វាយធ្វើទារុណកម្ម និងបង្អត់បាយក្មួយស្រី អាជ្ញាធរបានត្រឹមតែ ហៅមកសាកសួរ
ក្មេងស្រីរងគ្រោះ ដែលត្រូវម្តាយមីងវាយធ្វើបាបមានឈ្មោះ ស្រី ដា អាយុ៦ឆ្នាំ មានស្រុកកំណើត នៅ ខេត្តសៀមរាប ។ ដោយឡែកម្តាយមីង ដែលវាយធ្វើបាបក្មួយស្រីនោះមានឈ្មោះ តាំង ហ្គិចសាង អាយុ ៤៥ឆ្នាំ រស់នៅឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះស្ត្រីនេះ បាន ប្រាប់ថា ក្មេងស្រីត្រូវបានម្តាយមីង វាយធ្វើបាបសឹងរាល់ថ្ងៃទៅហើយ ពេលខ្លះវាយនឹងខ្សែភ្លើង ពេល ខ្លះយករំពាត់ធំមកវាយធ្វើបាបយ៉ាងខ្លាំង ហើយមិនឲ្យបាយហូបទៀតផង ការប្រើហិង្សាបែបនេះ ធ្វើឲ្យ អ្នកស្រុកដែលរស់នៅក្បែរនោះ អាណិតក្មេងស្រីនោះយ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានរាយការណ៍ទៅសមត្ថកិច្ច ។ នៅថ្ងៃទី៧ ខែកញ្ញា ស្ត្រីជាម្តាយមីងបានវាយក្មេងស្រីយ៉ាងខ្លាំង រហូតដល់ក្មេងស្រីរងគ្រោះ រត់ចេញ ពីផ្ទះចំនួន២ដងទៅសុំផ្ទះអ្នកស្រុកស្នាក់នៅ ដើម្បីគេចពីការធ្វើបាប របស់ស្ត្រីជាម្តាយមីងរបស់ខ្លួន ។ ដោយមើលឃើញពីការធ្វើទារុណកម្ម របស់ស្ត្រីម្តាយមីងមកលើក្មេងស្រីកាន់តែខ្លាំងឡើងៗ អ្នកស្រុក ក៏បានឲ្យក្មេងស្រីស្នាក់នៅ ប្តឹងទៅអាជ្ញាធរឲ្យជួយអន្តរាគមន៍តែម្តង ។
ស្ត្រីឈ្មោះ តាំង ហ្គិចសាង នៅចំពោះមុខ អាជ្ញាធរស្រុកបានប្រាប់ថា ខ្លួនពិតជាបានវាយធ្វើបាប ក្មួយ ស្រីរបស់ខ្លួនពិតប្រាកដមែន រូបគាត់តែងតែវាយធ្វើបាបសឹងតែរាល់ថ្ងៃទៅហើយ ដោយសារតែគាត់ខឹង នឹងក្មួយស្រី តែងតែលួចរបស់របរអីវ៉ាន់នៅក្នុងផ្ទះ ។ ក្មួយស្រីរបស់គាត់ យកមកពីខេត្តសៀមរាប កាល ពីខែកក្កដា ឆ្នាំ២០១៣ ខណៈដែលឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះ ទៅធ្វើការនៅស្រុកថៃអស់ ។ ស្ត្រីរូបនេះបានប្រាប់ទៀតថា គាត់មិនដឹងថា ការវាយធ្វើបាបក្មួយស្រីរបស់ខ្លួននេះ វាខុសទៅនឹងច្បាប់ នោះទេ ។ ក្រោយពីធ្វើការសាកសួរហើយស្ត្រីរូបនេះ ត្រូវបានអាជ្ញាធរស្រុក ដោះលែងឲ្យមានសេរី ភាពវិញ មិនមានការឃាត់ខ្លួនទេ ។ អាជ្ញាធរស្រុកបានប្រាប់ថា ករណីនេះជាករណីព្រហ្មទណ្ឌ នឹង ប្រគល់តួនាទីនេះ ទៅសមត្ថកិច្ចជាអ្នកអនុវត្តបន្ត ។ នៅចំពោះមុខអាជ្ញាធរស្រុក ក្មេងស្រីរងគ្រោះបាន ប្រាប់ថា ខ្លួននឹងឈប់រស់នៅជាមួយម្តាយមីងរបស់ខ្លួនទៀតហើយ ព្រោះការរស់នៅជាមួយម្តាយមីង មានតែការវាយធ្វើបាបនាងមិនដែលលោះថ្ងៃណានោះទេ ធ្វើឲ្យនាងបាក់ស្លុតស្មារតី និងរៀនមិនបាន ដិតដល់នោះទេ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់បានឃាត់ខ្លួនស្ត្រីរូបនោះនៅឡើយទេ ដោយគ្រាន់តែធ្វើការសាកសួរហើយដោះលែងទៅវិញ ។
អ្នកភូមិដែលបានដឹងពីករណីប្រើអំពីហិង្សា ពីសំណាក់ម្តាយមីងមកលើក្មួយស្រីយ៉ាងសាហាវព្រៃផ្សៃ បែបនេះ រង់ចាំមើលថា តើសមត្ថកិច្ចនឹងដោះស្រាយបែបណា ឬដោះលែងឲ្យរួចខ្លួន ដើម្បីជាគំរូដ៏ អាក្រក់សម្រាប់អ្នកដទៃទៀត ឬយ៉ាងណា ៕
_____________________
ផ្តល់សិទ្ធិដោយ៖ DAP-NEWS