Apple ច្រានចោល ព័ត៌មានបែកធ្លាយ រូបអាក្រាតកាយតារា ល្បីអាមេរិក តាមរយៈ iCloud
នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ថ្មី ដែលត្រូវបានគេរំពឹងថា ជា iPhone 6 ប៉ុន្តែនៅសប្ដាហ៍មុន ក្រុមហ៊ុនមួយនេះត្រូវបាន រងនូវរឿងអាស្រូវ បន្ទាប់ពីបែកធ្លាយនូវ រូបភាពអាក្រាតកាយ របស់តារាល្បីៗ អាមេរិកជាច្រើនដួង។
នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើការបដិសេធថា ប្រព័ន្ធគ្រប់គ្រងអនឡាញរបស់ខ្លួន មិនត្រូវបាន Hacker ទម្លាយ ឬជ្រៀតចូលបាននោះទេ ហើយការបែកធ្លាយ នូវរូបភាពឯកជននេះ មិនមែនបែកធ្លាយ ដោយសារតែសេវាកម្ម iCloud នោះទេ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា iCloud ជាសេវាកម្មមួយដែល មានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត ហើយក្រុមហ៊ុនក៏មិនជឿថា ការបែកធ្លាយនូវ រូបភាពឯកជនរបស់ តារាល្បីៗទាំងនោះ ដោយសារតែសេវាកម្មនេះឡើយ។
ថ្លែងនៅក្នុងសេចក្ដីប្រកាស ជាសាធារណៈមួយបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការស៊ើបអង្កេត ដោយបានសហការជាមួយនឹង FBI ដើម្បីស្វែងរកការពិត។
រូបភាពអាក្រាតកាយរបស់តារាសម្ដែង និងចម្រៀងជាច្រើនដួង ត្រូវបានបែកធ្លាយ តាមរយៈបណ្ដាញសង្គម Twitter ហើយអ្នកដែលបង្ហោះ រូបភាពទាំងនោះ បានប្រើពាក្យមួយឃ្លាថា “Thank you iCloud” ទើបធ្វើឲ្យ Apple ជាប់ពាក់ព័ន្ធនឹងរឿងខាងលើនេះ៕
ផ្តល់សិទ្ទិដោយ៖looking today