សម័យ​អា​សង់​លក់​ថ្លៃ​បំផុត​ជា​ឯតទគ្គកម្ម​នៅ​ទីផ្សារ​​ស្រុក​ខ្មែរ

10/20/2014 0 Comments A+ a-

ម៉ូតូ​សង់ (ហុងដា​ឌ្រីម) របស់​ក្រុមហ៊ុន​ហុង​ដា​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ច្រើន​ជំនាន់​មក​ហើយ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់​ជា​ហូរហែ។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់​អំឡុង​ឆ្នាំ ២០១១ និង ២០១២ គឺ​ជា​ឆ្នាំ​ដែល​ម៉ូតូ​សង់​របស់​ហុងដា​លក់​ថ្លៃ​បំផុត​ជា​ឯតទគ្គកម្ម​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា ខណៈ​គ្រា​នោះ​ប្រទេស​ថៃ​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​យ៉ាង​អាក្រក់​បំផុត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ហុងដា ដែល​នេះ​ទើប​ធ្វើ​ឲ្យ​ទីផ្សារ​តម្លៃ​ម៉ូតូ​សង់​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន និង​ពិបាក​រក​ទិញ​ថែម​ទៀត​ផង។

Honda dream 2013

លោក ទួត សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​ទួត សីហា បាន​ឲ្យ​ដឹង​ថា អំឡុង​ឆ្នាំ ២០១១ និង ២០១២ ជា​ឆ្នាំ​ដែល​ម៉ូតូ​សង់​របស់​ហុងដា​លក់​ថ្លៃ​បំផុត​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ។

“ឆ្នាំ​នោះ​តម្លៃ​អា​សង់​ឡើង​ជិត ២.៥០០ ដុល្លារ​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន និង​ពិបាក​រក​ទិញ​ថែម​ទៀត​ផង”។

កាល​ពី​ឆ្នាំ ២០១១ ទឹក​ជំនន់​បាន​វាយ​ប្រហារ​ប្រទេស​ថៃ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បាន​ឆក់​យក​អាយុ​ជីវិត និង​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​សេដ្ឋកិច្ច​ថៃ​យ៉ាង​សន្ធឹកសន្ធាប់ និង​ដែល​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ហុងដា។

អាជីករ​រូប​នោះ​​បញ្ជាក់​ថា ទឹក​ជំនន់​បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ ២០១១ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ហុងដា ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​តម្លៃ​ម៉ូតូ​សង់​ហក់​ឡើង​ខ្ពស់​បែប​នេះ។

លោក សុផល អាជីវករ​មួយ​រូប​ទៀត​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ ២០១១ និង​២០១២ ​ម៉ូតូ​សង់​លក់​ថ្លៃ​បំផុត​ជា​ឯតទគ្គកម្ម​នៅ​ទីផ្សារ​ស្រុក​ខ្មែរ ដែល​លោក​មិន​ដែល​បាន​ជួប​ក្នុង​ការ​ប្រកប​របរ​លក់​ម៉ូតូ​ប្រភេទ​នេះ​ជាង ១០ ឆ្នាំ។

“ឡើង​ជិត ២៥០០ ទៅ ២៦០០ ដុល្លារ​ ​និង​មិន​សូវ​មាន​ផង​​”។

លោក​​អះអាង​ថា ទោះ​បី​​​ក្នុង​ពេល​​ដែល​ល្បី​ថា​​ដី​ត្រូវ​ប៉ាន់​​អំឡុង​ឆ្នាំ ២០០៧ និង ២០០៨ ដែល​មាន​អតិថិជន​សម្រុក​ទិញ​ម៉ូតូ​សង់​ប្រើប្រាស់​ច្រើន​ក៏​មិន​ឡើង​ថ្លៃ​ដូច​នេះ​ដែរ ប៉ុន្តែ​ឆ្នាំ ២០១១ និង ២០១២ ឡើង​ថ្លៃ​ជា​ប្រវត្តិសាស្ត្រ​ហើយ។

លោក​ថា រោងចក្រ​ផលិត​នៅ​ថៃ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវការ​​ ដែល​​នេះ​នាំ​ឲ្យ​ប៉ះពាល់​ទីផ្សារ​តម្លៃ​នៅ​ស្រុក​ខ្មែរ។

សង់​ជា​ប្រភេទ​ម៉ូតូ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា និង​បាន​វាយ​លុក​ទីផ្សារ​ជា​ច្រើន​ជំនាន់​មក​ហើយ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រុមហ៊ុន​ហុងដា​តែង​តែ​បញ្ចេញ​ម៉ូតូ​សង់​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​កន្លង​ទៅ​មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​លើ​ការ​រចនា​រូបរាង​របស់​ម៉ូតូ​នេះ ដែល​មិន​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់។
អត្ថបទ៖ ប៊ុណ្ណារ៉ា