នាយ ក្រូច និង ស្រីអ៊ីត ជាប់បម្រាម តា វ៉ិចទ័រ
ដោយសារជាប់បម្រាមរបស់តា វ៉ិចទ័រ ធ្វើឲ្យតារាកំប្លែងនាយ ក្រូច និង ប្អូនស្រីមិនអាចចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកបាននៅឡើយក្នុងដំណាក់កាលនេះ ទោះបីជាមានការអញ្ជើញយ៉ាងណាក្ដី។
តាមរយៈSabay នៅព្រឹកមិញ ប្រធានគ្រប់គ្រងខាងលើបានប្រាប់ថា ការសម្រេចចិត្តបែបនេះ ដោយសារលោកមានផែនការធំមួយសម្រាប់ដើមឆ្នាំ ២០១៥ ខាងមុខ។ នោះជាយុទ្ធនាការស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាម្ដងទៀត ដែលតម្រូវឲ្យមានការចូលរួមពីសមាជិកក្រុមកំប្លែងទាំងអស់ ចាត់ទុកថា ជាវិភាគទានដើម្បីប្រយោជន៍សង្គម និងកុមារកម្ពុជា។
ក្នុងនាមជាមេកោយម្នាក់ តាវ៉ិចទ័រ បានសម្ដែងការសោកស្ដាយចំពោះផលប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន នៃសមាជិកក្រុមរបស់ខ្លួន ព្រោះមិនងាយមានឱកាសដូច្នេះទេ។ ប៉ុន្តែលោកអះអាងថា បានចេញមុខសុំការយោគយល់ពីភាគីអ្នកឧបត្ថម្ភក្នុងដំណើរសម្ដែងនោះរួចហើយ ហើយពូកគេនៅតែបន្តធានាឲ្យនាយ ក្រូច និង ប្អូនស្រី បានទៅសម្ដែងលើទឹកដីមហាអំណាចសេដ្ឋកិច្ច និង យោធាខាងលើម្ដងទៀត បន្ទាប់ពីបញ្ចប់បេសកកម្ម។
ម្យ៉ាងទៀត លោក សុវណ្ណរិទ្ធី បានឲ្យដឹងដែរថា យុទ្ធនាការរៃអង្គាសលើកនេះ ធ្វើឡើងនៅក្រៅប្រទេសដូចគ្នាដែរ ស្របតាមការស្នើសុំរបស់ពលរដ្ឋខ្មែរនៅបរទេស។ លោកកំពុងទាក់ទងទៅសប្បុរសជននៅសហរដ្ឋអាមេរិក និង អូស្ត្រាលី ដើម្បីស្វែងរកការគាំទ្រ។ តាមគម្រោង ក្រុមកំប្លែង CTN នឹងចេញដំណើរតាមជើងយន្តហោះទៅសម្ដែងរយៈពេល ៤ សប្ដាហ៍ ក្នុងសុទិដ្ឋិនិយមថា អាចនាំថវិកាជាច្រើនមកកាន់គន្ធបុប្ផា ដែលកំពុងប្រកាសរកជំនួយជាប្រចាំ។
នាង អ៊ីត បានប្រាប់ Sabay នៅព្រឹកនេះដែរថា នាងមិនមានការអន់ចិត្តអ្វីទេ ព្រោះគ្រប់យ៉ាងស្ថិតក្រោមការចាត់ចែងពីថ្នាក់លើ។ ប៉ុន្តែនាងបែរជាសប្បាយចិត្តទៅវិញ ព្រោះជាដំណើរទៅសម្ដែងក្រៅប្រទេសដូចគ្នា ថែមទាំងបានជួយសង្គមទៀតផង។ ចំណែកការសម្ដែងជាលក្ខណៈឯកជនរបស់ពូកគេទាំងពីរនាក់បងប្អូន អាចពន្យារទៅពេលក្រោយទៀតក៏បាន។
អានអត្ថបទ៖ ទេព បូព្រឹក្ស ម្រាម១ពាក់ចិញ្ចៀន១០វង់
នេះជាលើកទី ២ ហើយ ដែលលោក សុវណ្ណរិទ្ធី ដឹកនាំក្រុមការងារ “សំណើចតាមភូមិ” ធ្វើយុទ្ធនាការសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ខណៈយុទ្ធនាការដើមឆ្នាំ២០១៤ទទួលបានជោគជ័យ និង មានថវិកាប្រមាណ ២៤ ម៉ឺន ដុល្លារ ប្រគល់ដល់ខាងមន្ទីរពេទ្យ។ ផលិតករកម្មវិធីកម្សាន្តរបស់ CTN រំលឹកថា សមាជិកក្រុមកំប្លែងទាំងអស់មានការសប្បាយរីករាយគ្រប់គ្នា ទោះបីជាត្រូវចំណាយកម្លាំងនៅពេលថ្ងៃដើម្បីដើររៃអង្គាសថវិកាលើចម្ងាយផ្លូវរាប់គីឡូម៉ែត្រ ហើយត្រូវសម្ដែងកម្មវិធីនៅពេលយប់យ៉ាងណាក្ដី៕
អត្ថបទ៖ សំ ជំនាញ