បាក់ច្រាំងទន្លេ នៅឃុំសូរគង ស្រុតផ្ទះចូលទន្លេ និងបាក់បង្គោលភ្លើង នាំឲ្យដាច់អគ្គិសនី ទាំងស្រុង

10/18/2014 0 Comments A+ a-

fall landកំពង់ចាម ៖ ច្រាំងទន្លេ ស្ថិតនៅ ភូមិបឹងសាងកើត ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានទំហំ ១០០ គុណ២០០ម៉ែត្រ បានបាក់ ចូលច្រាំងទន្លេ កាលពី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បណ្តាលឲ្យផ្ទះ មន្រ្តីនគរបាល ប៉ុស្តិ៍ម្នាក់ និង បង្គោលភ្លើង បាក់ចូលទន្លេ នាំឲ្យភ្លើងអគ្គិសនី ត្រូវដាច់ទាំងស្រុង ។
មន្រ្តីនគរបាល ស្រុកកងមាស បានថ្លែងឲ្យដឹងថា «មកដល់ម៉ោង ៨៖១០នាទី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ច្រាំងទន្លេ បានបន្តបាក់ រហូតប្រមាណ ១០០គុណ២០០ម៉ែត្រ ហើយ រលំបង្គោល ភ្លើង១ដើម ធ្លាក់ចូលទន្លេដូច្នោះ ភ្លើងអគ្គិសនី ឃុំនៅខាងក្រោម ត្រូវ ដាច់ទាំងស្រុង»។
មន្រ្តីនគរបាលដដែល បានបន្ត ទៀតថា ផ្ទះថ្មំរបស់លោក ផាត ប៊ុនថន នាយរង នគរបាល ប៉ុស្តិ៍ឃុំសូរគង ក៏បាន បាក់ចូលទន្លេផងដែរ។ យ៉ាងណាក៏ដោយ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បាន បញ្ជាក់ថា ក្រោយ ទទួលនូវសេចក្តីរាយការណ៍ភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាល មួយចំនួន ចុះទៅជួយ អន្តរាគមន៍ជា បន្ទាន់ តាំងពីយប់មិញមកម្ល៉េះ តែការបាក់នេះ កើតឡើងលឿនពេក ដែលមិនអាច ជួយទប់បាន ភ្លាមៗ ។
បើតាមលោកស្នងការ រហូតមក ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះ កម្លាំងនគរបាល របស់លោក សហការ ជាមួយ ជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បាននិងកំពុងជួយអន្តរាគមន៍ នៅកន្លែងបាក់នោះហើយ ។ សម្រាប់ គ្រោះធម្មជាតិមួយនេះស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បាន បញ្ជាក់ថា ពុំមាន គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងសត្វពាហនៈនោះទេ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news