អូស្ត្រាលី៖ ច្រានអ្នកក្រចេញ អញ្ជើញអ្នកមានចូល
ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ នោះរដ្ឋការអូស្ត្រាលីបានច្របាច់ក្បាលគិតរបៀបទាញយកទុនវិនិយោគធំៗ ។ មុខសញ្ញា “ខ្លាញ់” គឺសេដ្ឋីប្រាក់លានដែលមានបំណងធ្វើអន្តោប្រវេសន៍មករស់នៅទីនេះ ។
AFP ឲ្យដឹងថាៈ នៅថ្ងៃទី ១៤ តុលា ម្សិលមិញនេះ រដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា នឹងប្រកាសជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ ពីសណ្ឋានទិដ្ឋាការថ្មី ហៅថាៈ “ទិដ្ឋាការវិនិយោគជាន់ខ្ពស់” ដោយសន្យានឹងផ្តល់ឲ្យភ្លាម នូវទិដ្ឋាការស្នាក់នៅរង្វង់ ១ ឆ្នាំ ចំពោះអ្នកមាន “ចិត្តធំ” សុខចិត្តចំណាយលុយ ១៥ លានដុល្លារអូស្ត្រាលី (១៣ លានដុល្លារសហរដ្ឋអាមេរិក) វិនិយោគមកប្រទេសខ្លួន ។
ទិដ្ឋាការថ្មីនេះ មានប្រសិទ្ធភាពពីខែ កក្កដា ឆ្នាំ ២០១៥ មុននេះដែរ គេមានរៀបចំឡើងតាមកម្មវិធី “វិនិយោគគួរឲ្យកត់សំគាល់” ចំពោះអ្នកសម្រេចចិត្តវិនិយោគ ៥ លាន AUD នឹងបាមផ្តល់ទិដ្ឋាការ ៤ ឆ្នាំ ។
ស្ថិតិដែលទទួលបាន គឺមានទិដ្ឋាការ “វិនិយោគ” គួរឲ្យកត់សំគាល់ ប្រមាណ ៤៣៦ ត្រូវបានផ្តល់ឲ្យតាំងពីថ្ងៃទី ២៤ វិច្ចិកា ២០១២ -ពេលវេលាចាប់ផ្តើមនៃកម្មវិធីនេះ- មកទល់ចុងខែកញ្ញា ២០១៤ ។
កម្មវិធីនេះ ទាក់ទាញបានទឹកប្រាក់ ២,១៨ AUD សម្រាប់សេដ្ឋកិច្ចអូស្ត្រាលី ហើយក្នុងនោះ មាន ៨៨% ជាពលរដ្ឋដើមកំណើតចិន ។
នាយករដ្ឋមន្ត្រី Tony Abbott របស់អូស្ត្រាលី ពោលថាៈ រដ្ឋាភិបាលនឹងកែទម្រង់កម្មវិធីខាងលើ ដើម្បីលើកទឹកចិត្តឲ្យអ្នកមានច្រើនជាងនេះទៀត មករស់នៅអូស្ត្រាលី ។
ខណៈពេលនោះ ពីថ្ងៃទី ១៥-១៧ ខែ តុលា ឆ្នាំ ២០១៤ នេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បែរជាមកកាន់កម្ពុជា ដើម្បីរកកន្លែង “ទុកដាក់” អ្នកក្រទៅវិញ ។ នេះឬ ជាការរើសអើង ? ៕ ដោយ៖ ស្ថាបនា
