អាជ្ញាធរអប្សរា ច្រានចោល ការចោទប្រកាន់ថា ដោះលែង ជនបរទេស​ ដែលវាយបំផ្លាញ ប្រាសាទបាយ័ន

10/11/2014 0 Comments A+ a-

releaseសៀមរាប៖ អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរអប្សរា លោក អ៉ឹម សុខរិទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃសៅរ៍នេះថា ស្ថាប័នរបស់ខ្លួនមិនមែនជា អ្នកដោះលែងស្រ្តីជនជាតិ ញូវហ្សេឡែន (New Zealand) ដែលវាយបំផ្លាញរូបព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន នោះទេ ប៉ុន្តែរឿងនេះ គឺជាការទទួលខុសត្រូវ របស់មន្រ្តីការពារបេតិកភណ្ឌ។
លោក អ៉ឹម សុខរិទ្ធី បានបញ្ជាក់ថា ករណីវាយបំផ្លាញរូបបដិមា មានកម្ពស់ប្រហែល ១ម៉ែត្រនោះ កើតឡើងនៅរាត្រីថ្ងៃទី៩ ចូលទី១០ ខែតុលា ឆ្នាំ២០១៤ ខណៈដែលអ្នកទេសចរ ជនជាតិញូវហ្សេឡែនម្នាក់ មានវ័យប្រហែល ៤០ឆ្នាំនោះបានសំងំនៅក្នុងប្រាសាទ រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ហើយបានធ្វើសកម្មភាព វាយបំផ្លាញព្រះពុទ្ធបដិមាតែម្តង។
លោកបានបញ្ជាក់ថា រូបព្រះពុទ្ធបដិមាបានបែកបាក់ ៤បំណែក ហើយមិនមែនរូបបរិមាដើមនោះទេ គឺរូបបដិមាចម្លង។ លោកថា អំឡុងពេល នៃការទទួលខុសត្រូវ អាជ្ញាធរអប្សរាមើលពីម៉ោង ៦៖០០ព្រឹក ដល់៦៖០០ល្ងាច ដោយឡែកផ្នែកការពារបេតិកភណ្ឌ ពីម៉ោង ៦៖០០ល្ងាច ដល់៦៖០០ព្រឹក។
ប្រភពមួយផ្សេងទៀត បាននិយាយថា ពេលនេះជនបរទេសដែលបានវាយបំផ្លាញ ព្រះពុទ្ធបដិមានេះ បានរូបចេញពីប្រទេសកម្ពុជាហើយ ដែលគេសង្ស័យថា នាងបានរត់ទៅកាន់ប្រទេសថៃ៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news