ក្រុមដានីញ៉ែល របស់កម្ពុជា ឈរលើគេក្នុងពាន Tiger Street Football 2014 នៅម៉ុងហ្គោលី
ក្រុមបាល់ទាត់ក្នុងសាលរបស់កម្ពុជា ដានីញ៉ែល បន្តឈរលើគេក្នុងវគ្គជម្រុះពានរង្វាន់ Tiger Street Football
ដែលរៀបចំនៅឯប្រទេសម៉ុងហ្គោលី កាលពីរសៀលថ្ងៃទី ២៩ សីហា
ម្សិលមិញក្រោយប្រកួត ៣ លើកឈ្នះ ១ ស្មើ ១ និង ចាញ់ ១ មាន ១៣ ពិន្ទុ
ខណៈការប្រកួតជម្រុះនៅកម្ពុជា កន្លងទៅក្រុមមួយនេះក៏ឈរលើគេដែរ
បន្ទាប់ពីប្រកួត ៣ លើកឈ្នះទាំង ៣។
ក្រុម ដានីញ៉ែល ថតរូបជាមួយនឹងកីឡាករ Deco
តាម
ការឱ្យដឹងពីលោក គល់ ភិរម្យ អ្នកដឹកនាំក្រុមដានីញ៉ែល
បានប្រាប់មកពីទីក្រុង Ulaanbaatar ថា លទ្ធផលច្បាស់ការពេលនេះគឺ
ក្រុមដានីញ៉ែល របស់កម្ពុជា និង ក្រុម DAT VINH TIEN របស់វៀតណាម
កក់កៅអីឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្រ
ដែលរៀបចំនៅប្រទេសសិង្ហបុរីរួចរាល់ហើយ ខណៈក្រុម ២
ផ្សេងទៀតនៅមិនទាន់អាចកំណត់បាននោះទេព្រោះក្រុម ៣
មានពិន្ទុប្រដេញប្រដោលគ្នាពោលគឺ អាណាចក្របៃតង របស់កម្ពុជា មាន ១០
ពិន្ទុ, Blue Wolves របស់ម៉ុងហ្គោលមាន ៩ ពិន្ទុ និងក្រុម Touch N Go
របស់សិង្ហបុរី មាន ៨ ពិន្ទុ។
គ្រប់ក្រុមទាំងអស់ត្រូវប្រកួត
គ្នា ១ ប្រកួតទៀតនៅសិង្ហបុរី ដើម្បីសរុបពិន្ទុឱ្យច្បាស់ថា ២
ក្រុមណាខ្លាំងជាងគេដែលមានឱកាសឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ។អ្វី ដែលគួរឱ្យកត់សម្គាល់គឺក្រុមអាណាចក្របៃតង របស់កម្ពុជា ធ្វើបានល្អមិនគួរឱ្យជឿ ពោលគឺ កាលប្រកួតនៅជុំភ្នំពេញ រកបានតែ ១ ពិន្ទុ ប៉ុណ្ណោះ តែពេលប្រកួតនៅម៉ុងហ្គោលី ម្សិលមិញចំនួន ៣ លើកឈ្នះទាំង៣ លើក។
ជុំជម្រុះនៅប្រទេសម៉ុងហ្គោលី នេះដែរ កីឡាករអ្នកចាំទី ពិន ចាន់ឧត្តម របស់ក្រុមដានីញ៉ែល និង កីឡាករម្នាក់មកពីក្រុម Blue Wolves ត្រូវបានអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់ Deco ជ្រើសរើសឱ្យចូលលេងក្នុងក្រុម Deco’s Star Selection ដែលនឹងត្រូវប្រកួតមិត្តភាពនៅប្រទេសសិង្ហបុរី ខាងមុខ។
ពាន រង្វាន់ Tiger Street Football 2014 មានក្រុមចូលរួមចំនួន ៨ ត្រូវប្រកួតជម្រុះចំនួន ៣ តង់គឺនៅកម្ពុជាចំនួន ៣ ប្រកួត នៅម៉ុងហ្គោលី ចំនួន ៣ ប្រកួត និង នៅសិង្ហបុរី ចំនួន ១ ប្រកួត។ ក្រុមខ្លាំងចំនួន ៤ នឹងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី ៦ កញ្ញា ខាងមុខ។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤ ម៉ឺនដុល្លារ៕
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ ផ្ដល់ឱ្យ