តុលាការ​ផ្តន្ទាទោស​ ស្ដ្រី​ប្រធាន​សន្តិសុខ​ នៅ​ពេទ្យរុស្ស៊ី​ដាក់គុក​២​ឆ្នាំ

9/30/2014 0 Comments A+ a-


រាជធានី ​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​​២០១៤​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក នូ វាសនា បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​​ស្ត្រី​ឈ្មោះ កើត ផល្លី ប្រធាន​សន្តិសុខ​ឯកជន ប្រចាំការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ដាក់ពន្ធនាគារ​២​ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​៣​ខែ​ប៉ុណ្ណោះក្រោម ​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពាក់ព័ន្ធ​ការយក​វិទ្យុទាក់ទង​វាយ​ក្បាល​បុរស​ម្នាក់ ជា​អ្នកសារព័ត៌មាន បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោគ​ខ្លួន​។
គួរ​រំលឹក​ថា​ ស្ត្រី​ឈ្មោះ កើត ផល្លី ប្រធាន​សន្តិសុខ​ឯកជន ប្រចាំការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃសនាំ​ខ្លួន​ចូលរួម​ការ​ ប្រកាស​សាលក្រម​ក្រោម​បទចោទប្រកាន់​ទាក់ទង​នឹង​ការ​​បង្ក​របួសស្នាម ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ កាលពី​ខែកក្កដា។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤ អ្នកយក​ព័ត៌មាន​របស់​ហង្សមាស មានឈ្មោះ ឡេង វ៉ាន់​សុធា ជា​បុគ្គលិក​យក​ព័ត៌មាន​ផ្នែក​សន្តិសុខ​ពេលយប់ ពេល​ដែល​ជនរងគ្រោះ ចុះ​ទៅ​ថត​រូបភាព និង​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់ ដែល​មាន​កូន​ឈឺ​ស្លាប់ ហើយ​ត្រូវការ​យក​រថយន្ត មក​ដឹក​សាកសព​ចេញ​ពី​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។ពេល​ចុះ​យក​ព័ត៌មាន​ខាងលើ​នេះ អ្នកកាសែត​ទូរទស្សន៍​ហង្ស​មាស និង​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់​ទៀត ស្រាប់តែ​ស្ត្រី​ម្នាក់ ជា​ប្រធាន​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន ហ្គារូ​ដា បាន​ហាមឃាត់ និង​រារាំង មិនឲ្យ​អ្នកសារព័ត៌មាន ថត​យក​រូបភាព​នោះ​ទេ​។ ដោយសារ​តែ​ការរារាំង មិន​ឲ្យ​ថត​យក​រូបភាព ក៏​កើត​ជា​ជម្លោះ ស្រាប់តែ​ស្ត្រី​ជើង​ខ្លាំង​ខាងលើ បាន​នាំ​កូនប្រុស​របស់​ខ្លួន និង​កូនចៅ​ផ្សេងទៀត ព្រួត​គ្នា​វាយ​ជនរងគ្រោះ ដោយ​យក​វិទ្យុទាក់ទង​វាយ​ក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​។​
ក្រោយពេល​កើតហេតុ ភាគី​បង្ក បាន​នាំ​ខ្លួន​ជនរងគ្រោះ ទៅ​ឃុំ​នៅក្នុង​បន្ទប់​របស់​គេ ឲ្យមាន​ការភ្ញាក់ផ្អើល ទើប​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​អ្នកបង្ក យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល។​
ក្នុង​រឿងហេតុ​នោះ ស្ត្រី​ប្រធាន​សន្តិសុខ បាន​ស្នើសុំ​បញ្ចប់​បញ្ហា ដោយ​បង់​ជំងឺ​ចិត្ត ៣០០០ ដុល្លារ​។ ប៉ុន្តែ​អ្នកកាសែត​ទូរទស្សន៍​ហង្ស​មាស និង​អ្នកកាសែត​ម្នាក់​ទៀត ដែល​រង​ការវាយដំ និង​ការចាប់​បង្ខាំង មិន​ព្រម​ដក​ពាក្យបណ្តឹង​ឡើយ​៕​
 តុលាការ​ផ្តន្ទាទោស​ស្ដ្រី​ប្រធាន​សន្តិសុខ​នៅ​ពេទ្យរុស្ស៊ី​ដាក់គុក​២​ឆ្នាំតុលាការ​ផ្តន្ទាទោស​ស្ដ្រី​ប្រធាន​សន្តិសុខ​នៅ​ពេទ្យរុស្ស៊ី​ដាក់គុក​២​ឆ្នាំជនរងគ្រោះ     ជនរងគ្រោះ
ប្រភពពី Free Press Magazine