ពុទ្ឋបរិស័ទចំណុះជើងវត្តភ្នំ​ខ្ពស់ ជំទាស់ទៅនិងការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី

10/22/2014 0 Comments A+ a-

M21-10-14-l2-fullបាត់ដំបង​៖ ​ពុទ្ឋបរិស័ទចំណុះជើងវត្តភ្នំ​ខ្ពស់ប្រមាណ​ជាង ​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា ជំទាស់​ទៅ​នឹង​ក្រុមការងារ​​ធម្មការ​ស្រុក ​អនុគណ​ស្រុក និង​អាជ្ញាធរ​ចូលរួម​ប្រកាសតែងតាំង​ព្រះ​ចៅ​អធិការ​វត្ត​ថ្មី ​ជំនួស​ព្រះ​ចៅ​​អធិការ​ចាស់។ ការជំទាស់របស់ក្រុមពុទ្ឋបរិស័ទចំណុះជើងវត្តមួយនេះ បានធ្វើឡើងកាលព្រឹក​ថ្ងៃ​ទី២១​ ខែ​តុលា ​ឆ្នាំ​២០១៤ នៅ​ក្នុង​ចំណុច​វត្តភ្នំ​ខ្ពស់ ស្ថិត​ក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។
ពុទ្ឋបរិស័ទចំណុះជើងវត្តភ្នំ​ខ្ពស់មួយ​ចំនួន​ បាន​និយាយ​ថា រយៈពេល​៣​ថ្ងៃ​មក​ហើយ ចាប់​តាំងពី​ថ្ងៃទី១៩ ខែ​តុលាមក​ម្ល៉េះ ​គឺ​មាន​ប្រជាពលរដ្ឋ​មកពី​ស្រុក​ឆ្ងាយៗ​ ខ្លះ​មក​តាំងពី​ខេត្ត​ប៉ៃលិន ​​ចូលរួម​គាំទ្រ​ព្រះ​ចៅ​អធិការ​ស្ដីទី​ចាស់ ព្រះនាម ឃឹម សំអឿន មាន​ព្រះជន្ម៣៤​​វស្សា​ដែល​បាន​បួស​និង​គ្រង​នៅ​ក្នុង​វត្តភ្នំ​ខ្ពស់​នេះ ​អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ​ព្រមទាំង​បាន​កសាង​នូវ ​សមិទ្ធផល​ក្នុង​វត្ត​យ៉ាង​ច្រើន​ថែម​ទៀត​ផង។
យោង​តាម​របាយការណ៍ ​របស់​ក្រុមការងារ ​ដែល​មាន​អាជ្ញាធរ អនុគណ​ស្រុក និង​ធម្មការ​ស្រុក ​បាន​ចុះ​មក​ក្នុង​គោលបំណង ​ប្រកាស​តែងតាំង​ព្រះ​ចៅអធិការ​ថ្មី​ ព្រះនាម ដួង សា​ខន មាន​ព្រះជន្ម​៦៣​វស្សា​ ជំនួស​ព្រះអង្គ ឃឹម សំអឿន ដែល​បច្ចុប្បន្ន​ជា​ព្រះចៅ​អធិការ​ស្តីទី​នៅ​ឡើយ។ ប៉ុន្តែ​ត្រូវ​បានពុទ្ឋបរិស័ទចំណុះជើងវត្ត​​ធ្វើការ​ជំទាស់​ ដោយ​សុំ​ឲ្យ​បង្ហាញ​អំពី​មូលហេតុ​ច្បាស់លាស់។
ចំណែក​ព្រះអង្គ ឃឹម សំអឿន បាន​មាន​សង្ឃ​ដីកា​ថា ថ្វីត្បិតតែ​ព្រះអង្គ​គ្រង​ជា​ចៅអធិការ​ស្តីទី​ អស់រយៈពេល​ជាង​១០​ឆ្នាំ ​ក៏ដោយ ​គឺ​នៅ​ពេលនេះ ​ព្រះអង្គ​មិន​ទាមទារ​អ្វី​ទាំងអស់ ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម​ទៅតាម​ឆន្ទៈ​របស់​រាស្ត្រ បើ​ពួកគាត់​ឲ្យ​ចុះចេញ​ គឺ​ព្រះអង្គ​ចុះ​ភ្លាម​ តែ​បើ​ពួក​គាត់​ជំទាស់​ដោយ​សុំ​ឲ្យ​ នៅ​គ្រង​ដដែល​ គឺ​ព្រះអង្គ​នឹង​នៅ​គ្រង​បន្ត​ទៀត​ ហើយ​ក្នុង​នាម​ជា​ចៅអធិការ​ គឺ​ព្រះអង្គ​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​អ្វី​នោះ​ឡើយ។
បញ្ហា​ប្រឆាំង​ជំទាស់​នេះ ​រហូតមកដល់​រសៀល​ថ្ងៃ​ទី​២១​ ខែ​តុលា ​គឺ​នៅ​មិនទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ដោយ​កំពុង​ជួប​​ពិភាក្សា​គ្នា​​នៅ​ឯសាលា​ខេត្ត​បាត់ដំបង​ និង​ដោះស្រាយ​បញ្ហា​នេះ​។
M21-10-14-l2-full
M21-10-14-l-full
M21-10-14-l1-full
ប្រភពពី Free Press Magazine