បុកគ្រឹះខុសបច្ចេកទេសរបូតសសរសង្កត់លើផ្ទះប្រជាពលរដ្ឋ
ហេតុការណ៍ខាងលើបានកើតឡើងនៅពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នៅជិតវត្តឫស្សីស្រស់ ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ មាន កុលស ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាជាងសំណង់ ប្រពន្ធឈ្មោះអេង រ៉ានី អាយុ៣៨ឆ្នាំ ជាមេផ្ទះ ។ ដោយឡែកភាគីខាងម៉ៅការបុកគ្រឹះសាងសង់សំណង់ ហើយធ្វើឲ្យរបូតសសរគ្រឹះត្រូវបានសមត្ថកិច្ចលាក់លៀមអត្តសញ្ញាណ គ្រាន់តែប្រាប់ថា ជាអ្នករកស៊ីបុកគ្រឹះឯកជន ។
តាមព័ត៌មានពីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងបុកគ្រឹះខាងលើបានធ្វើសកម្មភាពបុកគ្រឹះជាច្រើនថ្ងៃមក ហើយ ដោយមិនមានប្រើម៉ាស៊ីនសង្កត់នោះទេ គឺប្រើម៉ាស៊ីនបុកទម្លាក់លាន់ឮខ្លាំងៗហើយរញ្ជួយដល់ផ្ទះប្រជា ពលរដ្ឋដែលនៅក្បែរនោះ ។ នៅល្ងាចកើតហេតុក្រុមជាងបុកគ្រឹះបានរំកិលរន្ទាសម្រាប់ទ្រសសរទៅ បុកក្បែររបងថ្ម ប៉ុន្តែនៅពេលចាប់សសរគ្រឹះឡើងស្រាប់តែសសរគ្រឹះនោះរបួតចេញពី ដង្កាប់ធ្លាក់មកលើផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យធ្លាយដំបូលបាក់ ធ្នឹម ហើយក្បាលសសរគ្រឹះមួយកំណាត់ធ្លាយដល់ក្នុងផ្ទះ ។
ប្រជាពលរដ្ឋបានបន្តថា ទីតាំងបុកគ្រឹះខាងលើនេះបានបង្កភាពញ័ររញ្ជួយដល់លំនៅឋានផ្សេ ងៗនៅជិតនោះ ប៉ុន្តែពេលពួកគាត់ទៅប្តឹងអាជ្ញាធរមូលដ្ឋានគ្មានមន្ត្រីណា ចុះទៅណែនាំតាមសំណូមពរពួកគាត់ឡើយ គឺធ្វើសកម្មភាពដដែល ហើយមានផ្ទះប្រជាពលរដ្ឋមួយចំនួនបានប្រេះស្រាំដោយសារកម្លាំង សង្កត់នៃម៉ាស៊ីនបុកគ្រឹះ ។
ម្ចាស់ផ្ទះរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅល្ងាចកើតហេតុគាត់បានសម្រាកក្នុងផ្ទះស្រាប់តែសសរគ្រឹះបាក់ សង្កត់មកកន្លែងគាត់សម្រាក ជាសំណាងល្អបានរងរបួសស្រាលប៉ុណ្ណោះដោយសារបំណែកឈើខ្ទាតត្រូវ កុំតែបានធ្នឹមផ្ទះកុំអាចធ្វើឲ្យគាត់បាត់បង់ជីវិតក៏ថាបាន ។
បន្ទាប់ពីកើតហេតុភាគីខាងបុកគ្រឹះនិងម្ចាស់ផ្ទះបានទៅសម្រប សម្រួលនៅនគរបាលប៉ុស្តិ៍និរោធ ប៉ុន្តែមិនត្រូវរ៉ូវគ្នានោះឡើយ ដោយសារភាគីបុកគ្រឹះហាក់ដូចជាឲ្យតម្លៃនៃការខូចខាតទាបហួស ហេតុធ្វើឲ្យម្ចាស់ផ្ទះរងគ្រោះទទួលយកមិនបាន ។
ម្ចាស់ផ្ទះរងគ្រោះបន្តថា គាត់មិនចង់បានអ្វីលើសពីទំហំខូចខាតនោះទេ តែសុំឲ្យចេញសំណងចំពោះការខូចខាតផ្ទះសម្បែងដែលសសរគ្រឹះបាក់ សង្កត់លើបណ្តាលឲ្យរង្គើរញ្ជួយគ្រប់ទីកន្លែងទាំងអស់ សូម្បីតែធ្នឹមផ្ទះខាងលើក៏បាក់ខ្ទេចផងដែរ ។
លោក ឃឹម សារ៉ាវង់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធបានឲ្យដឹងថា ជំហានដំបូងភាគីទាំងសងខាងបានចូលមកដោះស្រាយនៅប៉ុស្តិ៍ ប៉ុន្តែភាគីម្ចាស់ផ្ទះបានទារតម្លៃ៨ពាន់ដុល្លារ ហើយភាគីខាងបុកគ្រឹះឲ្យតម្លៃទាប ដែលធ្វើឲ្យភាគីម្ចាស់មិនអាចទទួលយកបាន ដូច្នេះសូមទៅដោះស្រាយបន្តនៅសាលាសង្កាត់និរោធបន្តទៀត ។ ចំពោះអ្នកម៉ៅការបុកគ្រឹះលោកមិនស្គាល់អត្តសញ្ញាណនោះទេ ពេលនេះកំពុងចុះស្រាវជ្រាវ ដោយករណីមិនធ្វើឲ្យមនុស្សស្លាប់ទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ ។
ករណីខាងលើមហាជនបានលើកឡើងថា គឺបង្កឡើងដោយសារធ្វេសប្រហែសពីអ្នកបុកគ្រឹះធ្វើខុសបច្ចេកទេស ធ្វើឲ្យធ្លាក់សសរគ្រឹះសង្កត់ផ្ទះប្រជាពលរដ្ឋ ហើយភាគីបុកគ្រឹះត្រូវទទួលខុសត្រូវចំពោះទង្វើទាំងនេះ ហើយសូមឲ្យស្ថាប័នពាក់ព័ន្ធពិសេសអាជ្ញាធរខណ្ឌច្បារអំពៅជួយ អន្តរាគមន៍ចំពោះបញ្ហានេះ ៕
_________________
ប្រភពពីនគរវត្ត
