ទីអវសាន្តរបស់ Windows 7 នឹងមកដល់ថ្ងៃទី ៣១ ខែ តុលាខាងមុខនេះ
មិនថាអ្នកកំពុងប្រើប្រាស់ Windows 7 និង Windows 8 សុទ្ធតែរង់ចាំវត្តមានរបស់Windows 9 ដែលនឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនាពេលខាងមុខនេះ។ ស្របពេលនេះដែរ Microsoft ក៏បានធ្វើសេចក្ដីប្រកាសពីកាលបរិច្ឆេទផុតកំណត់របស់ Windows 7 ត្រឹមថ្ងៃទី ៣១ តុលា ២០១៤ ខាងមុខនេះ។
នេះអាចជារឿងមិនសប្បាយចិត្តប៉ុន្មានទេសម្រាប់អ្នកកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows 7។ ក្នុងចំណោមក្រុម Windows 7 ទាំងអស់ដែល Microsoft កំពុងដាក់លក់ជុំវិញពិភពលោកនោះមានដូចជា Windows 7 ជំនាន់ Home Basic Home Premium និងUltimate ដែលនឹងលែងមានសុពលភាពត្រឹមកាលកំណត់ខាងលើ។
ការប្ដូរយុទ្ធសាស្ត្រទីផ្សារលើកនេះប្រហែលជា Microsoft ចង់ឱ្យ Windows 8 មានអ្នកប្រើប្រាស់ច្រើនឡើងជាងប្រព័ន្ធប្រតិបត្តិការជំនាន់មុនៗ។ ជាពិសេសសម្រាប់អ្នក Business ដែលកំពុងប្រើប្រាស់ Windows 7 ជំនាន់ Professional អាចបន្តរហូតក្រោយថ្ងៃទី ៣១ តុលា ២០១៤ ហើយ Microsoft នឹងប្រាប់ដំណឹងពីការផុតកំណត់ជូនដល់អតិថិជនទាំងអស់យ៉ាងហោចណាស់មួយឆ្នាំមុន។
ទោះជាយ៉ាងណា Microsoft បានផ្ដល់សិទ្ធសម្រាប់អ្នកកំពុងប្រើប្រាស់ Windows 7 Service Pack 1 ដែលអាចបន្តសុពលភាពរហូតដល់ឆ្នាំ ២០២០ ហើយអាចធ្វើកំណែប្រែទៅកាន់Windows 9 បានទៀតផង៕