សមត្ថកិច្ច កំពុងតាម ប្រមាញ់ ក្រុមចោរ បាញ់អ្នក លក់មាស នៅផ្សារព្រៃខ្មែរ

10/23/2014 0 Comments A+ a-

HO-0835ជនរងគ្រោះ អស់មាស ២០តម្លឹង បា្លទីន២៥ តម្លឹង លុយ២ម៉ឺន ដុល្លារ និង៥០ លានរៀល
កំពង់ឆ្នាំង  ៖ ករណីក្រុមចោរ ប្រើប្រាស់ កាំភ្លើងអាកានិងកាំភ្លើងខ្លី បាញ់ស្រោចទៅ លើអាជីវករលក់មាស ប្ដូរលុយពីរនាក់បង ប្អូនប្រចាំផ្សារព្រៃខ្មែរ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងឃុំរលាប្អៀរ ស្រុកលារប្អៀរ ខេត្ដកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ ស្ថិតក្រោមការតាមដាននិង ស៊ើបអង្កេតយ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត ពីសំណាក់សមត្ថកិច្ច ជំនាញព្រហ្មទណ្ឌ ខណៈដែលក្រុមចោរប្លន់ទាំងនេះ បាននឹងកំពុងបន្ដមានសេរីភាពនោះ ។
ថ្លែងដោយការប្រយ័ត្នប្រយ៉ែង នៅក្នុង ករណីប្លន់ប្រដាប់អាវុធជាលើកដំបូង នៅ ផ្សារព្រៃខ្មែរខាងលើនេះ ស្នងការនគរបាល ខេត្ដកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ ប្រាក់ វុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា “យើងកំពុងបន្ដអង្កេតទៀត ហើយចាំលទ្ធផល យ៉ាងណានោះ នឹងផ្ដល់តាមក្រោយ ” ។
លោកឧត្ដមសេនីយ៍ស្នងការ មិនទាន់ អាចបញ្ជាក់ព័ត៌មានលំអិតបាននៅឡើយទេ ដោយសារករណីនេះ កំពុងតែដំណើរការតាម ដានយ៉ាងប្រយ័ត្នប្រយ៉ែង និងតាមជំនាញរបស់ខ្លួន ដើម្បីតាមបង្ក្រាបនិងចាប់ ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ ។
បើតាមការបញ្ជាក់ពីសំណាក់ស្នងការ នគរបាលខេត្ដរូប នេះ ក្នុងករណីប្លន់អាជីវករ លក់មាស និងដូរលុយ ជនរងគ្រោះបានបាត់មាសអស់ ២០តម្លឹង បា្លទីន២៥តម្លឹង លុយ២ម៉ឺនដុល្លារនិង៥០លានរៀល ។
សូមបញ្ជាក់ថា ក្នុងអំពើប្លន់ប្រដាប់អាវុធដ៏សាហាវខាងលើនេះ បានបណ្ដាលឱ្យជនរងគ្រោះជាបងប្រុស ឈ្មោះសួន រដ្ឋា អាយុ៣១ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅលើខឿនថ្ម មុខផ្ទះរបស់ខ្លួន រីឯប្អូនស្រីពៅ អាយុ២៧ឆ្នាំ សួន បូរិន រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
អំពើប្លន់ប្រដាប់អាវុធខាងលើនេះ ត្រូវ បានសមត្ថកិច្ចរាយការណ៍ថា បានកើតឡើង ខណៈដែលជនរងគ្រោះពីរនាក់បងប្អូន បានធ្វើដំណើរពីតូបនៅក្នុងផ្សារ ឆ្ពោះមកផ្ទះ ស្ថិតនៅពីមុខផ្សារ ដោយកាន់ថង់ដាក់មាស និងលុយមកជាមួយ ។ ពេលកំពុងដើរចូលផ្ទះ ស្រាប់តែជនសង្ស័យ ដែលកំពុងអង្គុយនៅលើបង់រត់ទៅឆក់ កាបូបដាក់មាសនិងលុយ រួចរត់ឡើងលើម៉ូតូ ពណ៌ក្រហម មួយគ្រឿង ដែលបក្ខពួកកំពុងរង់ចាំនៅក្បែរនោះ ។
សមត្ថកិច្ចបានបន្ដថា ភ្លាមៗនោះជនរង គ្រោះសួន រដ្ឋា បានរត់ទៅដណ្ដើមកាបូបដាក់ មាស ស្រាប់តែត្រូវក្រុមចោរប្លន់ បាញ់ដោយកាំភ្លើងអាកានិង កាំភ្លើងខ្លី ស្រោចមកលើខ្លួន បណ្ដាលឱ្យស្លាប់ បើទោះបីក្រុមគ្រួសារ ខំព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ដោយនោះ ។ ពេលបាញ់ជនរងគ្រោះជាបងរួច ក្រុមចោរ បានបាញ់ប្អូនស្រី សួន បូរិន ដែលឈរនៅក្បែរនោះ បណ្ដាលឱ្យរងរបួស ត្រង់ត្រគាតយ៉ាងធ្ងន់ធ្ងរ រួចត្រូវបានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមប្រភពព័ត៌មានពីអាជីវករផ្សារ ព្រៃខ្មែរ បានឱ្យដឹងថា មុនពេលធ្វើសកម្មភាពបាញ់ប្លន់ខាងលើនេះ ពួកគេបានប្រទះឃើញមាន មនុស្សចម្លែកមកអង្គុយ នៅលើបង់មុខផ្ទះជនរងគ្រោះអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្ដែពេលនោះ ជនរងគ្រោះមិនចាប់អារម្មណ៍ ។
បើតាមអាជីវករ ពេលកំពុងធ្វើសកម្ម ភាពបាញ់ទៅលើជនរងគ្រោះ ដើម្បីប្លន់យក ថង់ដាក់ មាសនិងលុយនោះ គេបានឃើញ រថយន្ដមួយគ្រឿងទៅឈប់ នៅពីមុខផ្ទះជនរងគ្រោះទៀតផង ទំនងជាបក្ខពួកក្រុមចោរប្លន់ ដើម្បីបាំងភ្នែកប្រជាពលរដ្ឋដទៃទៀត ។
អាជីវករដដែលនេះ បានបន្ដថា ថ្ងៃកើត ហេតុនោះគឺជាថ្ងៃស៊យផងដែរ ពីព្រោះនៅ ពេលដែលបិទតូបលក់ក្នុងផ្សារ ហើយប្រមូលមាស លុយ ដាក់ក្នុងថង់ដើរឆ្លង ផ្លូវមកផ្ទះរបស់ខ្លួន ជនរងគ្រោះសួន រដ្ឋា ដែលជាមន្ដ្រីនគរបាល ពាក់ស័ក្ដិនៅខេត្ដកំពង់ឆ្នាំងផងនោះ តែងតែ ដាក់កាំភ្លើងខ្លីនៅក្នុងហោប៉ៅខោ ប៉ុន្ដែលើក នេះបែរជាដាក់នៅក្នុងកាបូប ទើបមិនអាចតដៃជាមួយក្រុមចោរប្លន់ទាំងនោះបាន ។
ប្រភពព័ត៌មានពីសាក្សី បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ក្រុមចោរ ប្លន់ទាំងនេះ ដែលមានគ្នា៣នាក់បានជិះម៉ូតូ គេចខ្លួន ឆ្ពោះទៅផ្លូវក្រាលកៅស៊ូ ទិសខាងលិចបាត់ស្រមោលតែម្ដង ។
សូមបញ្ជាក់ថា ជនរងគ្រោះសួន រដ្ឋា ជា បងគេបង្អស់ នៅក្នុងគ្រួសារ ក្នុងចំណោមបង ប្អូនទាំង៣នាក់ និងមានម្ដាយជាស្ដ្រីមេម៉ាយ ក្រោយពីឪពុករបស់ខ្លួន ឈ្មោះជុក បានស្លាប់ដោយសារជំងឺ កាលពីប្រមាណជាង១០ឆ្នាំមុន ។
ចំពោះករណីដែលនឹកស្មានមិនដល់នេះ ស្ដ្រីជាម្ដាយឈ្មោះសុខ បានសន្លប់ជាញឹកញាប់ ពេលដឹងថា កូនប្រុសទី១ ជាទីស្រឡាញ់របស់ខ្លួនបាន ស្លាប់ រីឯកូនស្រីពៅ រងរបួសធ្ងន់យ៉ាងដូច្នេះ មិនដឹងថា មានសង្ឃឹមអាចរស់បន្ដទៀតឬមួយយ៉ាងណាឡើយ។
យ៉ាងណាក៏ដោយ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បាននឹងកំពុងធ្វើការងារយ៉ាងដុតដៃដុតជើង ដើម្បីបំបែកសំណុំរឿងមួយនេះឱ្យទាល់តែបាន៕