កម្មកររោងចក្រស្បែក ជើងនៅកំពង់ចាមបន្ត ធ្វើកូដកម្មទាមទារលក្ខខណ្ឌ ការងារ
ចំណែកភាគីរោងចក្របានបញ្ជាក់ថា
ការដោះស្រាយបានបញ្ចប់ទៅហើយ
ប៉ុន្តែកម្មករទៅវិញទេដែលមិនយល់ពីនីតិវិធីក្នុងការដោះស្រាយនោះ។
កម្មកររោងចក្រស្បែកជើង ជូហួយ ប្រមាណជា
១ពាន់នាក់
នាំគ្នាឈរតវ៉ានៅមុខរោងចក្រដោយបិទផ្លូវចេញចូលរបស់រោងចក្រ
និងមានជាច្រើនពាន់នាក់ផ្សេងទៀត នាំគ្នាមិនចូលធ្វើការ
ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ពួកគាត់ទាំង ១៦ចំណុច។
លក្ខខណ្ឌទាំងនោះមានដូចជា ស្នើសុំប្រាក់ថ្លៃបាយថ្ងៃត្រង់
៤ពាន់រៀលក្នុងមួយថ្ងៃ សុំឱ្យក្រុមហ៊ុនផ្តល់ថ្លៃប្រាក់ធ្វើដំណើរ
និងការស្នាក់នៅ ១០ដុល្លារក្នុងមួយខែ សុំប្រាក់រង្វាន់
១៥ដុល្លារក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាដើម។
តំណាងកម្មករ
និងជាទីប្រឹក្សានៃសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៃ
កម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDO) ប្រចាំរោងចក្រ ជូហួយ លោក ស្រ៊ុន
សុខលីម ឱ្យដឹងថា កម្មករនាំគ្នាធ្វើកូដកម្មនេះ
គឺចំនួនបីថ្ងៃមកហើយ ប៉ុន្តែមិនឃើញមានតំណាងក្រុមហ៊ុន
ឬអាជ្ញាធរពាក់ព័ន្ធចេញមុខដោះស្រាយបញ្ហារបស់កម្មករនោះទេ
រហូតធ្វើឱ្យកម្មករសម្រេចបិទផ្លូវចូលរោងចក្រតែម្តងនៅថ្ងៃទី៣
កញ្ញា។ លោកបន្តថា ការមិនព្រមដោះស្រាយឱ្យពួកគាត់នោះ
គឺដោយសារតែខាងភាគីរោងចក្រមានបំណងចង់គេចវេស និងម្យ៉ាង
ដោយសារមានបង្អាក់ដំណើរពីខាងភាគីរដ្ឋបាលខ្មែរ។
លោក ស្រ៊ុន សុខលីម៖ «ខ្ញុំគ្រាន់តែគិត
ឃើញថា បានជាក្រុមហ៊ុននៅតែរឹងចចេសមិនព្រមហៅពួកយើង
ដែលជាកម្មករតំណាងកម្មករហៅទៅដោះស្រាយ ដោយសារមានមតិខ្លះគេថា
រដ្ឋបាលឈ្មោះ តេង សម្បត្តិ។
គាត់ជាអ្នកបង្អាក់បង្អើលឱ្យក្រុមហ៊ុនមិនព្រមចរចាជាមួយយើង
ដែលជាតំណាងកម្មករ និងតំណាងសហជីព»។
តំណាងកម្មករដដែលបន្ថែមថា
ការស្នើសុំរបស់កម្មករ
គឺដោយសារតែកន្លងមកកម្មករជួបប្រទះបញ្ហាខ្វះខាតសព្វបែបយ៉ាង
ក្នុងជីវភាពរស់នៅ និងមានការគាបសង្កត់ពីថៅកែចិន
និងខាងរដ្ឋបាលខ្មែរទៀតផង ចំណែកការតវ៉ា
គឺផុសចេញពីឆន្ទៈរបស់កម្មករទាំងអស់គ្នា។
ឆ្លើយតបនឹងការលើកឡើងនេះ
ប្រធានរដ្ឋបាលនៅរោងចក្រ ជូហួយ លោក តេង សម្បត្តិ មានប្រសាសន៍ថា
មិនមែនខាងរោងចក្រគេចវេសក្នុងការដោះស្រាយនោះទេ ប៉ុន្តែបញ្ហានេះ
គឺបានបញ្ជូនទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលរួចរាល់ហើយ។
លោកបន្តថា ខាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល
ក៏ចេញសេចក្តីសម្រេចលើបញ្ហានេះរួចហើយដែរ
ប៉ុន្តែខាងកម្មករទៅវិញទេដែលបានបដិសេធនូវសេចក្តីសម្រេចនោះ
ហើយនៅតែបន្តធ្វើការទាមទារដោយមិនយល់ពីផ្លូវច្បាប់។
លោក តេង សម្បត្តិ៖ «បងប្រាថ្នា
នេះជារឿងដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលគាត់លើកសំណើហ្នឹងហើយៗ។
ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបដិសេធសំណើរបស់គាត់។
អ៊ីចឹងគាត់អត់ព្រម ដែលគាត់ថាគាត់ធ្វើបាតុកម្មរឿងហ្នឹង។
ហើយរឿងហ្នឹងយើងបានដោះស្រាយគ្នាហើយថាបង»។
ចំពោះការចោទប្រកាន់ថា តំណាងរោងចក្រ
រួមនឹងខាងរដ្ឋបាលលោក បានធ្វើការគាបសង្កត់
និងប្រើសម្ដីមិនល្អទៅលើកម្មករនោះ លោកបញ្ជាក់ថា
គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ
ពីព្រោះលោកធ្វើការងារដោយបម្រើផលប្រយោជន៍ទាំងសងខាង។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកំពង់ចាម
ទទួលបន្ទុកដោះស្រាយទំនាស់កូដកម្ម និងបាតុកម្ម លោក ជឹម លាវ
មានប្រសាសន៍នៅរសៀលថ្ងៃទី៣ កញ្ញា ថា
ខាងអាជ្ញាធរដោះស្រាយទំនាស់ថ្នាក់ខេត្ត បានចុះជួបជាមួយតំណាងកម្មករ
ដោយព្រមព្រៀងគ្នាលើចំណុចបីសំខាន់ រួមមាន
មិនអនុញ្ញាតឱ្យសង់រោងធ្វើកូដកម្មជាអចិន្ត្រៃយ៍
មិនឱ្យបិទផ្លូវច្រកចូលរោងចក្រ
និងមិនឱ្យឃោសនាកៀរគរកម្មករខុសនីតិវិធី ជាដើម។ លោកបន្តថា
បញ្ហានេះគប្បីត្រូវមានការដោះស្រាយជាជំហានៗ
មិនអាចធ្វើឡើងដោយបង្ខំបានឡើយ
ពីព្រោះភាគីទាំងពីរត្រូវឈរនៅគោលការណ៍ឈ្នះៗទាំងអស់គ្នា
ដើម្បីជៀសវាងនូវការខាតបង់។
លោក ជឹម លាវ៖ «ធ្វើកិច្ចហ្នឹង
គឺក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញលិខិតមកហើយ
គឺយើងសម្របសម្រួលជាមួយរោងចក្រជាជំហានៗ។ ទីមួយ យើងធ្វើត្រឹមណា៎?
ទីពីរ យើងធ្វើត្រឹមណា៎? យើងមិនធ្វើក្តៅពេក។
ធ្វើឱ្យភាគីនីមួយៗមិនអាចទទួលយកបាន ស៊ីខាវដូ ក៏យល់អ៊ីចឹងដែរ។
យើងខិតខំឱ្យភាគីទាំងអស់យោគយល់គ្នាជាការល្អ»។
លោកបន្ថែមថា ការធ្វើកូដកម្មរបស់កម្មករបន្តទៀតនោះ គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែគប្បីត្រូវធ្វើឡើងដោយស្របច្បាប់។
យ៉ាងណាក៏ដោយ
កម្មករទាំងអស់នាំគ្នារំសាយកូដកម្មរបស់ខ្លួននៅម៉ោងប្រមាណជា
២រសៀល ហើយទាំងតំណាង រួមនឹងកម្មករ
គ្រោងនឹងធ្វើកូដកម្មបន្តទៀតនៅថ្ងៃបន្តបន្ទាប់៕
ប្រភពពី វិទ្យុអាស៊ីសេរី