អគ្គនាយករង រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​ធ្ងន់​ស្រាល​ទាំង​គ្រួសារ​

8/25/2014 0 Comments A+ a-

di-sonphan-CEN_25_8_14-(1)​កណ្តាល: អគ្គនាយករង រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំង​គ្រួសារ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្រឡាប់​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ទាំង​គ្រួសារ ចំនួន​៨​នាក់ ។ ហេតុការណ៍​ក្រឡាប់​ឡាន​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ១០​ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​
​ប៉ូលិស​ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់ ម៉ាក​តូយ៉ូតា ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6567 បើកបរ​ដោយ​ឈ្មោះ ឌី សុផាន ភេទ​ប្រុស ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​មូលដ្ឋាន  និង​ជា​ប្រធាន​នាយកដ្ឋាន កិច្ចការ​នយោបាយ ក្រសួងមហាផ្ទៃ មាន​ទីលំនៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​)​។ ចំណែក​អ្នករួមដំណើរ ៧ នាក់​ទៀត រងរបួស​ស្រាល ក្នុងនោះ​មាន​ប្រពន្ធ កូន និង​ឪពុក ម្តាយ និង​បងប្អូន របស់​ឈ្មោះ ឌី សុផាន​។
​បើតាម​សាក្សី ឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ បាន​បែក​កង់​មុខ​ខាងឆ្វេង  ក៏​រេ​ចង្កូត​ក្រឡាប់ ចូលទៅក្នុង​ទឹក​ខាងលិច​ផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល​ដល់​មនុស្ស​ដែល​ជិះ ក្នុង​រថយន្ត​ទាំង​៨​នាក់  ហើយ​សមត្ថកិច្ច បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រែក​ដំបង​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត ដែល​ក្រឡាប់ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V/S
​អគ្គនាយករង រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​ធ្ងន់​ស្រាល​ទាំង​គ្រួសារ​
សមត្ថកិច្ច​​ស្ទូច​រថយន្ត ដែល​ក្រឡាប់ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល
ប្រភពពី CEN