ស្រ្តីជិះកង់ឆ្លងថ្នល់ ម្នាក់ត្រូវរថយន្ត បុកពីក្រោយ បណ្តាលឲ្យស្លាប់
លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឬស្សីបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលបានស្លាប់ មាន ឈ្មោះ តឹក លឹម អាយុ៥៧ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ។ ចំណែកអ្នកបើកបរ រថយន្ត បង្កមានឈ្មោះ អ៊ីវ សុផានី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បេឡា ធនាគារប្រាសាក់ ប្រចាំស្រុកគាស់ ក្រឡមានទីលំនៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឬស្សី ជិះរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2I-6615។
តាមសំដីអ្នកឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ មានស្ត្រីចំណាស់ម្នាក់ ជិះកង់ចេញពីផ្ទះ ពេលមកដល់ចំណុចកើតហេតុ ក៏បានឆ្លងថ្នល់ជាតិ មិនបានមើលក្រោយ ។ ស្របពេលនោះមានរថយន្តកាមរី១គ្រឿង បើកបរយ៉ាងលឿន មកពីទិសខាង កើតមកលិច ហើយបានបុកអ្នកជិះកង់មួយទំហឹង ប៉ើងមនុស្សធ្លាយកញ្ចក់រថយន្តខាងមុខ ចូលទៅក្នុង រថយន្តជិតអ្នកបើករថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ រថយន្ត និងអ្នកបើកបរ ត្រូវបានប្រជា ពលរដ្ឋ និងសមត្ថកិច្ចឃាត់បានភ្លាមៗ នាំទៅអធិការស្រុកសាកសួរ ។ ចំណែកសពជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះមធ្យោបាយទាំងពីរគ្រឿង និងអ្នកបើកបររថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ខេត្ត អូសយក មករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕