករ និងជា DJ រូបនេះ បានថ្លែងប្រាប់ឲ្យដឹង ទាំងសំឡេងអួលដើមក ថ្ងួចថ្ងូរថា ភរិយារបស់លោកធ្វើបាបលោកខ្លាំងណាស់ ដោយនាងបានពង្រាត់កូនៗ ចេញពីលោកទៅបាត់ស្រមោល ដោយទុកឲ្យលោករស់នៅកណ្តោចកណ្តែង ជាមួយការឈឺចាប់ និងការដង្ហើយដើររកកូនគ្រប់ច្រកល្ហក “ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះថាកូនៗជាទីស្រលាញ់របស់ខ្ញុំ ត្រូវបានឃ្លាតឆ្ងាយពីខ្ញុំហើយ ដោយភរិយាខ្ញុំគេបានលួចយកកូនៗ ចាកចេញពីខ្ញុំតាំងពីចុងខែកញ្ញា រហូតដល់ពេលនេះ ខ្ញុំនៅមិនទាន់បានជួបមុខកូនទេ ខ្ញុំពិតជានឹកកូនខ្លាំងណាស់ ពេលនេះខ្ញុំស្ទើរតែឆ្គួតទៅហើយ” ។
លោក ឡាយអិន បានប្រាប់ដោយសំឡេងសោកសៅ និងលាយឡំសំឡេងយំទៀតថា “កាលពីថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង ២៖៤៥នាទី ភរិយាខ្ញុំបាននាំកូនៗ ចេញពីផ្ទះទៅបាត់ស្រមោល តែពេលនោះខ្ញុំមិនគិតទេថា គ្រប់យ៉ាងវាធ្ងន់ធ្ងរបែបនោះ ដោយខ្ញុំគិតថា នាងទៅគ្រាន់តែមួយរយៈពេលខ្លី និងត្រឡប់មកវិញ តែដឹងអីក្រោយពីចេញទៅបានជិតមួយខែ នាងបានដាក់ពាក្យប្តឹងលែងលះខ្ញុំ ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងហាមឃាត់ខ្ញុំ មិនឲ្យជួបមុខកូនៗទាំង ៣ទៀត រហូតដល់ពួកខ្ញុំត្រូវ បានតុលាការកោះហៅ ខ្ញុំក៏បានជួបនាង តែនាងមិនបានយកកូនមកជាមួយទេ ព្រោះថានាងបាន យកទៅលាក់បាត់ហើយ” ។
លោកបានបន្តទាំងអារម្មណ៍ ខ្សឹកខ្សួលទៀតថា ពេលនេះលោកខំប្រឹងដើររកកូនគ្រប់ទីកន្លែង តែគ្មានដំណឹងកូនបន្តិចណាឡើយ អារម្មណ៍ពេលនេះលោកពិតជានឹកកូន និងចង់បីត្រកងកូនៗខ្លាំងណាស់ បើទោះជាភរិយារបស់លោក មានការខឹងសម្បារ និងចង់លែងលះលោកក៏ដោយ តែគេ (ភរិយា) គ្មានសិ្នទ្ធិណាមកពង្រាត់កូនចេញ ពីដើមទ្រូងឪពុកដូចជារូបលោកឡើយ ។ ជាការពិតឪពុកគ្រប់ៗរូប តែងតែធ្វើគ្រប់យ៉ាងដើម្បីកូន តែបើនាងអស់ចិត្តមិនស្រលាញ់លោក សុំត្រឹមតែឲ្យលោកជួបកូនៗ លោកវិញទៅបានហើយ ។
ជាមួយគ្នានោះ លោក ឡាយអិន ក៏បានផ្ញើសារទទូចទៅ ដល់ទស្សនិកជនទាំងអស់ផងដែរថា “ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ បានឃើញកូនទាំង ៣របស់ខ្ញុំ ថាពួកគេរស់នៅទីណា មេត្តាផ្តល់ដំណឹងឲ្យខ្ញុំ តាមរយៈលេខទូរស័ព្ទ 099 88 88 98 ផង អាណិតទឹកចិត្ត ឪពុកម្នាក់នេះផង ខ្ញុំខានបានជួបមុខកូន ជិត១ខែហើយ…”។
លោក ឡាយអិន ក៏បានបង្ហើបឲ្យដឹងទៀតថា លោកនឹងត្រូវឡើងតុលាការសាជាថ្មីម្តងទៀត (លើកទី២) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវេលាម៉ោង ៨ព្រឹក ។
ទោះបីជាយ៉ាងណា សម្រាប់ចំណុចវិវាទរបស់ពួកគេទាំងពីរនាក់ ដែលធ្វើឲ្យមានភាពរកាំរកូសមិនដាច់ស្រេចនោះ គឺប្រពន្ធប្ដឹងលែងលះ ហើយទាមទារយកកូនទាំង ៣នាក់ ទៅចិញ្ចឹម ប៉ុន្តែភាគីខាងលោក ឡាយអិន មិនព្រមឲ្យកូនទៅខាងភរិយាទេ ដោយលោកក៏ទាមទារយកកូនទាំង៣ មកចិញ្ចឹមដូចគ្នា។ ចំណុចប្រទាញប្រទង់គ្នានេះ គេមិនទាន់ដឹងថា តុលាការនឹងសម្រេចយ៉ាងណានោះទេ ខណៈការសាកសួរកាលពីលើកទី១ គ្រាន់តែជាជំហានដំបូង ដើម្បីសម្រុះសម្រួលគ្នាជាមុនសិនប៉ុណ្ណោះ ៕
____________________
ផ្តល់សិទ្ទិដោយ៖looking today