រឿងអាស្រូវ មន្ត្រីសូរិយោដី ខេត្តកំពង់ឆ្នាំង ធ្លាយចេញ ជាបន្តបន្ទាប់

9/26/2014 0 Comments A+ a-

kampong chhnongកំពង់ឆ្នាំង : ប្រភពពីមន្ត្រីក្រុមប្រឹក្សា ឃុំក្រាំងស្គារ បានបង្ហើបឲ្យដឹងថា ដីនៅក្នុងតំបន់ភូមិសាស្ត្រ ភូមិ ដំណាក់អំពិល មិនមានគោលការណ៍វាស់វែង ប៉ុន្តែត្រូវក្រុមអ្នកគួកជេដី អូសដៃមន្ត្រីជំនាញ ចុះវាស់វែង ដោយថ្នូរនឹងទឹកប្រាក់មួយក្បាលដីតម្លៃ ១០០ដូល្លារ ទៅ២០០ដូល្លារ ខណ:មន្ត្រីក្រុមប្រឹក្សាឃុំ សួរនាំ មន្ត្រីជំនាញសូរិយោដីឆ្លើយថា មិនអីទេ បញ្ហាទាំងនេះ វាស្ថិតនៅលើខាងខ្ញុំ ។ ប្រជាពលរដ្ឋ នៅតាម បណ្ដាភូមិនានាក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ជាទម្លាប់កន្លងមក ត្រូវចំណាយលុយពី ២០ម៉ឺនទៅ ៤០ម៉ឺនរៀល ជូនដល់មន្ត្រីសូរិយោដី ដើម្បីជាថ្នូរចុះវាស់វែងដីឲ្យបានលឿន ។
ប្រជាពលរដ្ឋឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងជាច្រើនរយនាក់ ត្រៀមផ្ទុះការតវ៉ា ប្រឆាំងមន្ត្រី សុរិយោដីខេត្តកំពង់ឆ្នាំងមិនខានឡើយ ប្រសិនបើគ្មានការសម្របសម្រួល និងបើកការស៊ើបអង្កេតឲ្យ ស៊ីជម្រៅនោះ ។ រឿងអាស្រូវខាងលើបានបែកធ្លាយ ក្រោយពីមន្ត្រីជំនាញ និងអាជ្ញារធរស្រុក និងខេត្ត កំពង់ឆ្នាំង រៀបចំចែកប័ណ្ណកម្មសិទ្ធដីធ្លីស្របប្បាប់ ជូនដល់ប្រជាពលរដ្ឋចំនួន ២១៧៧ក្បាល ប័ណ្ណដី ភូមិដំណាក់ថ្លុង និងភូមិដំណាក់អំពិល ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ បានធ្វើឡើងនៅបរិវេណវត្តក្តុល ស្ថិតក្នុងភូមិក្ដុល ឃុំគ្រាំងស្គារ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនដល់ពលរដ្ឋខាងលើនេះ គឺចែកជូនតែចំនួន ២០០ក្បាលប័ណ្ណតែប៉ុណ្ណោះ ដោយឡែកអ្នកដែលមិនទាន់បានទទួលប័ណ្ណដី នៅពេលនេះ និងលើក ចែកជូនបន្តនៅក្រោយរដូវបុណ្យភ្ជុំបិណ្ឌរួច ។ មន្ត្រីជំនាញសូរិយោដីបន្តថា ដោយសារតែឯកសារដីធ្លី របស់ប្រជាពលរដ្ឋមួយចំនួន មិនទាន់បានផ្តិតមេដៃ និងមួយចំនួនទៀត មិនទាន់បានបញ្ជាក់ ពីអ្នកដែល មានព្រំដីជាប់គ្នាដូចនេះ ត្រូវឲ្យពួកគាត់ធ្វើការបំពេញក្នុងឯកសារឲ្យបានត្រឹមត្រូវជាមុនសិន ដូចនេះ ហើយ ទើបមិនអាចចែកជូនប័ណ្ណកម្មសិទ្ធ ដល់ពលរដ្ឋទាំងអស់ឲ្យបានលឿននោះឡើយ ។
ពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធនេះផងដែរ ប្រជាពលរដ្ឋបានធ្វើរការរិះគន់ ទៅលើមន្ត្រីសុរិយោដីថា ធ្វើឲ្យពួកគាត់បាត់បង់ពេលវេលា និងថវិកាដែលពួកគាត់បានចំណាយពេលវេលា ដើម្បីមកទទួលយក ប័ណ្ណកម្មសិទ្ធដីធ្លីនេះ តែត្រូវធ្វើការរង់ចាំចែកបន្តនៅថ្ងៃក្រោយទៅវិញ ។ ប្រជាពលរដ្ឋដែលសុំមិន បញ្ចេញឈ្មោះបានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ មានភាពមិនប្រក្រតីព្រោះថា នៅល្ងាច ថ្ងៃទី១៩ ខែកញ្ញា មុនមួយថ្ងៃ ពិធីចែកប័ណ្ណមានឈ្មួញដីដើរគួកជេ ដោយចំណាយប្រាក់ឲ្យមន្ត្រីជំនាញ មន្ត្រីសូរិយោដីក្នុងមួយក្បាលដី១០០ដុល្លារ ដើម្បីជាថ្នូរក្នុងការចេញប័ណ្ណកម្មសិទ្ធមុនគេ ទៅលើឈ្មោះ ដែលប្រជាពលរដ្ឋលក់ដី និងដីផ្ទាល់ខ្លួន ឬបក្ខពួក ។ ក្នុងខណ:ដែលកំពុងចែកប័ណ្ណកម្មសិទ្ធ ជូនដល់ ពលរដ្ឋនៅឃុំក្រាំងស្គារនោះផងដែរ គេបានសង្កេតឃើញមានក្រុមឈ្មួញដី ចាំទទួលយកប្លង់ដី ពី ប្រជាពលរដ្ឋ ។
ប្រភពបន្តថា ប្រជាពលរដ្ឋមួយចំនួន គ្រាន់តែជាអ្នកឈរឈ្មោះ អង្គុយចាំយកប័ណ្ណដីឲ្យឈ្មួញ និងមន្ត្រី ជំនាញផងដែរ ។ ប្រជាពលរដ្ឋបានខ្សឹបប្រាប់ឲ្យដឹងថា ជាពលរដ្ឋមួយចំនួនទៀត មិនមានទីលំនៅក្នុង ភូមិទាំងពីនោះទេ ប៉ុន្តែពួកគាត់បែរជាបានទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់ដូចពួកគាត់ដែរ ការរៀបចំ របស់មន្ត្រីសុរិយោដីស្រុកទឹកផុស មន្ត្រីសុរិយោដីខេត្ត ដោយបានឃុបឃិតគ្នាជាមួយក្រុមឈ្មួញទិញដី រៀបចំឯកសារក្លែងបន្លំទីលំនៅ របស់ពួកគេ ដើម្បីទទួលបានប្លង់ដីធ្លីនៅតំបន់នោះដោយស្របច្បាប់ និងប្រមូលលក់យកលុយចែកគ្នា ដាក់ហោប៉ៅធ្វើជាអ្នកមាន អ្នកខ្លះទិញរថយន្ត និងអ្នកខ្លះទៀត ទិញ ម៉ូតូស៊េរីថ្មីជិះបង្អួតស្រីក្មេងៗពេញស្រុក និងចូលច្រៀងខារ៉ាអូខេសប្បាយផ្ដាំចាស់ ។ ប្រជាពលរដ្ឋ មួយចំនួន បានត្រឹមតែកាន់ប័ណ្ណឲ្យគេហើយ ទទួលបាននូវថវិកាប្រហែល ១០០ដុល្លារ ពីក្រុមឈ្មួញ ដី ឬពីមន្ត្រីជំនាញតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរិះគន់ ដោយនិយាយថា ដំបូងឡើយមន្ត្រីសូរិយោដីខេត្ត លោក កុយ សារ៉ន ដែលចុះទៅ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅតំបន់នោះ គេគិតថា ជាមន្ត្រីពុករលួយព្រោះថា ពួកគេបានឃុបឃិត គ្នាដោយយកឈ្មោះប្រជាពលរដ្ឋ មកកាន់ប័ណ្ណកម្មសិទ្ធិដីធ្លីជំនួសពួកគេ រួចប្រមូលដីលក់យកលុយ ចែកគ្នា ដូចសម័យមន្ត្រីសូរិយោដីខេត្តកំពង់ឆ្នាំង លោក ប៉ិល ចន្ថា ដែលបច្ចុប្បន្នកំពុងរងការរិះគន់ ពី សំណាក់ប្រជាពលរដ្ឋ ក្នុងឃុំក្រាំងស្គារយ៉ាងខ្លាំង ។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់នាំគ្នាផ្ទុះការតវ៉ា នៅថ្ងៃខាងមុខជាមិនខាន ពីព្រោះថា មន្ត្រីសូរិយោដីជាជំនាញចង់លុប ឬចង់គូរជាកំហុស របស់ជំនាញ ចុះវាស់ដីជាន់គ្នារឿងធំប៉ុនក្រឡឡើងធំប៉ុនពាង និងប៉ុនមហាសមុទ្រ ។
គួររំលឹកថា នៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនដល់ពលរដ្ឋខាងលើ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត នឹងជាតំណាងដ៏ខ្ពង់ខ្ពស់រ បស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចន្ទឌឿន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ មិនមានតម្រូវវឲ្យប្រជាពលរដ្ឋ បង់ លុយនោះឡើយ ហើយក៏មិនឲ្យមានការសូកប៉ាន់ទៅមន្ត្រីណាម្នាក់ ដើម្បីចេញប័ណ្ណឲ្យបានលឿននោះ ដែរ គឺចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនស្មើគ្នា ។ ទន្ទឹមនោះផងដែរ លោកស្រីប្រធានក្រុមប្រឹក្សាខេត្តរូប នេះ បានបញ្ជាក់ថែមទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់នូវនិន្នាការនយោបាយឡើយ៕
____________________
ផ្តល់សិទ្ទិដោយ៖dap-news