លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ មូលដ្ឋានដោះស្រាយ វិបត្តិដីធ្លី តែមានការរីក ចម្រើនតិចតួចបំផុត
ផ្ទុយទៅវិញបទបញ្ជានោះបានលើកទឹកចិត្តឲ្យក្រុមប្រជាពលរដ្ឋអ្នករងគ្រោះដោយសារទំនាស់ដីធ្លីងើបឡើងតវ៉ាបន្ថែមទៀត។
កាលពីថ្ងៃទី១៨ខែសីហា
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាស់តឿនមន្ត្រីរដ្ឋាភិបាល
និងមន្ត្រីមូលដ្ឋានរបស់លោកឲ្យចាប់ផ្តើមយកចិត្តទុកដាក់ដោះស្រាយ
វិបត្តិដីធ្លីរបស់ក្រុមប្រជាពលរដ្ឋឡើងវិញ។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្នុងប្រទេសនេះទំនងជាមូលហេតុមួយធ្វើឲ្យ
គណបក្សប្រជាជនកម្ពុជាបាត់បង់ការគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោត
កាលពីខែកក្កដា ឆ្នាំ២១០៣។
លោក ឡាត់ គី
អ្នកសម្របសម្រួលកម្មវិធីដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្ស
អាដហុកកត់សម្គាល់ឃើញថា
ជាងពីរសប្តាហ៍ក្រោយពីបញ្ជារបស់លោកប្រមុខរដ្ឋាភិបាល
ក្រុមប្រជាពលរដ្ឋជាច្រើនបានក្រោកឡើងតវ៉ាអំពីបញ្ហាដីធ្លីដោយសារតែ
ទំនាស់ទាំងនោះអូសបន្លាយច្រើនឆ្នាំ។ ប៉ុន្តែលោកឡាត់ គីនិយាយថា
លោកមិនទាន់ឃើញប្រសិទ្ធភាពនៃបទបញ្ជានោះនៅឡើយ។
«ទន្ទឹមគ្នានឹងនោះរឿងដទៃទៀតសុទ្ធតែមិន
បានលទ្ធផល មានន័យថាបានត្រឹមតែដាក់ញ្ញតិ្តបញ្ជូនទៅខុទ្ទកាល័យ
(នាយករដ្ឋមន្ត្រី) បានដាក់ញ្ញត្តិបញ្ជូនទៅរដ្ឋសភា
ប៉ុន្តែខេត្តទាំងអស់ដែលជាប់ពាក់ព័ន្ធហាក់ដូចជាអត់មានផែន
ការជាក់លាក់ក្នុងការដោះស្រាយទេ។ ដូច្នេះខ្ញុំឃើញថា
អត់សូវមានប្រសិទ្ធភាពទេអនុសាសន៍ នៅក្នុងពេលនេះ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិ
មនុស្សអាដហុកឲ្យដឹងថា មានប្រជាពលរដ្ឋរងគ្រោះ
និងទទួលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីបានកើនដល់ជាង៧៧០០០០នាក់
ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។
ក្នុងនោះមានជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ
ឬដោយការរំលោភយកដីស្រែ ផ្ទះសម្បែងជាដើម។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានស្តីបន្ទោសមន្ត្រីរដ្ឋអំណាចមូលដ្ឋាន
និងមន្ត្រីរដ្ឋាភិបាលចំពោះបរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីទាំង
នេះ។ លោកក៏បានស្តីបន្ទោសដែរថា
កងកម្លាំងប្រដាប់អាវុធរបស់មូលដ្ឋានបានព្យាយាមរារាំងក្រុមប្រជា
ពលរដ្ឋមិនឲ្យធ្វើការតវ៉ានៅក្នុងក្រុងភ្នំពេញ
ឬឡើងមកតវ៉ានៅក្នុងក្រុងភ្នំពេញទេ។
លោកអំ សំអាត
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស
លីកាដូ មានប្រសាសន៍ថា
ក្រុមអាជ្ញាធរក្រុងនៅតែបន្តរារាំងការប្រមូលផ្តុំសម្រាប់ការតវ៉ា
អំពីរឿងដីធ្លីនៅឡើយ។
មួយវិញទៀតការតវ៉ាអំពីបញ្ហានេះនៅតែបន្ត។
រីឯការដោះស្រាយមិនទាន់មានជាវិជ្ជមាននៅឡើយ។
«រយៈពេលចុងក្រោយនេះមានការតវ៉ាជាច្រើន។
នៅថ្ងៃនេះអ្នកខេត្តក្រចេះ
ស្រុកឆ្លូងក៏បានឡើងមកជាបន្តបន្ទាប់ទៀត។ ហើយនៅបាត់ដំបង
នៅប៉ៃលិន នៅព្រះវិហារនៅបន្ទាយមានជ័យ
នៅមិនទាន់មានសញ្ញាណនៃការដោះស្រាយនៅឡើយទេ»។
នៅក្នុងសប្តាហ៍នេះដែរ
ក្រុមប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង
ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជន
កម្ពុជា និងមានទំនាស់ជាមួយភរិយាមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ
បានធ្វើការតវ៉ាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយ។ បន្ថែមពីនោះ
ក្រុមប្រជាពលរដ្ឋនៃសហគមន៍ន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ
ដូចជាសហគមន៍បឹងកក់ បូរីកីឡា ថ្មគោល
ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម
បានព្យាយាមយកញ្ញត្តិជូនលោកនាយករដ្ឋមន្ត្រីដើម្បីស្នើសុំ
អន្តរាគមន៍លើបញ្ហារបស់ពួកគេ។
ប៉ុន្តែក្រុមអាជ្ញាធរបានរារាំងពួកគេ។
អ្នកស្រីទេព វន្នី សកម្មជនដីធ្លី
និងជាម្ចាស់ពានរង្វាន់ភាពជាអ្នកដឹកនាំ Global Leadership យល់ថា
អាជ្ញាធរនៅតែមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ
ទំនាស់ដីធ្លីជូនពលរដ្ឋនៅឡើយ។
«សូម្បីតែអនុសាសន៍របស់សម្តេចនៅពេលថ្មីៗ
ថា នៅពេលដែលប្រជាពលរដ្ឋយកញ្ញត្តិទៅដាក់រឿងដីធ្លី
មិនដែលទៅដល់ដៃគាត់ ដោយសារមានកងកម្លាំងប្រដាប់អាវុធខ្ទប់។
ហើយនៅក្នុងថ្ងៃនោះគាត់ហាក់ដូចជាមានភាពមុតមាំក្នុងឆន្ទៈ
ដោះស្រាយជូនប្រជាពលរដ្ឋ។
ប៉ុន្តែនៅពេលដែលពួកខ្ញុំព្យាយាមយកញ្ញត្តិទៅដាក់នៅខុទ្ធកាល័យ
របស់គាត់ក្តី នៅទីស្តីការគណៈរដ្ឋមន្ត្រីក្តី យើងឃើញថា
កងកម្លាំងព្យាយាមហាមឃាត់ពួកយើង
ហើយបានចាប់ឃាត់ខ្លួនពួកខ្ញុំអស់រយៈពេលពីរម៉ោងជាដើម។
ហើយនៅតែអត់មានដំណោះស្រាយដដែល»។
មានប្រជាពលរដ្ឋច្រើនជាង៣០០គ្រួសារក្នុង
សហគមន៍បឹងកក់ បូរីកីឡានិងថ្មគោល
ក្បែរព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ
កំពុងរង់ចាំដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគេដែលជាប់ទាក់ទិននឹង
ឈ្មួញ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច។
ដោយឡែកលោកឡោ ច័ន្ទ
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត
ព្រះវិហារ អះអាងថា
អាជ្ញាធរខេត្តបានចាប់ផ្តើមនិតិវិធីដោះស្រាយជំហានដំបូង
ប៉ុន្តែមិនទាន់បានហុចលទ្ធផលជាផ្លែផ្កានៅឡើយ។
«ខ្ញុំសង្កេតឃើញថា សម្រាប់ខេត្តព្រះវិហារ
អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្តបានធ្វើការដោះស្រាយ
ប៉ុន្តែមកដល់សព្វថ្ងៃមិនទាន់បានដោះស្រាយចប់សព្វគ្រប់ករណីណាមួយ
នោះទេ»។
ខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋច្រើនជាង១០០០គ្រួសារកំពុងស្ថិតក្នុងជម្លោះដីធ្លី។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា
រដ្ឋាភិបាលកំពុងធ្វើការដោះស្រាយជាប្រព័ន្ធដែលមិនអាចធ្វើឡើង
ក្នុងរយៈពេលខ្លីនោះឡើយ។
«រាជរដ្ឋាភិបាលមិនដោះស្រាយតាមរបៀប
ប្រតិកម្មនោះទេ។ យើងដោះស្រាយតាមរបៀបរក្សានូវស្ថិរភាព
គឺស្ថិរភាពតាមប្រព័ន្ធ តាមគោលការណ៍ច្បាប់
និងរក្សាឲ្យការដោះស្រាយនោះក្លាយទៅជាប្រសិទ្ធភាពនៅក្នុងសង្គម
គឺមិនមែនជាការដោះស្រាយដោយមិនមានការចូលរួមពីតុលាការពីមន្ត្រី
ជំនាញ និងពីប្រជាពលរដ្ឋនោះទេ»។
ទោះជាបែបនេះក្តី
ក្រុមមន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា
ការដោះស្រាយវិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាអាចនឹងនៅតែមាន
ភាពស្មុគ្រស្មាញ
ប្រសិនបើរដ្ឋាភិបាលមិនហ៊ានវះកាត់ចំពោះមន្ត្រីដែលមានអំណាច
និងមានលុយសន្ធឹកសន្ធាប់នោះទេ។
មន្ត្រីទាំងនេះគឺជាទម្ររបស់គណបក្សកាន់អំណាច ហើយពិបាកនឹងប៉ះពាល់បាន៕
ប្រភពពី វីអូអេខ្មែរ