ភ្ញាក់ផ្អើលមែនទែន បើ Ello អាចផ្ដួល Facebook បានមែន!
ដូចជាគ្មានការធ្វើទីផ្សារដើម្បីជំរុញបន្ថែម ឬចុះផ្សាយអ្វីលើទូរទស្សន៍ឡើយ។ វាក៏ដូចជាគ្មានអ្វីបង្ហាញថាជាបណ្ដាញសង្គមថ្មីដ៏ក្ដៅគគុកដែរ ប៉ុន្តែ Ello មានមនុស្សចូលទៅលេងកាន់តែច្រើនឡើងៗ។
បើយោងតាមគេហទំព័រ Engadget គ្រាន់តែក្នុងមួយម៉ោងសោះមានអ្នកចុះឈ្មោះចូលប្រើប្រាស់ដល់ ទៅ២០ ០០០នាក់។ បណ្ដាញសង្គមថ្មីនេះត្រូវបានគេស្គាល់តាមការនិយាយតគ្នា។ ប៉ុន្តែ Ello ខ្លួនឯងក៏ត្រូវតែបញ្ឈប់ការទទួលចុះឈ្មោះអ្នកថ្មីដែរ បើមិនអីចឹងទេ នឹងអាចគាំង Servers បាន។
គេហទំព័រ Engadget បានលើកឡើងពីមូលហេតុដែល មនុស្សងាកមករក Ello ថា ដោយសារ “គ្រប់ការបង្ហោះ ការចែកចាយព័ត៌មានលើ Facebook សុទ្ធតែមានគេតាមដាន កត់ត្រា និងបម្លែងទៅជាទិន្នន័យ។ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទិញនូវទិន្នន័យរបស់អ្នក ម្ល៉ោះហើយទើបគេអាចបង្ហាញពាណិជ្ជកម្មឲ្យអ្នកឃើញរាល់ថ្ងៃ។ អ្នកលេង Facebook ប្រៀបបីដូចជាទំនិញ គេទិញ និងលក់”។
“យើងជឿថា បណ្ដាញសង្គមគួរតែជាឧបករណ៍នៃអំណាច មិនមែនជារបស់បញ្ឆោត បង្ខំ ឬរៀបចំនោះទេ។ វាគឺជាកន្លែងអាចភ្ជាប់ទំនាក់ទំនង បង្កើត និងអបអរទៅដល់ជីវិត”។ នេះបើតាមការលើកឡើងបន្ថែមរបស់គេហទំព័រដដែល។
ចំណែកគេហទំព័រ NPR ក៏បានលើកឡើងថា បណ្ដាញសង្គមថ្មីដ៏ក្ដៅគគុកនាពេលបច្ចុប្បន្នគឺ Ello។ បណ្ដាញសង្គមនេះបង្កើតថ្មីដោយសន្យាថា នឹងមិនឲ្យមានការផ្សាយពាណិជ្ជកម្ម គ្មានការតាមដានទិន្នន័យ ដូច្នេះអាចនឹងទាញបានអ្នកប្រើប្រាស់ ដែលកំពុងមិនពេញចិត្តនឹង Facebook។
ចំពោះគេហទំព័រ The Guardian វិញក៏បានបញ្ជាក់ថា នៅទីក្រុង San Francisco សហរដ្ឋអាមេរិក អ្នកលេងFacebook ចាប់ផ្ដើមលោតចេញពីបណ្ដាញសង្គមដែលពោរពេញដោយការផ្សាយពាណិជ្ជកម្មទៅចុះឈ្មោះលេងបណ្ដាញសង្គម Ello ដែលស្អាត និងគ្មានផ្សព្វផ្សាយអ្វីៗទាំងអស់។ សារព័ត៌មាននេះក៏បានបញ្ជាក់ដែរថា Facebook នឹងមិនអាចឈរបានជារៀងរហូតនោះទេ។
បណ្ដាញសង្គមថ្មីនេះ នឹងមានលក្ខណៈផ្ទុយពី Facebook ដូចជាអនុញ្ញាតឲ្យប្រើឈ្មោះក្លែងក្លាយ គ្មានការចុះផ្សាយពាណិជ្ជកម្ម មានការរចនាសាមញ្ញ និងស្អាត។
ចុះប្រិយមិត្តមានបានចុះឈ្មោះលេង Ello ហើយឬនៅ? យល់ថាបណ្ដាញសង្គមថ្មីនេះអាចផ្ដួល Facebook បានទេ?
ប្រភព៖ npr, engadget, theguardian