នាយករដ្ឋមន្រ្តី ប្រកាស​ដំឡើង​ ប្រាក់ខែ​គ្រូបង្រៀន និងពេទ្យ

9/25/2014 0 Comments A+ a-

teacher and doctorភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ជូន
គ្រូបង្រៀន និងគ្រូពេទ្យរដ្ឋ ដែលមានចំនួន ៧០ភាគរយ នៃមន្រ្តីរាជការស៊ីវិល ចាប់ពីខែតុលា ឆ្នាំ២០១៤ នេះតទៅហើយ។ ការថ្លែងបែបនេះ គឺក្នុងគ្រាដែលសម្តេចអញ្ជើញចូលរួម ចែកសញ្ញាបត្រដល់និសិ្សត នៅសាកលវិទ្យាល័យមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៤។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គ្រូបានឡើងរួចហើយចាប់ពីខែ៩ ចំណែកពេទ្យ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែ១០ទៅ ដោយប្រាក់ខែបច្ចុប្បន្នចាប់ពី ៤៤ម៉ឺនរៀល ក្នុងមួយខែ ទៅ៥៥ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកប្រាក់ខែទាបបំផុត»។
សម្តេចបន្តថា បើយោងតាមលើការរៀបចំនេះ អ្នកធ្វើការតាមការិយាល័យ (ពេទ្យ) ទាបបំផុត មានចំនួន ៤២៦នាក់ ទទួលបានប្រាក់ខែ ៤២៤.០០០រៀល នឹងឡើងទៅដល់ ៥០៥.០០០រៀល ចាប់ពីខែ១០ ដល់ខែ១២ ហើយដល់ត្រីមាសទីមួយ ឆ្នាំ២០១៥ គឺឡើងតិចណាស់ ព្រោះដល់តំណាក់កាលធ្វើ សមាហរណកម្មក្របខណ្ឌ គឺដល់ ៥០៧.៨០០រៀល និងទៅដល់ខែ៤ ឆ្នាំ២០១៥ គឺ ៥៤២.៨០០រៀល។
ដោយឡែកសម្រាប់ពេទ្យវិញ ឆ្មបកម្រិតបឋម មានចំនួន ១.៩៥៧នាក់ ប្រាក់បៀវត្សមានចំនួន ៤៤ម៉ឺនរៀល នឹងឡើងដល់ ៥៥ម៉ឺនរៀល នៅខែ១០ខាងមុខ ហើយចាប់ពីខែ១ ដល់ខែ៤ ឡើងដល់ ៥៦៦.៧២០រៀល នឹងឡើងដល់ ៦៤៦.៧២០រៀល ចំណែកអ្នកខ្ពស់បំផុត មាន ១.៦១១.១០០រៀល ឡើងដល់ ១.៦៥៦.០០០រៀល ហើយនៅរក្សាអត្រានេះរហូត។
ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវសម្រាប់មន្រ្តីរាជការ មានប្រាក់ខែច្រើនកុំទាន់អាលឡើង ប្រសិនបើឡើងគឺឡើងតិចតួច។ នៅខែមករា ឆ្នាំ២០១៥ ណើតប្រព័ន្ធបៀរវត្ស នឹងត្រូវចាប់ផ្តើមដោយប្រាក់បៀរវត្ស មន្រ្តីរាជការទំាងអស់ នឹងត្រូវឡើងជាពិសេសខ្ពស់ជាងគេនោះ គឺគ្រូបង្រៀន និងពេទ្យ ដែលនឹងធ្វើឲ្យភាគរយនៃអត្រាថវិកាក្នុងវិស័យអប់រំ និងសុខាភិបាលមានការកើនឡើង។
សូមបញ្ជាក់ផងដែរថា ក្របខណ្ឌមន្រ្តីរាជការចំនួន ១៨ម៉ឺននាក់ ក្នុងនោះគ្រូ និងពេទ្យ គឺមាន ១៣ម៉ឺននាក់ ស្មើនឹង ៧០ភាគរយនៃមន្រ្តីរាជការស៊ីលវិល (គ្រូមានជាង ១១ម៉ឺននាក់ និងពេទ្យ ១៩៦២៣នាក់»៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news