សាលាក្ដីខ្មែរក្រហមព្រមានមេធាវី នួន ជា និង ខៀវ សំផន
ការព្រមាននេះគឺបន្ទាប់ពីក្រុមមេធាវីការពារក្ដីបានធ្វើពហិការ ដោយដើរចេញពីបន្ទប់សវនាការសំណុំរឿង ០០២ វគ្គ ២ កាលពីថ្ងៃទី១៧ ខែតុលា និងពុំបានបង្ហាញវត្តមានក្នុងកិច្ចប្រជុំរៀបចំសវនាការកាលពីថ្ងៃទី២១ តុលា ដែលតុលាការចាត់ទុកថា ជាសកម្មភាពរារាំងកិច្ចដំណើការនីតិវិធី។
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបង្គាប់អោយក្រុមមេធាវីការពារ លោក នួន ជា និងលោក ខៀវ សំផន ត្រូវចូលរួមកិច្ចប្រជុំរៀបចំសវនាការដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៨ ខែតុលា។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមបានបញ្ជាក់ថា នោះគឺជាកិច្ចប្រជុំអសាធារណៈដែលជាឱកាសសំខាន់អោយក្រុមមេធាវី ជាពិសេសមេធាវីការពារអតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម លោក ខៀវ សំផន ពិភាក្សាបញ្ហាជាមួយសាលាក្ដី។
ឆ្លើយតបបញ្ហានេះ មេធាវីជាតិការពារអោយលោក ខៀវ សំផន គឺលោក គង់ សំអុន ហៅការព្រមាននេះថា ជារឿងអយុត្តិធម៌ចំពោះក្រុមលោក។ លោកថា ក្រុមលោកមានហេតុផលគ្រប់គ្រាន់ក្នុងការចាកចេញពីសវនាការ ហើយហេតុផលចម្បងបំផុតនោះគឺក្រុមលោកតម្កល់ប្រយោជន៍កូនក្ដីជាធំ៖ «សំឡេង»។
លោក គង់ សំអុន នៅមិនទាន់បញ្ជាក់បានទេ ថាតើលោកនឹងទៅចូលរួមកិច្ចប្រជុំរៀបចំសវនាការទៅតាមការបង្គាប់របស់សាលាដំបូងនេះ ឬយ៉ាងណានៅឡើយ ដ្បិតលោកត្រូវជួបប្រជុំរកការសម្រេចក្នុងក្រុមជាមុនសិន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីលោក សុន អារុណ មេធាវីជាតិការពារអតីតប្រធានសភានៃរបបខ្មែរក្រហម លោក នួន ជា បាននៅឡើយទេ។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា សាលាក្ដីនៅមិនទាន់បង្ហាញថា តើនឹងមានវិធានការយ៉ាងណានៅឡើយទេ ចំពោះក្រុមមេធាវីការពារប្រសិនបើពួកគាត់បន្តមិនចូលប្រជុំតាមការបង្គាប់របស់សាលាដំបូង។
ក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន តែងតែស្នើសុំឱ្យសាលាក្ដីខ្មែរក្រហមសម្រេចលើសំណុំរឿង ០០២ វគ្គ ១ ឱ្យចប់សព្វគ្រប់សិន មុននឹងចាប់ផ្ដើមសំណុំរឿង ០០២ វគ្គ ២។ ចំណែកជនជាប់ចោទ នួន ជា សុំឱ្យតុលាការបញ្ឈប់សវនាការ ០០២ វគ្គ ២ សិន មុននឹងមានសេចក្ដីសម្រេចអំពីបណ្ដឹងដិតចិត្តរបស់លោក៕
ប្រភពពី វិទ្យុអាស៊ីសេរី
