បញ្ជូនក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ ទៅតុលាការ រឿងបង្កើតទ័ពខុសច្បាប់
ភ្នំពេញ: ជនសង្ស័យ ដែលជាសមាជិក ចលនារណសិរ្ស រំដោះជាតិខ្មែរ ចំនួន១០នាក់ ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច បញ្ចូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា សាកសួរបន្ត នៅថ្ងៃទី២៥ ខែតុលា នេះ។ ប៉ុន្តែតុលាការ នៅមិនទាន់បញ្ចប់ នីតិវិធីនៅឡើយទេ មុននឹងសម្រេច ចោទប្រកាន់ ឬដោះលែង។
សមាជិកចលនា រណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានមានប្រសាសន៍ថា សមាជិករណសិរ្ស រំដោះជាតិខ្មែរ ចំនួន១០នាក់ (ជាបុរសទាំងអស់) ដែលត្រូវបានចាប់ខ្លួន មានដូចជា ១-ឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ២-ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ និងធ្វើសំណង់។ ៣-ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ។ ៤-ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល នៃសាកលវិទ្យាល័យបាត់ដំបង។ ៥-ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ។ ៦-ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន។ ៧-ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ៨-ឈ្មោះ ចាន់ រ៉ា អាយុ ២៣ឆ្នាំ មុខរបរកសិករ។ ៩-ឈ្មោះ អាន ចាន់ អាយុ ៣៥ឆ្នាំ មុខរបរកសិករ និងទី១០-ឈ្មោះ ចាន់ ស្នា អាយុ ២៧ឆ្នាំ មុខរបរកសិករ។
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបន្តថា នៅក្នុងការឃាត់ខ្លួន ជនសង្ស័យទាំង ១០ នាក់ ខាងលើនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន។ សមាជិកចលនា រណសិរ្សរំដោះជាតិ ទាំង១០នាក់នោះ ត្រូវបានសមត្ថកិច្ចសាកសួរ និងបំពេញសំណុំរឿង តាមនីតិវិធី និងបានបញ្ជូនទៅតុលាការ។
មន្ត្រីជាន់ខ្ពស់ប៉ូលិសជាតិ បានបញ្ជាក់ថា ចលនានេះ គឺមានគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាង កម្លាំងប្រដាប់អាវុធ ដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់ មកស៊ើបទីតាំង យោធាសំខាន់ៗ ធ្វើសកម្មភាពបាចខិត្តប័ណ្ណ ប្រឆាំងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេវរកម្ម ដាក់គ្រឿងផ្ទុះ ដោយសម្ងាត់ នៅតាមជាយដែនប្រទេសថៃ។ កសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមែប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មាន ចេញទៅមេក្លោង នៅដាណឺម៉ាក។
គួរបញ្ជាក់ថា ចលនារណសិរ្សរំដោះជាតិខ្មែរ គឺមានឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប មានមូលដ្ឋាន នៅប្រទេសដាណឺម៉ាក។ ចលនានេះ ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសថៃ។
ប្រវត្តិសកម្មភាព របស់មេចលនារណសិរ្ស រំដោះជាតិខ្មែរ ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប ជាសមាជិក ក្នុងចលនាខ្លារំដោះ (សោម ឯក ជាប្រធាន) បានរត់គេចខ្លួន បន្ទាប់ពីតុលាការ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធសកម្មភាពភេវរកម្ម ដាក់បង្កៃគ្រឿងបំផ្ទុះ ក្នុងសួនច្បារ មុខទីស្តីការគណៈរដ្ឋមន្ត្រី និងមុខអតីតស្ថានីយទូរទស្សន៍ រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ កាលពីដើមឆ្នាំ២០០៩ និងសកម្មភាពចាប់ជំរិត ប្លន់ប្រដាប់អាវុធ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នគរបាលជាតិកម្ពុជា សហការជាមួយអាជ្ញាធរថៃ បានចាប់ខ្លួនមេខ្លោង រណសិរ្សរំដោះជាតិខ្មែរ ចំនួន៤នាក់ (ជាបុរសទាំងអស់) រួមមាន ទី១-ឈ្មោះ ថាច់ កុងភួង ហៅ ថាច់ ហ្វាង ហៅ ថាច់ កុសល អនុប្រធានរណសិរ្សរំដោះជាតិខ្មែរ, ទី២-ឈ្មោះ កែវ គឹមយ៉ាន ហៅ កែវ គឹមស្រ៊ុន ហៅ យ៉ាន គឹមស្រ៊ុន ជានាយកប្រតិបត្តិការទូទៅ របស់រណសិរ្សរំដោះជាតិខ្មែរ, ទី៣-ឈ្មោះ យាន យឿប សកម្មជនរបស់រណសិរ្សរំដោះជាតិខ្មែរ និងទី៤-ឈ្មោះ ខេម រ៉ា សកម្មជនរណសិរ្សរំដោះជាតិខ្មែរ៕ ប្រភព ៖ CEN
