តារាថ្មីលេចមុខនៅកូរ៉េខាងជើងចំពេលមានពាក្យចចាមអារ៉ាមអំពីគីម ជុងអ៊ុន
បុរសឯកសណ្ឋានពណ៌បៃតងចាស់មួកធំពីលើបែបយោធាសូវៀតដែលបានធ្វើដំណើរកាត់អាកាសយានដ្ឋានធំនៃក្រុងសេអ៊ូលកាលពីសប្តាហ៍មុនបានឡើងមកពីមុខតំណែងការិយាល័យដែលគេមិនសូវស្គាល់មួយនៅកូរ៉េខាងជើងមកកាន់តំណែងមានឥទ្ធិពលបំផុតនៅក្រៅត្រកូលកាន់អំណាចរបស់គីម។
លោកហ្វាង ព្យ៉ុង សូ (Hwang Pyong So) ឥឡូវជាជំនួយការយោធាជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានឡើងមកដល់ថ្នាក់កំពូលដោយគ្មាននរណាអាចស្មានបានជាមុននៅក្នុងក្រុមថ្នាក់ដឹកនាំកូរ៉េខាងជើងក្នុងរយៈពេលតែប៉ុន្មានឆ្នាំ។ជាមួយនឹងពាក្យចចាមអារ៉ាមអំពីទីកន្លែងស្នាក់នៅរបស់លោកគីម ក្រោយការបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយអស់ពេលជាងមួយខែ លោកហ្វាងកាន់តែត្រូវបានគេចាប់អារម្មណ៍។
លោកហ្វាង ព្យ៉ុង សូ(ឆ្វេង) ជំនួយការជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើង បានចូលរួមពិធីបិទកីឡាអាស៊ីកាលពីថ្ងៃ៤តុលា
កាលពីសប្តាហ៍មុន លោកជាប្រធានគណៈប្រតិភូមួយដែលបានមកកាន់ទីក្រុងសេអ៊ូលសំរាប់ចូលរួមពិធីបិទបញ្ចប់កីឡាអាស៊ីនៅទីក្រុងអ៊ិនឈ័នជាមួយនឹងការជូនដំណឹងជាមុនតែបន្តិច។លោកជាមន្ត្រីថ្នាក់ខ្ពស់បំផុតក្នុងចំណោមមន្ត្រីមកពីកូរ៉េខាងជើងដែលធ្លាប់មកទស្សនកិច្ចកូរ៉េខាងត្បូង និងមតិកំពុងបែងចែកគ្នាអំពីថាតើនេះអាចជាសញ្ញាមួយនៃចលាចលនៅក្នុងរដ្ឋាភិបាលក្រុងព្យុងយ៉ាងឬ។
ហ្វាង ដែលមានវ័យចន្លោះពី៦៤ទៅ៦៥ឆ្នាំ បានស្ថិតនៅក្នុងនាយកដ្ឋានអង្គការនិងការណែនាំ ជាអង្គការសម្ងាត់និងមានឥទ្ធិពលមួយដែលពិនិត្យសំរេចការតែងតាំងនៅក្នុងក្រុមមេដឹកនាំកូរ៉េខាងជើង និងបានឡើងដល់ជនសំខាន់លំដាប់ទី២ នេះបើយោងតាមអ្នកជំនាញកូរ៉េខាងជើងនិងក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនត្រូវបានគេលែងឃើញមុខជាសាធារណៈអស់ជាង១ខែមកហើយ និងបើលោកមិនបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍នយោបាយដ៏សំខាន់នៅថ្ងៃសុក្រទី១០តុលានេះទេ ពាក្យចចាមអារ៉ាមនឹងរឹតតែសុះសាយខ្លាំងអំពីសុខភាពរបស់លោកនិងការកាន់កាប់អំណាចរបស់លោកនៅក្នុងរដ្ឋអាថ៌កំបាំងមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដែលតែងតែចាក់ផ្សាយសកម្មភាពរបស់មេដឹកនាំវ័យ៣១ឆ្នាំរូបនេះ មិនបាននិយាយអំពីសកម្មភាពរបស់លោកចាប់តាំងពីលោកគីមបានបង្ហាញមុខជាមួយប្រពន្ធនៅការប្រគុំតន្ត្រីមួយកាលពីថ្ងៃ៣កញ្ញា។
ថ្ងៃសុក្រនេះជាខួនទី៦៩នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង ជាព្រឹត្តិការណ៍មួយដែលោកគីមបានកត់សំគាល់គ្រប់ពេលនៅ២ឆ្នាំកន្លងមក។
ឃឺទីស មេលវីន អ្នកសិក្សាស្រាវជ្រាវនៅវិជ្ជាស្ថានអាមេរិក-កូរ៉េនៅក្រុងវ៉ាស៊ីនតោន បាននិយាយថា”ប្រសិនបើលោកមិនបានបង្ហាញមុខ វានឹងរឹតតែនាំអោយមានពាក្យចចាមអារ៉ាមា មេដឹកនាំកូរ៉េខាងជើងរូបនេះជួបពេលវេលាលំបាកអ្វីមួយ។លោកបាត់មុខយូរប៉ុណ្ណា ភាពមិនប្រាកដប្រជាអំពីលោករួមទាំងរបបរបស់លោកកាន់តែមានខ្លាំងនៅពេលនោះ “៕ ប្រភព ៖ CEN