ជន​វៀតណាម​ខុស​ច្បាប់​កំពុង​គេច​ពី​ការ​ស្រង់​ស្ថិតិ

10/20/2014 0 Comments A+ a-

20141020_06រតនគិរីៈ អ្នក​ទេសចរ​វៀតណាម បាន​ស្វះ​ស្វែង​រត់​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ខុស​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ស្រុក​កូនមុំ ខេត្ត​រតនគិរី ខណៈ​ជន​អន្តោ​ប្រវេសន៍​វៀតណាម ខុស​ច្បាប់ នៅ​តាម​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​សង្កេត​ឃើញ​ថា បាន​ព្យាយាម​រត់​គេច​ពី​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​នគរបាល។
លោក ភោគ បូរិទ្ធ អធិការ​នគរបាល ស្រុក​កូនមុំ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា អ្នក​ទេសចរ​ជនជាតិ​វៀតណាម បួន​នាក់ បាន​ទៅ​ទាក់ទង​អាជ្ញាធរ ឃុំ​ស្រែ​អង្ក្រង កាល​ពី​សប្តាហ៍​កន្លង​ទៅ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​មូលដ្ឋាន​នោះ​ស្រប​ច្បាប់។
លោក​អធិការ​បាន​បញ្ជាក់​ថា៖ «បួន​នាក់​ហ្នឹង​ឲ្យ​ឃុំ​ជួយ​ឃុប​ឃិត​ធ្វើ​លិខិត​ស្នាក់​នៅ តែ​វា​ហួស​ពី​សមត្ថកិច្ច យើង​មិន​អាច​ធ្វើ​កើត​ទេ ហើយ​យើង​កំពុង​រក​អ្នក​ចេញ​ប័ណ្ណ​ឲ្យ​ដោយ​ខុស​ច្បាប់​នេះ។ យើង​បាន​ឲ្យ​គាត់​ធ្វើ​តាម​ច្បាប់​វិញ»។
លោក បូរិទ្ធ បន្ត​ថា អ្នក​ទេសចរ​ទាំង​នោះ​បាន​ឆ្លង​ដែន​ចូល​មក​លេង​កម្ពុជា ហើយ​បន្ទាប់​ពី​ឃើញ​មាន​កន្លែង​អាច​រក​ស៊ី​លក់​ដូរ​បាន ក៏​ចង់​ស្នាក់​នៅ​មួយ​រយៈ។ ប៉ុន្តែ លោក ពុជ ជិន ស្មៀន ឃុំ​ស្រែ​អង្ក្រង បាន​អះអាង​ផ្ទុយ​ពី​លោក​អធិការ​វិញ​ថា ជនជាតិ​វៀតណាម ទាំង​នោះ​គឺជា​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម ហើយ​មាន​តែ​លិខិត​ឆ្លង​ដែន​តែ​ប៉ុណ្ណោះ។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី បាន​សង្កេត​ឃើញ​ថា ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម បាន​និង​កំពុង​នាំ​ជន​ជាតិ​វៀតណាម ចូល ខេត្ត​រតនគិរី ដោយ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ឬ​ទិដ្ឋាការ​ទេសចរណ៍​ដើម្បី​បំភាន់​ភ្នែក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ ដែល​ក្នុង​មួយ​ថ្ងៃៗ មាន​ចន្លោះ​ពី ១០០ ទៅ ២០០ នាក់។
លោក ឆាយ ធី បញ្ជាក់​ថា៖ «កាន់​សុទ្ធ​តែ​លិខិត​ឆ្លង​ដែន​ទេសចរណ៍ តែ​ម៉េច​បាន​ជា​កន្លែង​ទេសចរណ៍​មើល​មិន​ឃើញ​វៀតណាម? មិន​មែន​មក​ធ្វើ​ទេសចរណ៍​ទេ គឺ​មក​ដល់​ចូល​ក្រុម​ហ៊ុន​វៀតណាម ជាង ១០ ឯណោះ​ក្នុង​ខេត្ត​នេះ»។
លោក​អះអាង​ថា ក្រុម​ហ៊ុន​វៀតណាម បាន​ចេញ​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ថ្លៃ​ធ្វើ​ដំណើរ​ដឹក​ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា ដើម្បី​ធ្វើ​កម្មករ​ឲ្យ​ក្រុម​ហ៊ុន ហើយ​ពេល​ដែល​នគរបាល​អន្តោ​ប្រវេសន៍​ចុះ​ត្រួត​ពិនិត្យ​ឬ​ស្រង់​ស្ថិតិ ក្រុម​ហ៊ុន​បាន​ឲ្យ​កម្មករ​ខុស​ច្បាប់​ទាំង​នោះ​រត់​គេច​ខ្លួន។ នៅ​ពេល​នគរបាល​ទៅ​វិញ ពួក​គេ​ចេញ​មក​ធ្វើ​ការ​ជា​ធម្មតា។ លើស​ពី​នេះ ពួក​គេ​ស្នើ​សុំ​ប័ណ្ណ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ ហើយ​ឈាន​ដល់​សុំ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ទៀត​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់។
លោក ឆាយ ធី ប្រាប់​ទៀត​ថា៖ «គេ​ប្រុង​ប្រយ័ត្ន​ណាស់ ពេល​ដឹង​ថា ប៉ូលិស​ចូល​មក គេ​ឲ្យ​គេច​ខ្លួន​អស់។ អ្នក​ទេសចរ​មិន​អាច​យក​ធ្វើ​កម្មករ​បែប​នេះ​បាន​ទេ។ វា​ខុស​ច្បាប់​ទាំង​ស្រុង»។
មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​សម្តែង​ក្តី​បារម្ភ​ថា ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​ទៅ​នឹង​បញ្ហា​ជន​អន្តោ​ប្រវេសន៍​វៀតណាម យ៉ាង​ធ្ងន់​ធ្ងរ បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​និង​កំពុង​បំផ្លាញ​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា។
ទោះ​យ៉ាង​ណា លោក​អធិការ ភោគ បូរិទ្ធ បដិសេធ​ថា មិន​មាន​ជន​ជាតិ​វៀតណាម​ប្រើ​លិខិត​ឆ្លង​ដែន​ទេសចរណ៍​ចូល​មក​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ច្រើន ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ។ ចំពោះ​ករណី​ការ​រត់​គេច​របស់​កម្មករ​វៀតណាម​ខុស​ច្បាប់​នោះ នគរបាល​មិន​បាន​ដឹង​ទេ ហើយ​បើ​ដឹង​ក៏​មិន​ឲ្យ​ពួក​គេ​រត់​រួច​ដែរ។
លោក ជា ប៊ុនធឿន ស្នងការ​រង​នគរបាល ខេត្ត​រតនគិរី ទទួល​បន្ទុក​ជន​អន្តោ​ប្រវេសន៍​មាន​ប្រសាសន៍​ថា ចាប់​ពី ខែ​សីហា មក​កម្លាំង​លោក​បាន​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​វៀតណាម ចំនួន ៣៤ នាក់។ ទោះ​យ៉ាង​ណា​នៅ​ក្នុង​ដី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នគរបាល​លោក​មិន​ទាន់​រក​ឃើញ​មាន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នោះ​ទេ។
លោក ចាង វាំងវឹង អ្នក​បក​ប្រែ​ភាសា​នៅ​ក្រុម​ហ៊ុន អាហ្គ្រីកូ ក៏​បដិសេធ​ការ​ចោទ​ពី​ការ​នាំ​កម្មករ​វៀតណាម​ខុស​ច្បាប់​ផង​ដែរ​ថា មិន​មាន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​លោក​ទេ។
ច្បាប់​ស្តី​ពី​អន្តោ​ប្រវេសន៍​បាន​ចែង​ថា ជន​បរទេស​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​ចូល​មក​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​លួច​លាក់ បន្លំ ឬ​ដោយ​ល្បិច​ផ្សេងៗ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បី​ខែ​ទៅ ៦​ខែ នឹង​ត្រូវ​បណ្តេញ​ចេញ។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​ឃុប​ឃិត​ប្រព្រឹត្ត​បទ​ល្មើស​នេះ ក៏​នឹង​ទទួល​ទោស​ដូច​គ្នា​ដែរ។ ប៉ុន្តែ​ជា​ទូទៅ​សមត្ថកិច្ច​បាន​ត្រឹម​តែ​ចាប់​បញ្ជូន​ទៅ​វិញ​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ផ្តន្ទាទោស​ទេ ដោយ​សារ​ថា នោះ​គ្រាន់​តែ​ជា​កំហុស​លើក​ដំបូង ហើយ​បើ​នៅ​បន្ត​ប្រព្រឹត្ត​ទៀត​នឹង​ចាត់​វិធានការ​ច្បាប់៕